Paris Peace Accords 23 Oct. 1991

Tuesday, January 14, 2014

អ្នកវិភាគ​៖ ​ព្រះមហាក្សត្រី​ មិន​អាច​ធ្វើ​ជា​ នាយករដ្ឋមន្ត្រី​ឯករាជ្យ​បាន​ទេ​​

អ្នកវិភាគ​៖ ​ព្រះមហាក្សត្រី​ មិន​អាច​ធ្វើ​ជា​ នាយករដ្ឋមន្ត្រី​ឯករាជ្យ​បាន​ទេ​​

ដោយ៖​ អ៊ឹង ប៊ុនថន​ | ថ្ងៃអង្គារ ទី14 ខែមករា ឆ្នាំ2014 | 2 ម៉ោង មុន

ព្រះមហាក្សត្រី​នរោត្តម មុនីនាថ សីហនុ​
អ្នកវិភាគ បាន​លើកឡើង​ថា ព្រះមហាក្សត្រី​ប្រទេស​កម្ពុជា​ មិន​អាច​យាង​ធ្វើ​ជា​ នាយករដ្ឋមន្ត្រី​ឯករាជ្យ​បានទេ​ ដោយសារ​ខុស​នឹង​ច្បាប់រដ្ឋធម្មនុញ្ញ​។​
​ការលើកឡើង​នេះ គឺ​បន្ទាប់ពី​អតីត​ឧបនាយករដ្ឋមន្ត្រី​ម្នាក់ មកពី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ទួល​ព្រះមហាក្សត្រី​នរោត្តម មុនីនាថ សីហនុ ទ្រង់​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ឯករាជ្យ ក្នុង​រយៈ​ពេល​​ពីរ​ឆ្នាំ ដើម្បី​ដោះស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជា​។​
​ប៉ុន្តែ​បណ្ឌិត វិទ្យាសាស្ត្រ​នយោបាយ លោក សុខ ទូច មានប្រសាសន៍ថា ការស្នើ​នេះ​មិន​អាច​ទៅរួច​ទេ ដោយសារ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ <<​ព្រះ​សម្ដេចម៉ែ​លោក អត់​មាន​ធ្វើ​នយោបាយ ក៏​អត់​មាន​ដែល​ធ្វើ យើង​មាន​ស្ដេច ចឹង​បើ​ប្រទេសជាតិ​ស្ថិតនៅ​ក្នុង​ភាពប្រកាស​អាសន្ន​ព្រះមហាក្សត្រ​លោក​មាន​ព្រះរាជ​តួនាទី​ធ្វើ​ជា​ប្រមុខ​រដ្ឋ​រួច​ហើយ ចឹង​គ្រាន់តែ​ប្រមុខ​រាជរដ្ឋាភិបា​លវា​មិន​សំខាន់​ទេ កាលណា​សម្ដេចម៉ែ​ខុស​នឹង​រដ្ឋធម្មនុញ្ញ ឆ្ងាយ​ណាស់ ឆ្ងាយ​មែនទែន ហ្នឹង​មិន​និយាយ​អំពី​ជី​វប្រ​វត្ដិ​អី​នាំតែ​ទាក់ទិន​ទេ >> ។​
ច្បាប់​រដ្ឋធម្មនុញ្ញ​ចែង​ថា ព្រះមហាក្សត្រ​ទ្រង់​គ្រង​រាជ​តែ​មិន​កាន់អំណាច​។ ប៉ុន្តែ​ច្បាប់​កំពូល​នេះ មិន​មាន​ចែង​ពី​ព្រះរាជតួនាទី​របស់​ព្រះ​អគ្គមហេសី​របស់​ព្រះមហាក្សត្រ​ទេ​។
​នៅក្នុង​លិខិត​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ព្រះករុណា ព្រះបាទ​ព្រះបរមនាថ នរោត្តម សីហ​មុនី ចុះ​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៤ របស់លោក លឺ ឡាយស្រេង អតីត​ឧបនាយករដ្ឋមន្ត្រី មកពី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច បានសរសេរថា ក្រោយ​ការបោះឆ្នោត​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ភាពជាប់គាំង​ផ្នែក​នយោបាយ បាន​ធ្វើឲ្យ​ប្រទេស​កម្ពុជា ជួប​នូវ​ប្រទះ​នូវ​បញ្ហា​ដ៏​ធ្ងន់​ធ្ងរ​។ លិខិត​របស់​លោក លឺ ឡាយស្រេង បាន​ផ្តល់​នូវ​អនុសាសន៍​ចំនួន ៤​ចំណុច ​ក្នុង​នោះ ស្នើ​ឲ្យ​ព្រះអង្គ​កោះ​អញ្ជើញ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ដោយ​ត្រាស់​បង្គាប់​ឲ្យ​គណបក្ស​ទាំង​ពីរ​នេះ ថា​ឈ្នះ​ឆ្នោត​ទាំងអស់គ្នា ដឹកនាំ​រាជរដ្ឋាភិបាល​ពាក់កណ្តាល​ម្នាក់ ដែល​ឯករាជ្យ​ពីគ្នា ហើយ​គណបក្ស​ទាំង​ពីរ​ត្រូវមាន​ឧបនាយក​រដ្ឋមន្ត្រី​ស្មើៗ​គ្នា ក្រោម​ការដឹកនាំ​របស់​នាយករដ្ឋមន្ត្រី​ឯករាជ្យ​ម្នាក់​។​
