បទយកការណ៍៖ អង្គការ សង្គមស៊ីវិល សហជីព និងប្រជាសហគមន៍ ធ្វើយុទ្ធនាការរួម ទាមទារ ការដោះលែង ជនទាំង២៣នាក់
ដោយ៖ តាំង វីដា | ថ្ងៃព្រហស្បតិ៍ ទី23 ខែមករា ឆ្នាំ2014
សំឡេងអំពាវនាវតាមឧឃោសនសព្ទ នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ត្រូវបានគេលឺយ៉ាងគងរំពង នៅមុខស្ថានទូតមួយចំនួន ក្នុងរាជធានីភ្នំពេញ។ នោះគឺការដង្ហោយទាមទាររករយុត្តិធម៌ របស់ក្រុមសហគមន៍ដីធ្លី និងមន្ត្រីអង្គការសង្គមស៊ីវិល ចំនួន១៨៤ស្ថាប័ន ដែលសុំដល់មន្ត្រីស្ថានទូតទាំងនោះ អន្តរាគមន៍ទៅរាជរដ្ឋាភិបាលកម្ពុជា ដោះលែងសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី និងកម្មករចំនួន ២៣នាក់ ដែលកំពុងឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម។
សកម្មជនទាំង២៣នាក់នោះ ដែលកំពុងជាប់ឃុំនោះ មានលោកវន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ថេត សាវឿន មន្ត្រីសប្រមសម្រួលសមាគមកសិករ លោក ចាន់ ពុទ្ធិស័ក្ក សកម្មជនដីធ្លីតំបន់បឹងកក់ និងកម្មករមួយចំនួនទៀត។ ពួកគេត្រូវបានអាជ្ញាធរចាប់ខ្លួន នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងសមត្ថកិច្ច និងកម្មករដែលតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល កាលពីថ្ងៃទី២ និងថ្ងៃទី៣ខែមករា នៅមុខរោងចក្រយ៉ាកជីង និងមុខសួនឧស្សាហកម្មកាណាឌីយ៉ា រាជធានីភ្នំពេញ។ ជនទាំង២៣នាក់នោះ ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ចាត់ទុកថា ជារឿងនយោបាយ និងជាវិធានការថ្មីរបស់រដ្ឋាភិបាល ដើម្បីបំបាត់សំឡេងទាមទាររបស់អ្នកដឹកនាំបាតុករ។
ដោយយល់ឃើញថា សិទ្ធិសេរីភាពប្រមូលផ្តុំរបស់ប្រជាពលរដ្ឋ ត្រូវបានរំលោភ អង្គការសង្គមស៊ីវិល ដែលមានជាង ១៨០អង្គការ នៅថ្ងៃទី២១ ខែមករា បានចាប់ផ្តើមយុទ្ធនាការ រួមជាមួយសហជីព និងប្រជាសហគមន៍ ដាក់ញត្តិនៅតាមស្ថានទូតប្រទេសមហាអំណាច ដើម្បីទាមទារឲ្យរដ្ឋាភិបាល គោរពសិទ្ធិមនុស្សនៅកម្ពុជា។
តំណាងអ្នកភូមិបឹងកក់ អ្នកស្រី ទេព វន្នី ដែលបានចូលរួមក្នុងយុទ្ធនាការដាក់ញត្តិទៅស្ថានទូតនានា ដើម្បីទាមទារឲ្យដោះលែងជនទាំង២៣នាក់ មានប្រសាសន៍ថា ការចាប់ខ្លួនអ្នករងគ្រោះ ដោយមិនដោះស្រាយបញ្ហារំលោភបំពានកន្លងមកនោះ មិនអាចហាមឃាត់ចលនាចេញតវ៉ារបស់ពួកគេបានទេ «ការចាប់ខ្លួនការចាប់គំរាមកំហែងមិនមែនជាឧបសគ្គទេ»។
