ពលរដ្ឋ រារាំង គ្រឿងចក្រ ក្រុមហ៊ុនចិន មិនឲ្យកាយបំបាត់ ប្រឡាយទឹកស្អាត នៅកំពត
ពលរដ្ឋឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត រារាំងគ្រឿងចក្រក្រុមហ៊ុនវារីអគ្គិសនីស៊ីណូហាដ្រូ (sinohydro) មិនឲ្យកាយបំបាត់ប្រឡាយទឹកស្អាត ដែលអង្គការជាតិ និងអន្តរជាតិ បានសង់ឲ្យប្រើទឹកមុនឆ្នាំ២០០០ ទេ។
ពលរដ្ឋភូមិព្រៃត្នោត ឃុំកំពង់ក្រែង សុំមិនបញ្ចេញឈ្មោះថ្លែងថា ក្រុមហ៊ុនចិន ដែលសង់វារីអគ្គិសនីនៅភ្នំកំចាយ ចង់យកគ្រឿងចក្រមកកាយប្រឡាយទឹកស្អាត ដែលពួកគាត់ប្រើប្រាស់ទៅជាកន្លែងបង្ហូរទឹកចេញពីទំនប់វារីអគ្គិសនីកំចាយ។ លោកបន្តថា ក្រុមហ៊ុនចិន នោះ បានសងប្រាក់សំណងផលប៉ះពាល់មកសហគមន៍គ្រប់គ្រងទឹកចំនួនជាង ១ម៉ឺន ៣ពាន់ដុល្លារ។ ប៉ុន្តែប្រាក់នោះ សង្ស័យថាអាជ្ញាធរខេត្ត ឃុំ និងភូមិ ជាមន្ត្រីគណបក្សប្រជាជនកម្ពុជា បានដកយកចាយជិតអស់ហើយ៖ «ប្រជាពលរដ្ឋគាត់ទុកចិត្តទាំងអស់គ្នា ដល់អ៊ីចឹងទៅគាត់ក៏ឲ្យមេភូមិទៅបើកលុយ។ ដល់បានលុយ មេភូមិហ្នឹងគាត់អត់បានយកលុយហ្នឹងយកមកអភិវឌ្ឍអីនៅក្នុងភូមិហ្នឹងទេ គាត់បែរជាយកលុយហ្នឹងទៅចាយវាយ ដោយអត់មានបានប្រាប់ទៅប្រជាពលរដ្ឋ»។
មន្ត្រីរាជការមួយរូប សំណូមពរថា សូមឲ្យអាជ្ញាធរខេត្តកំពត និងក្រសួងពាក់ព័ន្ធ ជួយរកលុយសំណងផលប៉ះពាល់ទំនប់សហគមន៍ ដែលក្រុមហ៊ុនវារីអគ្គិសនី ស៊ីណូហាយដ្រូ បានសងមកប្រជាពលរដ្ឋវិញជាង ១ម៉ឺន ៣ពាន់ដុល្លារនោះ ឲ្យបានដឹងផងថាលុយនោះនៅឯណា ហើយបើចាយ គេចាយលើអ្វីផង។
ពាក់ព័ន្ធការចោទនោះ វិទ្យុអាស៊ីសេរី បានទាក់ទង អ្នកស្រី ឃន សុម៉ាលី មេឃុំកំពង់ក្រែង ប៉ុន្តែអ្នកលើកទូរស័ព្ទនោះអះអាងថា មិនមែនអ្នកស្រីមេឃុំទេ។
បញ្ហានេះ ត្រូវជំទប់ទី១ ឃុំកំពង់ក្រែង លោក ហេង យន្ត បានឲ្យដឹងថា អាជ្ញាធរឃុំមិនបានទទួលប្រាក់នោះទេ គឺក្រុមហ៊ុនចិន បានសងទៅអាជ្ញាធរខេត្តកំពត។ លោកថា ទឹកប្រាក់ក្រុមហ៊ុនចិន សងជាង ១ម៉ឺន ៣ពាន់ដុល្លារអាមេរិក។ ក្នុងនោះ តាមលោកដឹង មានការដកយកទៅចំណាយផ្សេងៗ៖«ជាង ១ម៉ឺនដុល្លារ ហើយគេចំណាយទៅលើថ្លៃបាយ ថ្លៃទឹកអី ខាងក្រសួងគេចុះមកអីប៉ះពាល់ផលដំណាំរបស់ប្រជាពលរដ្ឋហ្នឹង គេទូទាត់ឲ្យប្រជាពលរដ្ឋអីៗហើយអស់ នៅសល់លុយហ្នឹង មិនដឹងនៅសល់ប៉ុន្មានពាន់ទេ ព្រោះឃុំខ្ញុំនេះអត់មានបានទទួលយកលុយហ្នឹង យកមកចែកចាយនេះខាងក្រសួងគេហ្នឹង ផលប៉ះពាល់ គេអ្នកដោះស្រាយទេ»។
វិទ្យុអាស៊ីសេរី បានទាក់ទងអភិបាលខេត្តកំពត លោក ខូយ ឃុនហួរ ប៉ុន្តែលោកគ្រាន់តែស្តាប់សំណួរ ក៏បិទទូរស័ព្ទ។
ទំនប់វារីអគ្គិសនីកំចាយ ជាគម្រោងមួយក្នុងចំណោមគម្រោង៥ ដែលប្រទេសចិន គ្រោងសង់នៅក្នុងប្រទេសកម្ពុជា។ ទំនប់វារីអគ្គិសនីកំចាយ មានការវិនិយោគរយៈពេល ៤០ឆ្នាំ រវាងក្រុមហ៊ុន ស៊ីណូហាយដ្រូ និងរាជរដ្ឋាភិបាលកម្ពុជា។ ទំនប់វារីអគ្គិសនីកំចាយ ចាប់ផ្ដើមសង់ពីឆ្នាំ២០០៨ ហើយសង់រួចក្នុងឆ្នាំ២០១១។ ទំនប់វារីអគ្គិសនីកំចាយ បានបង្កើតថាមពលអគ្គិសនីចំនួន ១៩៣មេហ្គាវ៉ាត់៕
Hun Sen is killing Khmer! His government is a worst Khmer killer than Pol Pot!
ReplyDelete