ប៉ូលីស ប្រោះទឹក លើបាតុករ ដែលត្រូវបានចាប់ខ្លួន ក្នុងពេលបង្ក្រាប ការតវ៉ា នៅផ្លូវវ៉េងស្រេង
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ (រូបភាព RFA / Sek Bandith)
ជនជាប់ចោទម្នាក់ ក្នុងចំណោម ២៣នាក់ ត្រូវបានបញ្ជូនមក គុក មាត់ឃ្មង់
ជនជាប់ចោទម្នាក់ ក្នុងចំណោម ២៣នាក់ ត្រូវបាន បញ្ជូនមក ពន្ធនាគារ មាត់ឃ្មង់ ជិតទីរួមខេត្តកំពង់ចាម។ មុនពេលប្ដូរ ពន្ធនាគារ នេះ ជនជាប់ចោទនេះ ត្រូវបាន គេឃុំ នៅមណ្ឌលអប់រំកែប្រែ ម៣ ត្រពាំងផ្លុង ជិតព្រំដែន វៀតណាម អស់រយៈពេលជិត ២០ថ្ងៃ បន្ទាប់ពីត្រូវបាន គេចាប់ខ្លួន ក្នុងការបង្ក្រាប ដោយ ហិង្សា របស់ សមត្ថកិច្ច រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ទី៣ មករា។
ដោយ សូត្រ សុខប្រាថ្នា / អាស៊ីសេរី | ២៣ មករា ២០១៤
ការបញ្ជូនជនជាប់ចោទតែម្នាក់មកនោះ គឺមកពីពន្ធនាគារមាត់ឃ្មង់ នៅជិតទីរួមខេត្ត ងាយស្រួលក្នុងការស៊ើបពីសំណាក់ព្រះរាជអាជ្ញា ឬមេធាវី ដោយសារជនជាប់ចោទដែលត្រូវបញ្ជូនមកនោះ ជាអនីតិជន។
ជាកម្មករសំណង់ដែលចំណាកស្រុកមកពីស្រុកមេសាង ខេត្តព្រៃវែង លោក ផន យន អាយុ ៤៧ឆ្នាំ ជាឪពុកជនជាប់ម្នាក់ឈ្មោះ យន សុខជា អាយុ ១៧ឆ្នាំ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ មករា ក្នុងពេលកម្មករធ្វើបាតុកម្មទាមទារប្រាក់ខែគោល ១៦០ដុល្លារ នៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា។ លោក ផន យន បានបន្តថា កូនរបស់លោកត្រូវបានបញ្ជូនមកពន្ធនាគារមាត់ឃ្មង់ កាលពីថ្ងៃទី១៩ មករា ដោយលោកឮខាងមេធាវីរបស់លោកថា ស្នើសុំឱ្យកូនលោកនៅក្រៅឃុំ ដោយសារកូនគាត់ជាអនីតិជន ហើយគេក៏បញ្ជូនមកពន្ធនាគារមាត់ឃ្មង់។
លោកបន្តថា លោក និងប្រពន្ធ បានចូលមើលពីស្ថានភាពរបស់កូននៅពន្ធនាគារមាត់ឃ្មង់ អាការៈគ្រាន់បើហើយ ប៉ុន្តែរបួសដៃឆ្វេងដែលសមត្ថកិច្ចបានជាន់លើ បណ្ដាលឱ្យបាក់នោះ លោកសង្ស័យថា កូនលោកនឹងអាចក្លាយជាមនុស្សពិការដៃឆ្វេងជារៀងរហូតហើយ ប្រសិនបើមិនអាចយកមកព្យាបាលឱ្យបានត្រឹមត្រូវនោះទេ។
លោក ផន យន៖ «ទៅជួបហ្នឹងវារាងធូរបន្តិច វាមិនសូវឈឺចាប់ទេ ប៉ុន្តែដៃនៅហើមស្ពោរ នៅត្រពាំងផ្លុង ហ្នឹង។ ហើយនៅពេលដែលគេបញ្ជូនមកមាត់ឃ្មង់ ជិតគល់ស្ពានមាត់ឃ្មង់ ហ្នឹង ជិតខេត្តកំពង់ចាម ដែរហ្នឹង ខ្ញុំទៅហ្នឹងដូចថាវាធូរហើយ ប៉ុន្តែដៃហ្នឹងកំរើកអត់រួចទេ ឆ្អឹងហ្នឹងសង្ស័យតែជួបគ្នាហើយយ៉ាងនៅពោលហើមប៉ុណ្ណាណីហ្នឹង។ បាទ! អាណិតកូនចង់ងាប់ ហើយបងអ្ហើយ មិនដឹងធ្វើយ៉ាងម៉េចទេរាល់ថ្ងៃ។ រកស៊ីបានវានៅហ្នឹងហើយ ដោះបំណុលគេ ដល់វាទៅបាត់អ៊ីចឹងទៅ នៅតែម្តាយហ្នឹង គ្នាគ្មានធ្វើអីកើត គ្នានៅកើតទុក្ខតែកូនចៅហ្នឹង»។
លោកបញ្ជាក់ថា ដោយសារតែគ្រួសារមានជីវភាពក្រីក្រពេក ហើយម្យ៉ាងជំពាក់បំណុលគេ ទើបបង្ខំចិត្តនាំកូនដែលមិនគ្រប់អាយុធ្វើការ ដើម្បីរកប្រាក់សងបំណុលគេ ប៉ុន្តែបែរជាជួបរឿងអកុសលទៅវិញ។ លោកអំពាវនាវឱ្យអង្គការក្រៅរដ្ឋាភិបាលជួយអន្តរាគមន៍ឱ្យកូនលោករួចផុតពីការចោទប្រកាន់ ហើយសុំឱ្យដោះលែងឲ្យមានសេរីភាពវិញផង ពីព្រោះកូនគាត់ត្រូវបានសមត្ថកិច្ចចាប់នៅក្នុងផ្ទះជួល ខណៈដែលកូនលោកគ្រាន់តែឈរមើលគេនោះ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) នៅខេត្តកំពង់ចាម លោក នាង សាវ៉ាត យល់ថា ការបញ្ជូនមកនោះ គឺមិនទាក់ទងទោសណាធ្ងន់ ឬស្រាលទេ ប៉ុន្តែអ្វីដែលសំខាន់ គឺដើម្បីការពន្លឿនរបស់មេធាវី និងព្រះរាជអាជ្ញា ពីព្រោះជនជាប់ចោទជាអនីតិជន។ លោកបន្តថា ដោយប្រការនេះ គេនឹងអាចពន្លឿននីតិវិធីមុនគេ៕
No comments:
Post a Comment