Paris Peace Accords 23 Oct. 1991

Thursday, January 9, 2014

គ្រួសារ​ សុំ​ឲ្យ​ជួយ ​រក​កូន​ប្រុស ​បាត់​ខ្លួន ​ក្នុង​ព្រឹត្តិការណ៍​ ផ្ទុះ​ហិង្សា​ នៅ​ផ្លូវ​វ៉េងស្រេង

គ្រួសារ​ សុំ​ឲ្យ​ជួយ ​រក​កូន​ប្រុស ​បាត់​ខ្លួន ​ក្នុង​ព្រឹត្តិការណ៍​ ផ្ទុះ​ហិង្សា​ នៅ​ផ្លូវ​វ៉េងស្រេង

ក្រុម​គ្រួសារ​មួយ​ចំនួន​ កំពុង​មាន​ កង្វល់ ដោយសារ​ បាត់​កូន​ រក​មិន​ទាន់​ឃើញ​ នៅ​ឡើយ បន្ទាប់​រាជ​រដ្ឋាភិបាល​ បាន​ប្រើ​ កម្លាំង​អាជ្ញាធរ​ចម្រុះ​ បង្ក្រាប​បាតុករ​ ដែល​ជា​ កម្មករ​ តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ខែ​ នៅ​លើ​ផ្លូវ​វ៉េងស្រេង ចំណុច​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា នៅ​សង្កាត់​កំបូល ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣ មករា កន្លង​មក​នោះ។
ដោយ ទេព សុរ៉ាវី / វិទ្យុអាស៊ីសេរី | ០៨ មករា ២០១៤
កម្មករ​រង​របួស ផ្លូវ​វ៉េងស្រេង ៦១០
កម្មករ​ដែល​រង​របួស​ដោយ​កម្លាំង​ចម្រុះ​ប្រើ​ហិង្សា​បង្ក្រាប​ពេល​ផ្ទុះ​ហិង្សា​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​សូវៀត ហៅ​មន្ទីរពេទ្យ​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។
RFA/Tep Soravy