នៅគ្រាដែលយុទ្ធនាការទាមទារចាប់ផ្តើមកាលពីព្រឹកថ្ងៃទី០៦ខែមករា សកម្មជនដីធ្លីនៅតំបន់បឹងកក់ ១០នាក់ត្រូវបានអាជ្ញាធាររាជធានីភ្នំពេញឃាត់ខ្លួន នៅមុខស្ថានទូតបារាំងប្រចាំនៅកម្ពុជា ប៉ុន្តែត្រូវបានដោះលែងវិញនៅថ្ងៃដដែល បន្ទាប់ពីពួកគេបានអាជ្ញាធរឲ្យចុះកិច្ចសន្យាផ្អាកការប្រមូលផ្តុំមួយរយៈ រហូតដល់ស្ថានការណ៍ត្រឡប់ទៅរកភាពដើមវិញ។
សកម្មជនដីធ្លីត្រូវបានសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីពួកគេហែញត្តិដាក់ស្ថានទូតនានា (រូបភាព តាត ឧត្តម)
ក្នុងកម្មវត្ថុរក្សាសណ្តាប់ធ្នាប់ និងស្តារប្រក្រតីភាពសង្គមឡើងវិញ នៅថ្ងៃទី៤ ខែមករា ក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ ក៏បានចេញបម្រាម និងសេចក្តីជូនដំណឹង ហាមឃាត់ការប្រមូលផ្តុំតវ៉ា ដែលមានគ្នាលើសពី១០នាក់ឡើងទៅ។ ជាក់ស្តែង វិធានការលើបម្រាមនេះ ត្រូវបានអនុវត្តកាលពីថ្ងៃទី៦ និងទី១៩ ខែមករា សកម្មជនបឹងកក់ចំនួន ៥នាក់ និងប្រធានស្តីទីសមាគមអ្នកប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក សុខ ឈុនអឿង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន ខណៈធ្វើបាតុកម្មទាមទារដោយអហិង្សា ក្នុងហេតុផលដូចគ្នា គឺទាមទារការដោះលែងជនទាំង២៣នាក់នោះ។
ទោះជាយ៉ាងណា នៅថ្ងៃទី២១ខែមករា ក្រុមប្រជាសហគមន៍ និងមន្ត្រីអង្គការសង្គមស៊ីវិល បានបន្តយុទ្ធនាការដាក់ញត្តិរបស់ខ្លួន ដែលទាមទារឲ្យដោះលែងអ្នកទាំង២៣នាក់នោះ បន្តទៀត ប៉ុន្តែត្រូវបានអាជ្ញាធរសាលារាជធានីភ្នំពេញ បង្ក្រាបជាថ្មីទៀត ដោយឃាត់ខ្លួន សកម្មជនដីធ្លី និងមន្ត្រីអង្គការសង្គមស៊ីវិល ចំនួន១១នាក់ ទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ។
នៅថ្ងៃដដែលនោះ ពួកគេត្រូវបានដោះលែងវិញ បន្ទាប់ពីចុះកិច្ចសន្យា ឈប់ប្រមូលផ្តុំ និងធ្វើសកម្មភាពអ្វីមួយដោយសុំការអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរជាមុនសិន។ តែមុនការដោះលែង ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ បានប្រាប់អ្នកសារព័ត៌មានថា អ្នកទាំង១១នាក់នោះ បានប្រមូលផ្តុំគ្នារតវ៉ាខុសច្បាប់ ហើយការស្នើសុំ ដោះលែងជនទាំង២៣នាក់នោះ គឺជាសមត្ថកិច្ចរបស់អាជ្ញាធរពាក់ព័ន្ធ «ប្រសិនជាស្នើសុំឲ្យដោះលែង សុំរងចាំការដោះស្រាយរបស់សមត្ថកិច្ច របស់អាជ្ញាធរ រាជធានី។ ឥឡូវខ្ញុំនាំគេមកហើយ នាយកខុទ្ទកាល័យរបស់សាលារាជធានីក៏មក អភិបាលខណ្ឌដូនពេញក៏មក ដើម្បីធ្វើការដោះស្រាយរឿងនេះ។ អញ្ចឹងបើឯងធ្វើការដោះស្រាយ គឺសុំឲ្យមានរបៀបរៀបរយ ដើម្បីឲ្យការដោះស្រាយនេះមានលទ្ធភាពនឹងដោះស្រាយដោយ សន្តិវិធី»។
