Paris Peace Accords 23 Oct. 1991

Saturday, January 25, 2014

មន្ត្រី​ ជាន់​ខ្ពស់​ រដ្ឋាភិបាល​ នឹង​ឡើង​ ការពារ​របាយការណ៍​ នៅ​ក្រុម​ប្រឹក្សា​ សិទ្ធិ​មនុស្ស

សិទ្ធិ​មនុស្ស​៦៥ រតនគិរី ៦១០
សកម្មភាព​ហែ​ក្បួន​របស់​ប្រជាពលរដ្ឋ មន្ត្រី​រាជការ អង្គការ​សង្គម​ស៊ីវិល ក្នុង​ខួប​លើក​ទី​៦៥ ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៣។ (រូបថត RFA / Ratha Visal)

មន្ត្រី​ ជាន់​ខ្ពស់​ រដ្ឋាភិបាល​ នឹង​ឡើង​ ការពារ​របាយការណ៍​ នៅ​ក្រុម​ប្រឹក្សា​ សិទ្ធិ​មនុស្ស

នៅ​ថ្ងៃ​អង្គារ ដើម​សប្ដាហ៍​​ ខាង​មុខ​នេះ រដ្ឋាភិបាល​ នឹង​ឡើង​ការពារ​របាយការណ៍​ របស់​ខ្លួន អំពី​កម្មវិធី​ កែ​ទម្រង់​ ផ្នែក​សិទ្ធិ​មនុស្ស​ ចំនួន ៧​ចំណុច ដែល​បាន​ដាក់​ ទៅ​ ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ អង្គការ​ សហប្រជាជាតិ ក្នុង​ពេល​កន្លង​ទៅ។ លើស​ពី​នេះ​ទៀត រដ្ឋាភិបាល​ បញ្ជាក់​ថា ​នឹង​ពុំ​មាន​ ឧបសគ្គ​ ណា​មួយ​ឡើយ​​ ក្នុង​ការ​ ការពារ​របាយការណ៍​ នេះ, ថ្វី​បើ​ មាន​ភាព​ផ្ទុយ​គ្នា​ រវាង​​ របាយការណ៍​ របស់​ រដ្ឋាភិបាល និង​ដៃគូ​ពាក់ព័ន្ធ​ ក៏ដោយ។
ដោយ ម៉ម មុនីរតន៍ / អាស៊ីសេរី | ២៤ មករា ២០១៤
មន្ត្រី​រដ្ឋាភិបាល​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​មាន​សុឆន្ទៈ​ថា កម្ពុជា នឹង​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​បន្ថែម​ទៀត​លើ​ផ្នែក​សិទ្ធិ​មនុស្ស​នេះ ដោយ​ចាត់​ទុក​ថា បើ​ទោះ​ជា​អនុសាសន៍​ជាង ៩០​ចំណុច ដែល​កម្ពុជា បាន​ទទួល​ក្នុង​កិច្ច​ប្រជុំ​សម្រាប់​ក្របខ័ណ្ឌ​នៃ​ការ​ត្រួត​ពិនិត្យ​ជា​សកល ស្ដីពី​សិទ្ធិ​មនុស្ស​នូវ​មាន​ចំណុច​ចន្លោះ​ប្រហោង​ក៏ដោយ​ចុះ តែ​ថា​កម្មវិធី​កែ​ទម្រង់​មួយ​ចំនួន​ទាំង​នោះ បាន​ស្ថិត​ក្នុង​របៀបវារៈ​នៃ​គោល​នយោបាយ​របស់​រដ្ឋាភិបាល និង​បាន​អនុវត្ត​ខ្លះ​រួច​ទៅ​ហើយ។
អនុ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល លោក ម៉ក់ សម្បត្តិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៤ មករា ថា លោក​នឹង​ដឹក​នាំ​គណៈប្រតិភូ​រាជ​រដ្ឋាភិបាល​មួយ​ក្រុម ដើម្បី​ទៅ​ចូល​រួម​ឡើង​ការពារ​របាយការណ៍​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ទីក្រុង​ហ្សឺណែវ នៅ​ថ្ងៃ​អង្គារ ដើម​សប្ដាហ៍​ខាង​មុខ​ទៀត​នេះ។ លោក​បន្ត​ថា រដ្ឋាភិបាល​ពុំ​មាន​ការ​ព្រួយ​បារម្ភ ឬ​គិត​ថា​មាន​ឧបសគ្គ​ឡើយ បើ​ទោះ​ជា​មាន​របាយការណ៍​ពី​ដៃគូ​ពាក់ព័ន្ធ ក្នុង​នោះ​មាន​អង្គការ​សង្គម​ស៊ីវិល ជាដើម វាយ​លុក​រដ្ឋាភិបាល​ក៏ដោយ​ចុះ។ លោក​គិត​ថា អ្វី​ដែល​ខ្វះ​ចន្លោះ​នោះ រដ្ឋាភិបាល​អាច​កែកុន ឬ​ប៉ះប៉ូវ​ក្នុង​របៀបវារៈ​នៃ​កម្មវិធី​នយោបាយ ក្នុង​អាណត្តិ​បន្ទាប់​បាន ជាពិសេស​នឹង​អាច​ពិគ្រោះ​យោបល់​រវាង​ដៃគូ​សន្ទនា ហើយ​លើក​ផែន​ការ​អនុវត្ត​បន្ត។
