ដោយ៖ ពៅ មេត្តា / វិទ្យុ វីអូឌី | ថ្ងៃអង្គារ ទី21 ខែមករា ឆ្នាំ2014
សកម្មជនដីធ្លី ត្រូវបានសមត្ថកិច្ចចាប់ដាក់ក្នុងរថយន្ត ខណៈពួកគេដង្ហែញត្តិដាក់ទៅស្ថានទូតនានា (រូបភាពដោយ តាត ឧត្តម)
ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញថ្កោលទោសសមត្ថកិច្ច ករណីឃាត់ខ្លួនសកម្មជនដីធ្លី និងមន្ត្រីអង្គការសង្គមស៊ីវិល១១នាក់នៅព្រឹកថ្ងៃអង្គារនេះ ខណៈអ្នកទាំងនោះយកញត្តិទៅដាក់នៅតាមស្ថានទូត។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Sean J. McIntosh ថ្លែងថា ស្ថានទូតអាមេរិកថ្កោលទោសចំពោះការឃាត់ខ្លួននោះ។ លោក បញ្ជាក់ថា សកម្មភាពសកម្មជនដីធ្លី និងមន្ត្រីសង្គមស៊ីវិលធ្វើឡើងទៅតាមសិទ្ធិសេរីភាព ដែលមានចែងក្នុងរដ្ឋធម្មនុញស្តីពីការប្រមូលផ្តុំបញ្ចេញមតិដោយសន្តិវិធី។
លោក Sean J. McIntosh ក៏បានអំពាវនាវដល់រដ្ឋាភិបាលឲ្យលុបចោល នូវការហាមប្រមូលផ្តុំនៅរាជធានីភ្នំពេញនៅពេលថ្មីៗនេះ ដើម្បីបើកសិទ្ធិសេរីភាពឲ្យប្រជាពលរដ្ឋ ងាកមករកការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាវិញ។
លោក រ៉ុង ឈុន និងសកម្មជនដីធ្លី លើកដៃជាសញ្ញាក្រោយត្រូវបានដោះលែង (រូបភាពដោយ តាត ឧត្តម)
ស្នងការនគរបាលរាជធានីភ្នំពេញលោក ជួន សុវណ្ណ ថ្លែងថា ការឃាត់ខ្លួនសកម្មជនទាំង១១នាក់នោះ ធ្វើឡើងដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សារណៈ ព្រោះអ្នកទាំងនោះ បំពានបទបញ្ជារបស់ក្រសួងមហាផ្ទៃ ដែលមិនអនុញ្ញាតឲ្យប្រមូលផ្តុំឬតវ៉ានោះ៕
No comments:
Post a Comment