ទោះបីជាការរងចាប់ខ្លួនបណ្តោះអាសន្នពីរដងហើយក្តី សកម្មជនសិទ្ធិដីធ្លី អ្នកស្រី ទេព វន្នី និងអ្នកស្រី យ៉ោម បុប្ផា បានបង្ហាញមុខជាថ្មី នៅថ្ងៃទី២៣ ខែមករា ជាមួយក្បួនដង្ហែរបស់ក្រុមអង្គការសង្គមស៊ីវិល ប្រកាសមិនខ្លាចការចាប់ខ្លួន អ្វីដែលខ្លាចគឺការមិនបានអនុវត្តសិទ្ធិបាតុកម្មរបស់ខ្លួន «ប្រទេសកម្ពុជា ជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែពេលនេះរដ្ឋាភិបាលកម្ពុជាដែលមិនគ្រប់លក្ខណៈ កំពុងរំលោភសិទ្ធិមនុស្ស និងមិនកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដទេ យើងទាំងអស់គ្នាសុំឲ្យជួយអន្តរាគមន៍ ជួយពួកយើង… ជួយជាបន្ទាន់…»។
នាយិការអង្គការសីលការ លោកស្រី ធីតា ឃឹះ ដែលដឹកនាំប្រជាសហគមន៍ និងមន្ត្រីអង្គការសង្គមស៊ីវិលប្រមាណ ១០០នាក់ ដង្ហែក្បួនដោយថ្មើរជើង ទៅកាន់ស្ថានទូតចំនួន៧ ក្នុងរាជធានីភ្នំពេញនោះ មានប្រសាសន៍ថា យុទ្ធនាការស្នើអន្តរាគមន៍ពីស្ថានទូតនានាប្រចាំកម្ពុជា ធ្វើឡើងដើម្បីបង្ហាញទៅកាន់សហគមន៍អន្តរជាតិថា រដ្ឋាភិបាល តំណាងឲ្យប្រជាពលរដ្ឋ បានកំពុងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា តាមរយៈប្រព័ន្ធតុលាការ។ លោកស្រី សង្ឃឹមថា យុទ្ធនាការនេះ នឹងជួយពញ្ញាក់ស្មារតីរបស់រដ្ឋាភិបាល ដើរមករកផ្លូវត្រូវវិញ «ខ្ញុំសង្ឃឹម ព្រោះអ្វីដែលជាការត្រឹមត្រូវ នៅទីបញ្ចប់ ខ្ញុំថារាជរដ្ឋាភិបាលនឹងយល់ឃើញ និងដឹងទៅលើអ្វីដែលថាត្រឹមត្រូវ ដែលគាត់និយាយថា នេះជាដែនសមត្ថកិច្ចរបស់តុលាការ ខ្ញុំដឹងថា នៅពេលណាដែលគាត់មិនចង់ដោះ គាត់និយាយអញ្ចឹង។ ប៉ុន្តែយើងទាំងអស់គ្នា ក៏ដឹងដែរថា តុលាការនៅក្រោមការគ្រប់គ្រង និងការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំ ក្នុងពេលបច្ចុប្បន្ន»។
នាយិការអង្គការសីលការ លោកស្រី ធីតា ឃឹះ ដាក់ញត្តិទៅស្ថានទូតស៊ុយអ៊ែតប្រចាំនៅកម្ពុជា (រូបភាព តាត ឧត្តម)
សម្រាប់នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា លោកស្រី រស់ សុភាព ឲ្យដឹងដែរថា យុទ្ធនាការសន្តិវិធីនេះ មិនមែនផ្តោតដាក់សម្ពាធលើរដ្ឋាភិបាលនោះទេ តែជាការបញ្ច្រាបសារទៅកាន់រដ្ឋាភិបាលពីលទ្ធិប្រជាធិបតេយ្យ ការទាមទាររកយុត្តិធម៌របស់ជនរងគ្រោះទាំង២៣នាក់ ដែលនេះជាកាតព្វកិច្ចរបស់រដ្ឋាភិបាល ក្នុងការឆ្លើយតបតម្រូវការទាំងនោះ «ខ្ញុំគិតថា ពេលយើងធ្វើនេះ វាមិនបានផលប្រយោជន៍ទៅតាមអ្វីដែលយើងចង់ទេ ប៉ុន្តែពេលវេលាក៏វាអាចជួយយើង ដើម្បីធ្វើឲ្យអ្នកដែលមានអំនាចទាំងនោះគាត់ពិចារណា ពីព្រោះអ្វីដែលយើងធ្វើនេះយើ់ងគ្រាន់តែនាំសារ ទៅឲ្យរាជរដ្ឋាភិបាល ឲ្យគាត់ពិចារណាថា អ្វីដែលគាត់កំពុងតែធ្វើនេះ គឺជាការរំលោភសិទ្ធិមនុស្ស ហើយខុស។ អ៊ីចឹងគាត់ត្រូវគិតឡើងវិញថា តើគាត់ត្រូវធ្វើម៉េចដើម្បីធ្វើឲ្យប្រជាជនគាត់ ទទួលបាននូវការកក់ក្តៅ»។
