Paris Peace Accords 23 Oct. 1991

Friday, January 10, 2014

សមាគម​ មន្ត្រី​រាជការ​ ប្រកាស​ ឲ្យ​ មន្ត្រី​រាជការ​ ទាំងអស់​ ចូល​រួម​កូដកម្ម​ ដំឡើង​ប្រាក់​ខែ

សមាគម​ មន្ត្រី​រាជការ​ ប្រកាស​ ឲ្យ​ មន្ត្រី​រាជការ​ ទាំងអស់​ ចូល​រួម​កូដកម្ម​ ដំឡើង​ប្រាក់​ខែ

ស្រប​ពេល​ ដែល​ក្រុម​កម្មករ និង​ក្រុម​គ្រូបង្រៀន​ កំពុង​តវ៉ា​ ដំឡើង​ប្រាក់​ខែ​គោល សមាគម​ មន្ត្រី​រាជការ​ ឯករាជ្យ​កម្ពុជា ដែល​ធ្វើ​ការងារ​ លើក​កម្ពស់​ជីវភាព​ មន្ត្រី​រាជការ បាន​ប្រកាស​ ឲ្យមន្ត្រី​រាជការ​ នៅ​ទូទាំង​ប្រទេស​ ចូល​រួម​កូដកម្ម​ ទាមទារ​ ដំឡើង​ប្រាក់​ខែ​ដែរ។
ដោយ សុ ជីវី / វិទ្យុអាស៊ីសេរី | ០៩ មករា ២០១៤ 
គ្រូ​បង្រៀន កូដកម្ម ៦១០
លិខិត​របស់​សមាគម​មន្ត្រី​រាជការ​ឯករាជ្យ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ស៊ីកា (CICA) ចុះ​ថ្ងៃ​ទី​៨ ខែ​មករា បាន​អំពាវនាវ​អោយ​មន្ត្រី​រាជការ​ចូល​រួម​បាតុកម្ម ដោយ​ការ​មិន​ទៅ​កន្លែង​ធ្វើ​ការ ឈប់​សម្រាក ឬ​ព្យួរ​ការងារ​ជា​ដើម ដើម្បី​ជំរុញ​អោយ​រដ្ឋាភិបាល​យល់​ព្រម​ដំឡើង​ប្រាក់​ខែ​គោល​មន្ត្រី​រាជការ​អោយ​បាន ២​លាន​រៀល​ក្នុង​មួយ​ខែ។
ប្រធាន​សមាគម​មន្ត្រី​រាជការ​ឯករាជ្យ លោក កៅ ពឿន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៩ មករា ថា សមាជិក​សមាគម​របស់​លោក​បាន​ចាប់​ផ្ដើម​ធ្វើ​កូដកម្ម ដោយ​មិន​ចូល​ធ្វើ​ការ​ជា​ច្រើន​ថ្ងៃ​មក​ហើយ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ។ លោក កៅ ពឿន សង្ឃឹម​ថា​នឹង​មាន​មន្ត្រី​រាជការ​ជា​ច្រើន​បន្ថែម​ទៀត ចូល​រួម​ក្នុង​ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​នេះ។ យ៉ាង​នេះ​ក្ដី លោក​បញ្ជាក់​ថា បើ​ទោះ​ជា​រដ្ឋាភិបាល​មិន​អាច​ដំឡើង​ប្រាក់​ខែ​ក្នុង​ពេល​នេះ ក៏​គួរ​តែ​រដ្ឋាភិបាល​កំណត់​រយៈពេល​ណា​មួយ​ដែល​អាច​ដំឡើង​ប្រាក់​ខែ​អោយ​បាន​ដូច​ការ​ទាមទារ។
«សំឡេង»
មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ហៅ​ការ​អំពាវនាវ​នេះ​ថា ជា​ទង្វើ​ខុស​ច្បាប់ ជា​ការ​ញុះញង់​អោយ​ធ្វើ​ដំណើរ​ការងារ​របស់​ប្រទេស​នេះ​ជាប់​គាំង។ លោក ផៃ ស៊ីផាន បញ្ជាក់​ទៀត​ថា មន្ត្រី​រាជការ​ដែល​ចូល​រួម​កូដកម្ម​បាតុកម្ម​ដោយ​មិន​ធ្វើ​ការ អាច​ប្រឈម​នឹង​ការ​បញ្ឈប់​ពី​ការងារ។
«សំឡេង»
ទាក់ទង​នឹង​ការ​ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជការ រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​មួយ​កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា ដោយ​សម្រេច​ដំឡើង​ប្រាក់​ខែ​មូលដ្ឋាន​ដល់​មន្ត្រី​រាជការ និង​ប្រាក់​ថ្លៃ​អាហារ​កង​យោធិន នគរបាល​ជាតិ និង​មន្ត្រី​ពន្ធនាគារ និង​ផ្ដល់​ប្រាក់​កម្រៃ​បន្ថែម​ដល់​គ្រូ​បង្រៀន​ជាប់​កិច្ច​សន្យា ក្នុង​នោះ មន្ត្រី​រាជការ​ទទួល​បាន​ប្រាក់​ខែ​បន្ថែម ៤​ម៉ឺន ឬ ៨​ម៉ឺន​រៀល​ទៅ​តាម​ប្រភេទ​ក្របខ័ណ្ឌ​របស់​ខ្លួន។ ចំណែក​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ នគរបាល​ជាតិ និង​មន្ត្រី​ពន្ធនាគារ ទទួល​បាន​ប្រាក់​ថ្លៃ​អាហារ​បន្ថែម​ចំនួន ៤​ពាន់ ២០០​រៀល​ក្នុង​១​ថ្ងៃ។ ចំណែក​គ្រូ​បង្រៀន​ជាប់​កិច្ច​សន្យា ទទួល​បាន​ប្រាក់​បន្ថែម​ចំនួន ៤​ម៉ឺន​រៀល។ យ៉ាង​នេះ​ក្តី សមាគម​មន្ត្រី​រាជការ​ឯករាជ្យ​ចាត់​ទុក​ថា ការ​ដំឡើង​នោះ គឺ​មាន​កម្រិត​តិចតួច​ដែល​ពុំ​សមស្រប​នឹង​ទំនិញ​នៅ​លើ​ទីផ្សារ៕


No comments:

Post a Comment