ក្រុម​គ្រួសារ​ទាំង​នោះ​បាន​អំពាវនាវ​សុំ​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស​ជួយ​ស្វែង​រក​សមាជិក​គ្រួសារ​របស់​ពួក​គាត់​ដែល​បាន​បាត់​ខ្លួន​ប្រមាណ​មួយ​សប្ដាហ៍​មក​ហើយ​នោះ។
ពលរដ្ឋ​ម្នាក់​មក​ពី​ខេត្ត​ស្វាយរៀង បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​អង្គការ​អាដហុក (Adhoc) ឲ្យ​ជួយ​ស្វែង​រក​កូន​ប្រុស​ដែល​បាត់ បន្ទាប់​ពី​សង្ស័យ​ថា​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​របស់​កម្លាំង​អាជ្ញាធរ​នៅ​លើ​ផ្លូវ​វ៉េងស្រេង កាល​ពី​សប្ដាហ៍​មុន។
លោក ឃឹម សឿន អាយុ ៤១​ឆ្នាំ រស់​នៅ​ភូមិ​បឹងទ្រាល ឃុំ​អង្គតាសូ ស្រុក​ស្វាយជុំ ខេត្ត​ស្វាយរៀង ឲ្យ​ដឹង​ថា កូន​ប្រុស​របស់​លោក​ឈ្មោះ ឃឹម សាផាត អាយុ ១៦​ឆ្នាំ បាន​បាត់​ខ្លួន​នៅ​ពេល​ដែល​សមត្ថកិច្ច​បាញ់​រះ​ទៅ​លើ​ក្រុម​បាតុករ កាល​ពី​ថ្ងៃ​ទី​៣ មករា។ លោក​បន្ត​ថា កូន​ប្រុស​របស់​លោក​មិន​ទាន់​គ្រប់​អាយុ​ចូល​ធ្វើ​ការ​ក្នុង​រោងចក្រ ប៉ុន្តែ​បាន​ទិញ​ឈ្មោះ​គេ​ម្នាក់ គឺ​ឈ្មោះ អ៊ុង ចាន់ធឿន ដើម្បី​អាច​ចូល​ធ្វើ​ការ​បាន ហើយ​ទើប​តែ​បាន​ការងារ​នៅ​ក្នុង​រោងចក្រ​រយៈពេល​ជាង ២​ខែ​ប៉ុណ្ណោះ។
លោក​បន្ត​ថា នៅ​ថ្ងៃ​កើត​ហេតុ កូន​ប្រុស​របស់​លោក​បាន​ចូល​រួម​ធ្វើ​បាតុកម្ម​ជាមួយ​មិត្តភក្ដិ​ឯ​ទៀត ហើយ​ដំណឹង​ចុង​ក្រោយ​ដែល​លោក​ទទួល​បាន ឲ្យ​ដឹង​ថា កូន​ប្រុស​លោក​ត្រូវ​គ្រាប់​កាំភ្លើង​មួយ​គ្រាប់​ចំ​ដើម​ទ្រូង ដួល​ផ្កាប់​មុខ​ទៅ​លើ​ថ្នល់ ខណៈ​ដែល​សមត្ថកិច្ច​បាញ់​សំដៅ​ចំៗ​ទៅ​លើ​ក្រុម​បាតុករ ហើយ​ភ្លាមៗ​សមត្ថកិច្ច​បាន​លើក ឃឹម សាផាត ដាក់​ឡាន​ដឹក​យក​ទៅ​បាត់៖ «បើ​នៅ​រស់​ឲ្យ​ដឹង​ដំណឹង​ផង បើ​ស្លាប់​ឲ្យ​ឃើញ​សព​ឲ្យ​ខ្ញុំ​ផង។ សោក​ស្ដាយ​ណាស់​ខ្លោច​ចិត្ត បើ​ម៉ែ​វា​និយាយ​អត់​ចេញ​ផង សន្លប់​រហូត​ដុត​ភ្លើង​ឆ្អើរ​រហូត»
លោក ឃឹម សឿន បាន​ព្យាយាម​ដើរ​រក​កូន​ប្រុស​លោក​តាម​មន្ទីរពេទ្យ និង​តាម​វត្ត​មួយ​ចំនួន ក្រែងលោ​អាជ្ញាធរ​ដឹក​សព​ទៅ​ទម្លាក់​ចោល​នៅ​វត្ត។ ប៉ុន្តែ​នៅ​តែ​មិន​ឃើញ ទើប​ដាច់​ចិត្ត​ធ្វើ​បុណ្យ​សព​ឲ្យ​កូន​ប្រុស បន្ទាប់​ពី​សង្ស័យ​ថា​កូន​ប្រុស​របស់​លោក​បាន​ស្លាប់​បាត់​ទៅ​ហើយ។
យុវជន​ម្នាក់​ឈ្មោះ ស្រី រី ដែល​ត្រូវ​គ្រាប់​កាំភ្លើង​ចំ​ដៃ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី បញ្ជាក់​ថា លោក​បាន​ឃើញ​ផ្ទាល់​ភ្នែក​ថា ឈ្មោះ ឃឹម សាផាត ហៅ​ជ្រូក ពិត​ជា​ត្រូវ​គ្រាប់​ចំ​ដើម​ទ្រូង ហើយ​ត្រូវ​សមត្ថកិច្ច​លើក​ដាក់​ឡាន​ដឹក​យក​ទៅ​បាត់​មែន ប៉ុន្តែ​មិន​បាន​ដឹង​ថា ដឹក​យក​ទៅ​ទីណា​ទេ។