«សំឡេង»
បើ​ទោះ​ជា​បែប​ណា រដ្ឋាភិបាល​កម្ពុជា នៅ​តែ​ត្រូវ​គេ​ស្តី​បន្ទោស​ថា មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នៅ​ឡើយ ជាពិសេស​ការ​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ មាន​យោធា និង​កង​រាជ​អាវុធហត្ថ បាញ់​បង្ក្រាប​ប្រឆាំង​ក្រុម​សិទ្ធិ​មនុស្ស និង​កម្មករ ជាដើម។
កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៣ កន្លង​មក​នេះ កម្ពុជា បាន​ដាក់​របាយការណ៍​ជុំ​ទី​ពីរ​របស់​ខ្លួន ស្ដីពី​សិទ្ធិ​មនុស្ស​ក្នុង​នាម​ជា​រដ្ឋ​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស អង្គការ​សហប្រជាជាតិ។ ដោយ​ឡែក ក្នុង​ជុំ​ទី​មួយ​វិញ គឺ​កាល​ពី​បួន​ឆ្នាំ​កន្លង​ទៅ កម្ពុជា ទទួល​បាន​អនុសាសន៍​ចំនួន ៩១​ចំណុច ស្ដីពី​កំណែ​ទម្រង់​សិទ្ធិ​មនុស្ស​ពី​រដ្ឋ​ជា​សមាជិក ១៩២​ប្រទេស។
ក្រៅ​ពី​នេះ មន្ត្រី​រដ្ឋាភិបាល​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស ឲ្យ​ដឹង​ថា ដោយសារ​របាយការណ៍​ក្នុង​ជុំ​ទី​ពីរ​នេះ​ត្រូវ​បាន​កំហិត​ត្រឹម ២០​ទំព័រ ហើយ​ជា​ភាសា​អង់គ្លេស​ផង ហេតុ​នេះ​របាយការណ៍​ជា​ថ្មី​ទៀត​នេះ ត្រូវ​បង្ខំ​ច្របាច់​បញ្ចូល​គ្នា​ឲ្យ​នៅ​ខ្លី​ត្រឹម ៧​ចំណុច ជា​អាទិ៍ ការ​ផ្ដល់​សច្ចាប័ន​តាម​សន្ធិសញ្ញា​អង្គការ​សហប្រជាជាតិ សិទ្ធិ​ដីធ្លី នីតិរដ្ឋ ការ​បោះ​ឆ្នោត ពន្ធនាគារ និង​ការ​ប្រឆាំង​ការ​ធ្វើ​ទារុណកម្ម នីតិរដ្ឋ​លើ​ប្រព័ន្ធ​យុត្តិធម៌ និង​ចំណុច​ចុង​ក្រោយ អំពី​ស្ត្រី និង​កុមារ។
ដោយ​ឡែក សម្រាប់​អង្គការ​សង្គម​ស៊ីវិល​វិញ ក៏​បាន​ដាក់​របាយការណ៍​របស់​ខ្លួន​ដែរ កាល​ពី​ខែ​មេសា ឆ្នាំ​២០១៣។ សំណុំ​រឿង​ប្រហាក់​ប្រហែល​គ្នា​នេះ យ៉ាង​ហោច​ណាស់​មាន ១៨​សំណុំ​រឿង ជាពិសេស​បញ្ហា​ចម្បង គឺ​ឯករាជ្យ​ភាព​របស់​ប្រព័ន្ធ​យុត្តិធម៌ បញ្ហា​ដីធ្លី និង​ការ​រំលោភ​សិទ្ធិ​មនុស្ស ជាដើម។
លោក សួន ប៊ុនស័ក្តិ ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​ថា ច្រាក់ (Chrac) ចាត់​ទុក​ថា កម្ពុជា នៅ​តែ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​ឡើយ បើ​ទោះ​ជា​បាន​សន្យា​ក្នុង​ការ​ធានា​អំពី​ការ​គោរព​សិទ្ធិ​មនុស្ស​យ៉ាង​ណា​ក៏ដោយ។ លោក​គិត​ថា ការ​គោរព​សិទ្ធិ​មនុស្ស​របស់​កម្ពុជា ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ គឺ​មាន​តែ​លើ​ក្រដាស​ប៉ុណ្ណោះ។
«សំឡេង»
ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ពុំ​មាន​សិទ្ធិ​ចាប់​បង្ខំ​រាល់​សមាជិក​នៃ​រដ្ឋ​ជា​ភាគី​ណា​មួយ ក្រៅ​ពី​ផ្ដល់​អនុសាសន៍ និង​ត្រួត​ពិនិត្យ​ការ​អនុវត្ត​លើ​កម្មវិធី​កែ​ទម្រង់​ក្រោយ​ពី​កិច្ច​ប្រជុំ​ឡើយ៕


No comments:

Post a Comment