Paris Peace Accords 23 Oct. 1991

Tuesday, January 7, 2014

[Vietnamization] បក្ស​កាន់​អំណាច​ យក​ថ្ងៃ​ ៧ ​មករា វាយប្រហារ​ លើ​បក្ស​ ប្រឆាំង​រឿង​ ដឹកនាំ​បាតុកម្ម​​

បក្ស​កាន់​អំណាច​ យក​ថ្ងៃ​៧ មករា វាយប្រហារ​ លើ​បក្ស​ ប្រឆាំង​រឿង​ ដឹកនាំ​បាតុកម្ម​​

ដោយ៖​ ញឹម​សុខន និង អ៊ឹង ប៊ុនថន​ / វិទ្យុ វីអូឌី | ថ្ងៃអង្គារ៍ ទី7 ខែមករា ឆ្នាំ2014


ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងទិវាអបអរសាទរខួបលើកទី ៣៥ នៃជ័យជំនះថ្ងៃ៧ មករា (រូបភាពដោយ តាត ឧត្តម)
គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​អង្គារ​នេះ បាន​វាយប្រហារ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ ថា បាន​នឹង​កំពុង​ញុះញង់​ឲ្យ​ពលរដ្ឋ​ឲ្យ​ធ្វើបាតុកម្ម​ប្រឆាំង លទ្ធផល​បោះឆ្នោត​អាណត្តិ​ទី​៥​នេះ ក្នុង​បំណង​ចង់​ដណ្តើម​អំណាច ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ។
​ក្នុង​ពិធី​រំលឹក​ថ្ងៃ​ជ័យជម្នះ​៧​មករា ខួប​លើក​ទី​៣៥ នៅ​មជ្ឈមណ្ឌល​កំសាន្ត​កោះ​ពេ​ជ្រ ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា លោក ហេង សំរិន ថ្លែងថា ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នេះ រាជរដ្ឋាភិបាល​ថ្មី​មួយ​បាន​កើតឡើង ស្រប​តាម​រដ្ឋធម្មនុញ្ញ ដែល​មាន​លោក ហ៊ុន សែន ​ជា​នាយករដ្ឋមន្ត្រី។​
​លោក ហេង សំរិន បន្តថា បើទោះបី​យ៉ាងនេះ​ក៏ដោយ គណបក្សប្រឆាំង​បាន​ញុះញង់​ឲ្យ​ពលរដ្ឋ​មួយចំនួន ធ្វើបាតុកម្ម​តាម​ដងផ្លូវ ធ្វើឲ្យប៉ះពាល់​ដល់​ប្រយោជន៍​សាធារណៈ ប្រឆាំងនឹង​លទ្ធផល​នេះ ហើយ​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចុះ​ចេញពី​តំណែង​ទៀត​ផង​។ លោក​ហៅ​សកម្មភាព​របស់​បក្ស​ប្រឆាំង​នេះ​ថា ជា​ចេតនា​ចង់​បាន​អំណាច​ខុសច្បាប់ ៖
ការ​ថ្លែង​របស់លោក ហេង សំរិន ត្រូវបាន​បន្ទរ​ថែម ដោយ​អភិបាលរង​រាជធានី​ភ្នំពេញ លោកស្រី ម៉ក់ វណ្ណ​ស៊ីថា ដែល​លើកឡើង​ថា ថ្ងៃ​៧​មករា ជា​ថ្ងៃកំណើត​ទី​ពីរ​របស់​កម្ពុជា ហើយ​បាន​ចាត់ទុក មនុស្ស​ទាំងឡាយ​ណា ដែល​​មិន​ឲ្យ​តម្លៃ​ថ្ងៃនេះ ថា​ជា​មនុស្ស​មិន​ស្គាល់​បាប​បុណ្យ ៖
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ច្រានចោល​នូវ​ការចោទប្រកាន់​នោះ ដោយ​អះអាង​ថា អ្វី​ដែល​គណបក្ស​នេះ​កំពុង​ធ្វើ​ គឺ​ដើម្បី​ជំរុញ​ឲ្យមាន​អ្នកដឹក​នាំ​មួយ​កើតចេញ​ពី​ឆន្ទៈពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ពិត​ប្រាក​ដ។ ម្យ៉ាងវិញទៀត ​លោក​ចាត់ទុកថា​ថ្ងៃ​៧​មករា ​ជា​ថ្ងៃ​ដែល​កម្ពុជា​ទទួល​រង​ឥទ្ធិពល​នយោបាយ​ ពី​ប្រទេសជិតខាង​រហូត​បច្ចុប្បន្ន ៖
មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅ​អង្គការ​លីកាដូ លោក អំ សំអាត យល់ថា គណបក្ស​នយោបាយ​តែងតែ​អះអាង​បែបនេះ ប៉ុន្តែ​ធាតុពិត​ការបង្កើត​រដ្ឋាភិបាល​ថ្មី​ក្រោយ​ការបោះឆ្នោត​នេះ តំណាងរាស្ត្រ​មិន​គ្រប់​១២៣​រូប និង​មាន​តែ​គណបក្ស​មួយ​ក្នុង​រដ្ឋសភា គឺ​ផ្ទុយ​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ​។ ​ប៉ុន្តែ​លោក​ថា ដំណោះស្រាយ​ដែល​ល្អ​គឺ​គណបក្ស​ដែល​ឈ្នះ​ការបោះ​ឆ្នោត ត្រូវ​វិល​ទៅរក​តុ​ច​រចា ដើម្បី​កុំឲ្យ​នាវា​កម្ពុជា​វិល​ទៅ​រក​ភាព​វិនាសកម្ម ​ដូចអតីតកាល។​
យ៉ាងណា​ក៏​ដោយ​លោក ហេង សំរិន អះអាងថា គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​បើកទ្វារ​ចំហរ ឲ្យមាន​ជួបច​រចា ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​គ្រប់​លំដាប់ថ្នាក់ ដើម្បី​ស្វែងរក​ដំណោះស្រាយ​៕

1 comment:

  1. Anonymous12:44 PM

    CPP can do anything they want because srok Khmer belong to only CPP yourn. CNRP will start to do more rally after all Khmer people got kill when they go back home from Phnom Penh.

    ReplyDelete