ជុំវិញ​ករណី​នេះ​ដែរ លោក ចាន់ សុវ៉េត អនុ​ប្រធាន​ផ្នែក​អង្កេត​របស់​សមាគម​អាដហុក ឲ្យ​ដឹង​ថា តាម​ការ​ស៊ើប​អង្កេត​របស់​អង្គការ​អាដហុក នៅ​មិន​ទាន់​រក​ឃើញ ឃឹម សាផាត នៅ​ឡើយ​ទេ។ តែ សាក្សី​បញ្ជាក់​ថា ឃឹម សាផាត អាច​ស្លាប់​ទៅ​ហើយ។ ករណី​ស្លាប់​បាត់​រក​សព​មិន​ឃើញ​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​សន្និដ្ឋាន​ថា តួលេខ​នៃ​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់ ៥​នាក់៖ «កន្លែង​ចាប់​ខ្លួន​រក​មើល​ឈ្មោះ ឃឹម សាផាត ឬ​ក៏​រក​ឈ្មោះ អ៊ុង ចាន់ធឿន ហ្នឹង​មិន​មាន​ទេ ក្នុង​ចំណោម ២៣​នាក់​ហ្នឹង ហើយ​ឈ្មោះ​អ្នក​រង​របួស​នៅ​តាម​មន្ទីរពេទ្យ ក៏​អត់​ឃើញ។ អ៊ីចឹង​យើង​អត់​ដឹង​ថា​យក​ទៅ​ណា»
កម្លាំង​រដ្ឋាភិបាល​មាន​កង​រាជ​អាវុធហត្ថ ប៉ូលិស និង​ទាហាន ប្រដាប់​ដោយ​កាំភ្លើង ខែល ដំបង និង​បំពង់​ទីប បាន​បាញ់ និង​វាយ​ទៅ​លើ​កម្មករ​ដែល​ប្រើ​ដុំ​ថ្ម​ជា​អាវុធ​គប់​តប​ត​ប្រឆាំង​នឹង​កម្លាំង​អាជ្ញាធរ។ មាន​សេចក្តី​រាយការណ៍​មិន​ច្បាស់​លាស់​ពី​ចំនួន​អ្នក​ស្លាប់​ក្នុង​ការ​បាញ់​បង្ក្រាប​នោះ ដោយ​អង្គការ​ខ្លះ​ថា​មាន​ស្លាប់ ៤​នាក់ អង្គការ​ខ្លះ​ទៀត​ថា​មាន​ស្លាប់ ៥​នាក់ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សរសេរ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ថា​ចំនួន​អ្នក​ស្លាប់​មាន​រហូត ៦​នាក់។
ដោយ​ឡែក​សមត្ថកិច្ច​វិញ នៅ​មិន​ទាន់​ទម្លាយ​ព័ត៌មាន​ពី​ចំនួន​មនុស្ស​ស្លាប់ និង​របួស​ក្នុង​ការ​បង្ក្រាប​ទៅ​លើ​ក្រុម​កម្មករ​នៅ​ឡើយ​ទេ។ យ៉ាង​ណា មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ខ្លះ​ទៀត បង្ហើប​ថា ចំនួន​អ្នក​ស្លាប់​អាច​កើន​លើស​ពី​ចំនួន​ដែល​រក​ឃើញ​ជា​បឋម​នេះ ដោយសារ​មាន​ការ​សង្ស័យ​ថា​សព​ខ្លះ​ត្រូវ​គេ​ដឹក​យក​ទៅ​ទម្លាក់​ចោល​ស្ងាត់ៗ។
អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​សម្ដែង​ការ​ហួស​ចិត្ត​ចំពោះ​ការ​លើក​ឡើង​ថា មាន​ការ​ដឹក​សព​កម្មករ​ទៅ​បោះ​ចោល​ដោយ​ស្ងាត់ៗ៖«អត់​មាន​រឿង​អ៊ីចឹង​ទេ ខ្ញុំ​សូម​ធ្វើ​ការ​បដិសេធ ហើយ​ពាក្យ​ទាំងអស់​នេះ​គ្រាន់​តែ​ធ្វើ​ឲ្យ​បរិយាកាស​វា​អាប់អួ​ក្នុង​សង្គម​ទេ»
អង្គការ​អាដហុក បាន​កំណត់​អត្តសញ្ញាណ​មនុស្ស ៥​នាក់ ដែល​ស្លាប់​នោះ រួម​មាន​ឈ្មោះ យាន ឬទ្ធី អាយុ ២៥​ឆ្នាំ មក​ពី​ខេត្ត​ព្រៃវែង ឈ្មោះ គឹម ផល្លា អាយុ ២៥​ឆ្នាំ មក​ពី​ខេត្ត​កំពង់ស្ពឺ ឈ្មោះ ខេង កុសល អាយុ ២៤​ឆ្នាំ ឈ្មោះ សម ថាវី អាយុ ២៦​ឆ្នាំ និង​ឈ្មោះ ឃឹម សាផាត អាយុ ១៦​ឆ្នាំ ដែល​រក​សព​មិន​ទាន់​ឃើញ។
យ៉ាង​ណា មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ទទូច​ឲ្យ​រាជ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ករណី​នេះ និង​ស្វែង​រក​អ្នក​ដែល​កំពុង​បាត់​ខ្លួន​ក្រោយ​ព្រឹត្តិការណ៍​បង្ក្រាប​របស់​សមត្ថកិច្ច ស្នើសុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ថា តើ​ការ​ប្រើប្រាស់​អាវុធ​បាញ់​ទៅ​លើ​កម្មករ និង​ពលរដ្ឋ ជា​អាវុធ​ស្រប​ច្បាប់​របស់​រដ្ឋ ឬ​យ៉ាង​ណា ដើម្បី​កុំ​ឲ្យ​មាន​ការ​ទម្លាក់​កំហុស​ដូច​រាល់​ដង​ទៅ​លើ​ជន​ទី​៣​ជា​អ្នក​បង្ក ស្នើសុំ​ឲ្យ​មាន​ការ​បើក​ចំហ​សិទ្ធិ​សេរីភាព​ជួប​ជុំ​ដល់​ពលរដ្ឋ​ឡើង​វិញ ជៀសវាង​ការ​ដាក់​បម្រាម​គោចរ​ណា​មួយ៕


No comments:

Post a Comment