​លិខិត​ដដែល​បន្តថា ចំពោះ​នាយក​រដ្ឋមន្ត្រី​ឯករាជ្យ គួរ​ជ្រើសរើស​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ជា​អ្នកទទួល​ភារកិច្ច​បណ្តោះ​អាសន្ន​​ក្នុង​រយៈពេល​ពីរ​ឆ្នាំ សម្រាប់​ទទួល​សំណើរ​ពី​រដ្ឋមន្ត្រី​នីមួយៗ ហើយ​កងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់ ត្រូវ​ស្ថិត​នៅក្រោម​ការគ្រប់​គ្រង​​របស់​ព្រះមហាក្សត្រ និង​ជ្រើសរើស​សមាជិក គជប ឯករាជ្យ​ថ្មី​មួយ ដែល​មាន​ភាពយុត្តិធម៌​។
​អតីត​ព្រះ​រាជលេខា​ផ្ទាល់​សម្តេច​ឪ នរោត្តម​ សីហនុ ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ បាន​គាំទ្រ​គំនិត​របស់​លោក លឺ ឡាយស្រេង ប៉ុន្តែ​បញ្ហា​ត្រង់​ថា សំណើ​រនោះ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​<<​ខ្ញុំ​សូម​សរសើរ​ឯកឧត្ដម លឺ ឡាយស្រេង គំនិត​គាត់​ល្អ​ណាស់ ប៉ុន្ដែ​បញ្ហា​ត្រង់​យើង​មាន​រដ្ឋធម្មនុញ្ញ ហើយ​រដ្ឋធម្មនុញ្ញ​បាន​ចែង​ច្បាស់​ថា នាយក​រដ្ឋមន្ដ្រី​ត្រូវតែ​ជា​តំណាងរាស្ដ្រ​ជាប់ឆ្នោត ហើយ​នឹង​ចេញពី​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​ដូច្នេះ​ការស្នើ​របស់​ឯកឧត្ដម លឺ ឡាយស្រេង ហ្នឹង​វា​មាន​ឧបសគ្គ​ជាមួយ​រដ្ឋ​ធម្មនុញ្ញ​>> ។​
​ទោះជា​យ៉ាងណា ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ បាន​លើក​អនុសាសន៍​មួយ​ទៀត គឺ​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ <<​ហើយ​នឹង​ចេញ​រួច​ពេលណា​ដែល​គណបក្ស​ទាំងពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួបគ្នា ឯកភាពគ្នា ឧទាហរណ៍​ថា ព្រះមហាក្សត្រ​ជា​សាក្សី ហើយ​ជា​អ្នក​ណែនាំ​មូលមាត់គ្នា​ថា ឥឡូវ​យើង​ប្រជុំ​សភា ជា​ផ្លូវការ​ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​អនុម័ត​ការស្នើ​របស់​ឯកឧត្ដម លឺ ឡាយស្រេង អាហ្នឹង​អាច​ហ្នឹង​ចេញរួច​>> ។​
​ក្រុម​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​សង្គ្រោះ​ជាតិ មិនអាច​ទាក់ទង​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។​​    ​
សម្រាប់​លោក គល់ បញ្ញា នាយក​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​មួយ ហៅ​កាត់​ថា​ខុ​មហ្រ្វែល មានប្រសាសន៍ថា អ្វីៗ​អាច​ធ្វើទៅបាន អាស្រ័យ​លើ ឆន្ទៈ​របស់​មេដឹកនាំ​គណបក្ស​ជាប់​​ឆ្នោត​ទាំងពីរ​៕

No comments:

Post a Comment