តំណាងកម្មករ មួយចំនួន នៅខេត្តកំពង់ចាម ត្រូវបាន បណ្ដេញចេញ ពីរោងចក្រ
បើទោះបីជាគម្រោងជួបជុំរបស់កម្មកររោងចក្រ មេតថេក ខេមបូឌា (Medtecs Cambodia Co Ltd) ត្រូវបានលុបចោលនៅថ្ងៃទី៦ មករា ដោយកម្មករមួយចំនួនបានយល់ព្រមចូលធ្វើការដូចធម្មតាវិញក៏ដោយ ប៉ុន្តែក៏នៅមានបញ្ហាមួយចំនួនបានកើតឡើងដែរ។
លោក ចន ធាង៖ «បាទ! ខាងអគ្គនាយកក្រុមហ៊ុនហ្នឹងគេមិនឱ្យខ្ញុំចូលធ្វើទេ។ និយាយទៅខ្ញុំចូលទៅដល់ ខ្ញុំចូលទៅដល់កន្លែងហ្នឹងវាដេញតែម្តង! វាថាៗអត់ឱ្យធ្វើទេ។ ខ្ញុំដោយសារតែវាខ្លាចប៉ះពារគ្នានឹងក្រុមអាជ្ញាធរផង ខ្ញុំក៏ព្រមចេញដោយរលូន»។
លោកបន្តថា ដោយខ្លាចមានបញ្ហានោះ លោក និងតំណាងប៉ុន្មាននាក់ទៀត នាំគ្នាចេញមកក្រៅដោយសន្តិវិធី។ លោកបន្ថែមទៀតថា នៅពេលមិនឱ្យពួកលោកធ្វើការនោះ មានកម្មករជាច្រើនបម្រុងនឹងតវ៉ា ប៉ុន្តែលោកសម្រួល ទើបធ្វើឱ្យកម្មករស្ងប់ចិត្តវិញ។ លោកបន្តថា កម្មករដែលព្រមចូលធ្វើការនោះ គឺមានការបង្ខំពីសំណាក់រោងចក្រឱ្យព្រមទទួលយកលក្ខខណ្ឌមួយចំនួន ដូចជា ព្រមទទួលយកប្រាក់ខែគោលដែលក្រសួងបានកំណត់កាលពីពេលកន្លងទៅចំនួន ១០០ដុល្លារ សន្យាថានឹងមិនបង្កបញ្ហាដល់រោងចក្រ និងការសន្យាមួយចំនួនទៀតជាដើម។
បញ្ហានេះ អតីតប្រធានរដ្ឋបាល និងបច្ចុប្បន្នជាអ្នកបកប្រែភាសាចិន ឱ្យរោងចក្រ លោក សម សីហា បានមានប្រសាសន៍ថា លោកមិនបានដឹងពីការបណ្ដេញសហជីពចេញពីរោងចក្រនោះឡើយ ប៉ុន្តែចំពោះបញ្ហាដាក់លក្ខខណ្ឌឱ្យកម្មករនោះ លោកបញ្ជាក់ថា ដោយសារខាងកម្មករភាគច្រើនមិនមានកាតសម្គាល់ខ្លួន ដូចនេះត្រូវធ្វើលិខិតមួយដើម្បីបញ្ជាក់ថា ពួកគាត់ជាកម្មករពិតប្រាកដ។ ចំណែករឿងប្រាក់ខែគោល ១០០ដុល្លារនោះ លោកបញ្ជាក់ថា ប្រើសម្រាប់ក្នុងស្ថានភាពបច្ចុប្បន្នដែលក្រសួងបានកំណត់ប៉ុណ្ណោះ ប្រសិនបើមានការប្រែប្រួលណាមួយពីក្រសួង រោងចក្រនឹងប្រែប្រួលទៅតាមនោះដែរ។
លោក សម សីហា៖ «ពេលដែលគាត់ចូលមកមិនដឹងថាពីណាពីណី។ អ៊ីចឹងទាល់តែឱ្យពួកគាត់ធ្វើលិខិតមួយជាបណ្ដោះអាសន្ន។ រួចទៅនៅចំណុចដែលយើងចង់ឱ្យគាត់ធ្វើហ្នឹង គឺសំខាន់កូដកម្មប៉ុន្មានថ្ងៃហ្នឹងធ្វើឱ្យដឹងត្រូវខាតបង់ច្រើនណាស់។ អ៊ីចឹងយើងដាក់លក្ខខណ្ឌនៅក្នុងហ្នឹងពីរ។ ទីមួយ ចង់និយាយប្រសិនបើកម្មករស្ម័គ្រចិត្តចូលធ្វើការវិញ នៅពេលដែលចូលមកហ្នឹង កុំបង្កឱ្យមានបញ្ហាអីនៅខាងក្នុងហ្នឹងទៀត។ ទីពីរ ចង់និយាយបងមានប្រសាសន៍មិញហ្នឹងថា ១០០ដុល្លារទាមទារឱ្យគាត់មានការយល់ព្រមទៅលើហ្នឹងទេ។ អើខាងក្នុងហ្នឹងចង់និយាយថា ខាងរោងចក្របានអនុវត្តទៅតាមសេចក្តីប្រកាសរបស់ក្រសួង គឺប្រាក់បៀវត្ស ១០០ដុល្លារនៅពេលថ្មីៗហ្នឹងបង!»។
លោកបន្ថែមទៀតថា ចំពោះការកាត់ប្រាក់ខែនៅកំឡុងពេលកម្មករធ្វើបាតុកម្មនោះ ខាងរោងចក្រនឹងអនុវត្តទៅតាមសមាគមនិយោជកហៅកាត់ថា ជីម៉ាក់ (GMAC)។ ដើម្បីបញ្ចៀសការខាតបង់តទៅទៀត លោកយល់ថា កម្មករទាំងអស់គប្បីចូលធ្វើការដូចធម្មតាវិញ។
រីឯអនុប្រធានសហព័ន្ធសហជីពមួយរូបទៀត អ្នកស្រី កឹម ស្រីអូន កំពុងតែរស់នៅក្នុងភាពភិតភ័យ ពីព្រោះនៅពេលប៉ុន្មានថ្ងៃមកនេះ ដោយមានខាងសមត្ថកិច្ចចេះតែជិះម៉ូតូនៅក្នុងភូមិ ដើម្បីរកផ្ទះរបស់គាត់ដែលធ្វើឱ្យអ្នកស្រីយល់ថា វាជារឿងគំរាមកំហែងតែម្តង។ អ្នកស្រីបន្តថា សង្គមខ្មែរនាពេលនេះ អ្នកនិយាយការពិតដើម្បីភាពយុត្តិធម៌នៅក្នុងសង្គម តែងត្រូវបានវិនាស។
អ្នកស្រី កឹម ស្រីអូន៖ «រាល់ថ្ងៃវាតូចចិត្តថាខ្លួនឯងជាកូនខ្មែរដែរ ចង់រើបម្រាស់ចង់បានសេរីភាព ឬភាពយុត្តិធម៌ខ្លួនឯង ដល់ពេលហារមាត់យើងនិយាយដោយភាពជាក់ស្តែង ដោយយើងស្មោះត្រង់ឃើញល្អដែលថាល្អ ឃើញអាក្រក់និយាយថាអាក្រក់ ដល់ពេលយើងនិយាយទៅអត់បានដឹងថាគ្រាប់កាំភ្លើងចូលមាត់ហើយ ដឹងយ៉ាងម៉េចនៅក្នុងសង្គមខ្មែរយើងបច្ចុប្បន្ននេះ?»។
អភិបាលរងខេត្តកំពង់ចាម និងជាប្រធានដោះស្រាយទំនាស់បាតុកម្ម និងកូដកម្ម លោក ជីម លាវ មិនទាន់អាចបកស្រាយជុំវិញការគំរាមដោយប្រយោលពីសំណាក់សមត្ថកិច្ចទៅលើតំណាងកម្មករបានទេ ពីព្រោះលោកនៅមិនទាន់ទទួលបានព័ត៌មាននេះ។
ចំណែកឯប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) នៅខេត្តកំពង់ចាម លោក នាង សាវ៉ាត បានមានប្រសាសន៍ថា ប្រសិនបើមានករណីបែបនេះមែន គឺជាការដើរផ្ទុយទៅនឹងផ្លូវច្បាប់ដែលមានចែង ពីព្រោះវាជាករណីគំរាមកំហែងដល់សន្តិសុខផ្លូវចិត្ត និងផ្លូវកាយរបស់បុគ្គលផ្ទាល់ ដែលលោកបញ្ជាក់ថា ការគំរាមកំហែង ឬបំភិតបំភ័យនរណាម្នាក់ គឺជាបទល្មើសផ្នែកព្រហ្មទណ្ឌ៕
No comments:
Post a Comment