Paris Peace Accords 23 Oct. 1991

Tuesday, January 21, 2014

ពលរដ្ឋ​ នៅ​ព្រះវិហារ​ ចោទ​ក្រុមហ៊ុន​ ទ្រី​ភាព​ ថា​ ឈូស​បំផ្លាញ​ ព្រៃ​សហគមន៍

ពលរដ្ឋ​ នៅ​ព្រះវិហារ​ ចោទ​ក្រុមហ៊ុន​ ទ្រី​ភាព​ ថា​ ឈូស​បំផ្លាញ​ ព្រៃ​សហគមន៍

ក្រុម​ប្រជាពលរដ្ឋ​ មួយ​ចំនួន​ នៅ​ភូមិ​អូរពោធិ ឃុំ​រមណី ស្រុក​រវៀង កំពុង​ចោទ​ប្រកាន់​ ក្រុមហ៊ុន ទ្រី ភាព ថា​ បាន​ឈូស​ឆាយ​ពង្រីក​ផ្ទៃ​ដី​ សម្បទាន​ សេដ្ឋកិច្ច ធ្វើ​ឱ្យ​ ប៉ះពាល់​ ដល់​ ព្រៃ​សហគមន៍​ ដែល​នៅ​ជាប់​ព្រំប្រទល់​គ្នា។ អ្នក​ភូមិ​ អះអាង​ថា បើ​ទោះ​បី​ជា​ក្រុមហ៊ុន​ បាន​ឈូស​ឆាយ​ បំពាន​ ចូល​មក​ក្នុង​ដី​ព្រៃ​សហគមន៍​ ក៏ដោយ ក៏​អាជ្ញាធរ​ ឃុំ​រមណី និង​ស្រុក​រវៀង មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ អំពី​កង្វល់​ របស់​អ្នក​ភូមិ​ទេ។
ដោយ ហង្ស សាវយុត / វិទ្យុអាស៊ីសេរី | ២១ មករា ២០១៤ 
តំណាង​សហគមន៍​ព្រៃ​ឈើ​បឹង​ទន្លេ​ម្រេច នៅ​ភូមិ​អូរពោធិ មួយ​ចំនួន បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​រួម​ខេត្ត​ព្រះវិហារ កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​២០ ខែ​មករា ដើម្បី​ដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន ទ្រី ភាព ទៅ​តុលាការ​ពី​បទ​ឈូស​បំផ្លាញ​ព្រៃ​សហគមន៍​ជាច្រើន​ហិកតារ។
តំណាង​សហគមន៍​ទាំង​នោះ​កំពុង​ត្រូវ​ការ​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជួយ​ជ្រោមជ្រែង​ពួក​គេ ដើម្បី​ឱ្យ​អាច​តតាំង​គ្នា​ខាង​ផ្លូវ​ច្បាប់​ជាមួយ​នឹង​ក្រុមហ៊ុន ទ្រី ភាព បាន។
សមាជិក​សហគមន៍​ព្រៃ​ឈើ​បឹង​ទន្លេ​ម្រេច មួយ​រូប​ក្នុង​ចំណោម​ជាច្រើន​ទៀត គឺ​លោក ហួន គាណូ។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​២០ ខែ​មករា ថា លោក​បាន​ចូល​ទៅ​ប្រឹក្សា​យោបល់​ជាមួយ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ដើម្បី​ឈាន​ទៅ​ដល់​ការ​ដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន ទ្រី ភាព ទៅ​តុលាការ។ បុរស​ដដែល​បាន​ចោទ​ប្រកាន់​ថា កន្លង​ទៅ​ក្រុមហ៊ុន ទ្រី ភាព បាន​ព្យាយាម​កាន់​កាប់​ដី​របស់​សហគមន៍ ព្រម​ទាំង​ឈូស​បំផ្លាញ​ព្រៃ​ការពារ​ចំនួន​ប្រមាណ ១៥​ហិកតារ៖ «ខ្ញុំ​សង្ឃឹម​ថា​គេ​ដោះស្រាយ​ឱ្យ ព្រោះ​អី​ខាង​តុលាការ ពាក់ព័ន្ធ​រឿង​ខាង​ច្បាប់ បាន​ថា​មក​ដាក់​ប្ដឹង។ គេ​បំផ្លិច​បំផ្លាញ​ព្រៃ​សហគមន៍ ធ្វើ​ឱ្យ​ខូចខាត​ច្រើន​ណាស់។ គេ​ឈូស គេ​ធ្វើ​ជា​បង្គោល​របង ហើយ​គេ​ជីក​រណ្ដៅៗ​ប្រុង​បោះ​បង្គោល​ថែម​ទៀត​ទៅ ខ្ញុំ​ទៅ​ឃាត់ បើ​អត់​ឃាត់ គឺ​គាត់​ចេះ​តែ​ធ្វើ​បង្គោល​ទៅ​ទៀត»
ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ទ្រី ភាព ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។
ចំណែក​ប្រធាន​ស្ដីទី​នៃ​ក្រុម​ប្រឹក្សា​ឃុំ​រមណី លោក សូរ សៀ បាន​ទទួល​ស្គាល់​ថា កន្លង​ទៅ ក្រុមហ៊ុន ទ្រី ភាព ពិត​ជា​បាន​ឈូស​ឆាយ​ប៉ះ​ដី​របស់​សហគមន៍​ព្រៃ​ឈើ​ខ្លះ​មែន។ លោក សូរ សៀ បាន​មាន​ប្រសាសន៍​ទៀត​ថា អាជ្ញាធរ​ឃុំ​ធ្លាប់​បាន​សម្រប​សម្រួល ក៏ប៉ុន្តែ​លោក​មិន​បាន​ដឹង​ថា តំណាង​សហគមន៍​បាន​ប្ដឹង​រឿង​នោះ​ទៅ​តុលាការ​ទេ៖ «វា​មាន​ដី​ចាស់​ដី​ថ្មី​អី វា​ចូល​ខ្លះ នៅ​ម្ដុំ​អូរពោធិ ហ្នឹង មាន​ការ​ដោះស្រាយ​សម្រប​សម្រួល​ខ្លះ ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន គេ​អត់​ទទួល​ស្គាល់ គេ​អត់​មក​ចូល​រួម​ឱ្យ​អាជ្ញាធរ​ដឹង​ទេ»
តំណាង​សហគមន៍​ដែល​សម្រេច​ដាក់​ពាក្យ​ប្ដឹង ក្រុមហ៊ុន ទ្រី ភាព នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គេ​ដឹង​ថា អាជ្ញាធរ​បាន​ដាក់​ពាក្យ​ប្ដឹង​ពួក​គេ​នៅ​ឯ​តុលាការ​មុន។
កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៤ កន្លង​ទៅ តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រះវិហារ បាន​ចេញ​ដីកា​កោះ​ហៅ​តំណាង​អ្នក​ភូមិ​អូរពោធិ ចំនួន ១០​រូប ទៅ​សាកសួរ​ជុំវិញ​ករណី​រារាំង​កិច្ចការ​សាធារណៈ ដោយសារ​តែ​អ្នក​ភូមិ​បាន​តវ៉ា​ជុំវិញ​រឿង​ដីធ្លី​ទី​នោះ។
អ្នក​សម្រប​សម្រួល​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ បាន​មាន​ប្រសាសន៍​ថា លោក​បាន​ចុះ​ទៅ​ពិនិត្យ​មើល​នៅ​តំបន់​អូរពោធិ នោះ​រួច​ហើយ ឃើញ​ថា ក្រុមហ៊ុន ទ្រី ភាព បាន​ឈូស​ឆាយ​ដី ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តំបន់​សហគមន៍​ព្រៃ​ឈើ​ខ្លះ​មែន។ លោក ឡោ ចាន់ បាន​បញ្ជាក់​ថា អង្គការ​របស់​លោក​នឹង​ជួយ​ជ្រោមជ្រែង​សហគមន៍ ក្នុង​ការ​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ជុំវិញ​ករណី​នោះ៕


No comments:

Post a Comment