យ៉ាងណាក៏ដោយ នៅថ្ងៃទី២៣ ខែមករា យុទ្ធនាការដង្ហែដាក់ញត្តិជាថ្មី ទៅកាន់ស្ថានទូតចំនួន ៧ រួមមាន ស្ថានទូតស៊ុយអែត អាឡឺម៉ង់ កូរ៉េខាងត្បូង អូស្ត្រាលី រុស្ស៊ី ថៃ និងម៉ាឡេស៊ី បានបញ្ចប់ ដោយមិនមានការរារាំងពីសំណាក់អាជ្ញាធរឡើយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ខៀវ សុភ័គ ឲ្យដឹងថា ការដែលអាជ្ញាធរ មិនរារាំង គឺដោយសារយុទ្ធនាការដឹកនាំសង្គមស៊ីវិលលើកនេះ គឺអនុវត្តស្របតាមច្បាប់ មិនមានហិង្សា ខុសពីលើកមុនៗ។ លោក បញ្ជាក់ថា សមត្ថកិច្ច អនុវត្តតួនាទីតាមស្ថានភាពជាក់ស្តែង មិនមែនចេះតែបង្ក្រាបនោះទេ «កាលៈទេសៈនេះ ក្រសួងមហាផ្ទៃ លោកបានចេញសេចក្តីអំពាវនាវដែរ ហើយសូមយោគយល់ចំពោះស្ថានភាពបច្ចុប្បន្ននេះ ការដែលហែក្បួនអី មិនអនុញ្ញាតដែរទេ ឲ្យតែបាតុកម្មនោះដោយសន្តិវិធី ហើយដោយស្មោះត្រង់ជាមួយគ្នា សុំឲ្យបាតុកម្មបំណងប៉ុនប៉ង រំលោភ ផ្តួលរំលំ ដូចមុនអីណា ចុះចេញទៅ នោះមិនអនុញ្ញាតទេ»។
សេចក្តីថ្លែងការណ៍របស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស កាលពីថ្ងៃទី១០ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បទបញ្ជាបង្កើត គណៈកម្មការចំនួនពីរ ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង សិក្សាពីការខូចខាតទ្រព្យសម្បត្តិ ដែលកើតចេញពីការប្រើហិង្សា និងស្រាវជ្រាវពីការប៉ះទង្គិច ដែលកើតឡើងក្នុងហេតុការណ៍ប៉ះទង្គិចថ្ងៃទី២ និងទី៣ ខែមករា តែរហូតមកទល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ណាមួយ ពីលទ្ធផលនៃការស្រាវជ្រាវនេះឡើយ។
យន្តការវែកមុខមេក្លោង និងចាប់ជនដៃ ដែលត្រូវបានអះអាងដោយប្រមុខរដ្ឋាភិបាលនេះ ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិ ចាត់ទុកថា គ្រាន់ជាសន្យាខ្យល់ និងចាប់ជនគ្មានកំហុស ទទួលទោស ជំនួសជនល្មើសតែប៉ុណ្ណោះ។ ទឡ្ហីករណ៍នេះ នាំឲ្យអ្នកតវ៉ា នៅតែប្រកាន់ជំហរបន្តការតវ៉ារបស់ខ្លួន រហូតដល់សមិទ្ធិផលពិតកើតមានឡើង «ត្រូវតែដោះលែង… ដោលែងជាបន្ទាន់ ត្រូវតែដោះលែង ដោះលែងនៅថ្ងៃនេះ ដោះលែងដោយឥតលក្ខខណ្ឌ…»៕
No comments:
Post a Comment