មន្ត្រី ក្រសួងមហាផ្ទៃ ប្រកាស ឲ្យក្រុមគ្រួសារ កម្មករ ដែលរងការចោទ ទាក់ទងទៅ អគ្គនាយកដ្ឋាន ពន្ធនាគារ ដើម្បីជួប
ដោយ៖ តាំង វីដា / វិទ្យុ វីអូឌី| ថ្ងៃពុធ ទី8 ខែមករា ឆ្នាំ2014
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៅថ្ងៃពុធនេះ ប្រកាសឲ្យសាច់ញាតិ បងប្អូនរបស់ជនសង្ស័យ និងជនជាប់ចោទទាំង២៣រូប ដែលត្រូវបានឃុំខ្លួន ក្រោយហេតុការណ៍ប៉ះទង្គិចរវាងកម្មករ និងសមត្ថកិច្ច កាលពីថ្ងៃទី២ និងទី៣ ខែមករា ទាក់ទងទៅអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ដើម្បីអាចជួបពួកគេទាំងនោះផ្ទាល់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់VODថា ក្រសួង បានអនុញ្ញាតឲ្យក្រុមគ្រួសាររបស់ជនជាប់ចោទ ១០រូប និងជនសង្ស័យ ១៣រូប ដែលត្រូវបានចាប់ខ្លួន ក្នុងឧបទ្ទវហេតុ នៃការប៉ះទង្គិចគ្នាដោយហិង្សា កាលពីថ្ងៃទី២ ទី៣មករា នៅមុខរោងចក្រយ៉ាកជីន និងផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ ឲ្យទៅសួរនាំដំណឹងពីអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ដើម្បីដឹងពីព័ត៌មានពាក់ព័ន្ធនឹងការឃុំខ្លួន និងទីតាំងឃុំខ្លួនរបស់ជនទាំងនោះ។
VOD មិនទាន់អាចសុំការបំភ្លឺបន្ថែមពីអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ លោក គុយ ប៊ុនសន បាននៅឡើយទេ។
សម្រាប់មេធាវីការពារ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺលោកមេធាវី ជួង ជូងី ធ្លាប់ឲ្យដឹងតាមទទួលព័ត៌មានក្រៅផ្លូវការថា កូនក្តីរបស់លោកកំពុងជាប់ឃុំ នៅមណ្ឌលអប់រំកែប្រែទី៣ ឬពន្ធនាគារត្រពាំងថ្លុង ក្នុងខេត្តកំពង់ចាម។
ការប្រកាសរបស់មន្ត្រីក្រសួងមហាផ្ទៃនេះ បានធ្វើឡើងខណៈដែលក្រុមគ្រួសារសាច់ញាតិមួយចំនួនរបស់ ជនជាប់ចោទ១០នាក់ និងជនសង្ស័យ ១៣នាក់នោះ ពុំមានព័ត៌មានពីការឃុំខ្លួនរបស់ពួកគេ។ តែបើតាមអង្គការសង្គមលីកាដូ ឲ្យដឹងថា ជនសង្ស័យ និងជនជាប់ចោទទាំងនោះ អាចត្រូវអាជ្ញាធរឃុំខ្លួននៅក្នុងពន្ធនាគារពន្ធនាគារព្រៃស និងពន្ធនាគារត្រពាំងថ្លុង ខេត្តកំពង់ចាម៕
No comments:
Post a Comment