អង្គការ លើកកម្ពស់សិទ្ធិស្ត្រី ចំនួន៧ ស្នើឲ្យលោក ហ៊ុន សែន ដោះស្រាយស្ថានភាពវឹកវរ បន្ទាន់
ដោយ៖ ពៅ មេត្តា / វិទ្យុ វីអូឌី | ថ្ងៃអង្គារ៍ ទី7 ខែមករា ឆ្នាំ2014
កងសមត្ថកិច្ចដែលចុះទៅបង្ក្រាបហ្វូងកម្មករ នៃតាមបណ្តោយផ្លូវវេងស្រេង ថ្ងៃទី៣ មករា ឆ្នាំ២០១៤ (រូបភាពដោយ តាត ឧត្តម)
អង្គការសង្គមស៊ីវិលដែលធ្វើការងារលើកកម្ពស់សិទ្ធិស្ត្រី ក្នុងប្រទេសកម្ពុជា សម្តែងការសោកស្តាយ ចំពោះសមត្ថកិច្ចប្រើហិង្សាលើកម្មករ ហើយបានអំពាវនាវឲ្យលោកនាយករដ្ឋ មន្ត្រី ហ៊ុន សែន ដោះស្រាយភាពវឹកវរនេះជាបន្ទាន់។
ក្នុងលិខិតរួមរបស់អង្គការសង្គមស៊ីវិល ធ្វើការផ្តោតលើសិទ្ធិស្ត្រីចំនួន៧ ផ្ញើជូនលោកនាយករដ្ឋមន្ត្រី ចុះថ្ងៃទី៤ ខែកមរា បានហៅព្រឹត្តិការណ៍សមត្ថកិច្ចបង្ក្រាបលើកម្មករកាល ពីថ្ងៃទី២ និងទី៣ខែមករានោះថា ជាព្រឹត្តិការណ៍ហិង្សាដ៏រន្ធត់ ដែលបានកើតឡើងបណ្តាលឲ្យកម្មករ ប្រជាពលរដ្ឋ ស្លូតត្រង់ ស្លាប់ និងរបួសធ្ងន់ធ្ងរ។
អង្គការទាំង៧នោះរួមមានបណ្តាញយេនឌ័រ និងអភិវឌ្ឍន៍ អង្គការCPWP មជ្ឈមណ្ឌល ស្ត្រីកម្ពុជា អង្គការសីលការ និងអង្គការGADC ជាដើម។
ហិង្សាពេលសមត្ថកិច្ចបង្ក្រាបលើកម្មករកាលពីថ្ងៃទី២ និងទី៣ បានបណ្តាលឲ្យកម្មករ និងប្រជាពលរដ្ឋ៥នាក់ស្លាប់ ២៣រងការវាយដំមានរបួសរួចចាប់ខ្លួន និងប្រមាណ៤០នាក់រងរបួស។
តែក្រោយហេតុការណ៍នោះ លោក គាត ច័ន្ធថារិទ្ធិ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលជាតិ លើកឡើងថា សមត្ថកិច្ចមិនមានបំណងសម្លាប់កម្មករ ឬប្រជាពលរដ្ឋទេ គឺគ្រាន់តែប្រើសិទ្ធិការពារខ្លួន ពេលចុះទៅរៀបចំសណ្តាប់ធ្នាប់នៅតំបន់នោះតែប៉ុណ្ណោះ៕
No comments:
Post a Comment