លោក សុន ឆ័យ (កណ្តាល) ប្រកាសរំសាយវេទិកានៅខេត្តកំពង់ចាម (រូបថត ញឹម សុខន)
គណបក្សសង្គ្រោះជាតិ ប្រកាស រំសាយ ការជួបជុំ ជាមួយ អ្នកគាំទ្រ នៅខេត្តកំពង់ចាម
ដោយ៖ ញឹម សុខន | ថ្ងៃអាទិត្យ ទី26 ខែមករា ឆ្នាំ2014
គណបក្សសង្គ្រោះជាតិ ប្រកាសរំសាយវេទិកាសំណេះសំណាលជាមួយអ្នកគាំទ្រខ្លួន នៅខេត្តកំពង់ចាម ខណៈដែលសមត្ថកិច្ចក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានចល័តកងកម្លាំងប្រដាប់អាវុធ និងគៀងគរប្រជាពលរដ្ឋនៅទីក្រុងកំពង់ចាម ដើម្បីបង្កចលាចល និងបំភិតបំភ័យប្រជាពលរដ្ឋផ្សេងទៀត ដែលចង់ចូលរួមវេទិកាសំណេះសំណាលនោះ។
លោក សុន ឆ័យ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានប្រកាសនៅក្នុងវេទិកា ដែលគ្រោងធ្វើនៅទីស្នាក់ការគណបក្សនៅក្រុងកំពង់ចាម នៅម៉ោងប្រមាណជាង១១ព្រឹកនេះថា ការប្រកាសរំសាយវេទិកាសំណេះសំណាលជាមួយអ្នកគាំទ្រ ក្រោមការដឹកនាំរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិនេះ ដោយសារបារម្ភខ្លាចមានការប្រឈមមុខគ្នា។
បើតាមលោក កឹម សុខា សមត្ថកិច្ចក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានចល័តកងកម្លាំងប្រដាប់អាវុធ និងគៀងគរប្រជាពលរដ្ឋនៅទីក្រុងកំពង់ចាម តាំងពីល្ងាចទី២៥ និងនៅព្រឹកថ្ងៃទី២៦ ខែមករានេះ ដើម្បីបង្កចលាចល បំភិតបំភ័យប្រជាពលរដ្ឋ ដែលចង់ចូលរួមវេទិកាសំណេះសំណាលនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិខេត្តកំពង់ចាម នៅម៉ោង៨ព្រឹកនេះ។
វីអូឌី នៅពុំទាន់អាចសុំការអត្ថាធិប្បាយពីអាជ្ញាធរខេត្តកំពង់ចាម ជុំវិញករណីនេះបាននៅឡើយទេ។
គួរបញ្ជាក់ថា នេះជាលើកទីពីរហើយ ដែលមានការរំខានទៅលើវេទិកាសំណេះសំណាលរបស់គណបក្សសង្គ្រោះជាតិ។ កាលថ្ងៃទី២១ខែមករា កន្លងទៅនេះ គណបក្សសង្គ្រោះជាតិ ក៏បានប្រកាសលុបចោលភ្លាមៗផងដែរ ចំពោះគម្រោងជួបសំណេះសំណាលជាមួយពលរដ្ឋ ស្ថិតនៅឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ខណៈសមត្ថកិច្ចរាប់រយនាក់ ត្រៀមដាក់រារាំង ការជួបសំណេះសំណាលនោះ៕
No comments:
Post a Comment