នៅថ្ងៃអាទិត្យទី១២ មករានេះ កងកម្លាំងសមត្ថកិច្ចប្រមាណ ១០ ឬ ២០នាក់ ត្រូវបានដាក់ពង្រាយតាមគោលដៅនិមួយៗគ្រប់ច្រកល្ហក នៅក្នុងក្រុងបាត់ដំបង ពិសេសនៅម្តុំផ្សារបឹងឈូក ទីដែលមេគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ចុះសួរសុខទុក្ខប្រជាជនខេត្តបាត់ដំបង។ លើសពីនេះ នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលជាទីតាំងជួបជុំសកម្មជនបក្សសង្គ្រោះជាតិជាងពីរពាន់នាក់ ក៏ឋិតក្រោមក្រសែភ្នែករាប់សិបគូ របស់កងកម្លាំងមានសមត្ថកិច្ចផងដែរ។
យ៉ាងណាក៏ដោយ មិនមានការប៉ះទង្គិច ឬក៏ការហាមឃាត់មិនអោយមានការជួបប្រជុំគ្នាស្តាប់ការថ្លែងសារនយោបាយរបស់មេបក្សទាំងពីរ គឺលោក សម រង្ស៊ី និងលោក កឹម សុខា នោះទេ។ នេះបើតាមការអោយដឹងពីលោក ហេង សាយហុង អ្នកសង្កេតការណ៍សិទ្ធិមនុស្សរបស់អង្គការលីកាដូ ប្រចាំនៅខេត្តបាត់ដំបង។
នៅក្នុងដំណើរចុះមូលដ្ឋានជួបសកម្មជន និងអ្នកគាំទ្រនៅឯក្រុងបាត់ដំបង នាព្រឹកថ្ងៃអាទិត្យនេះ លោក កឹម សុខា បានថ្លែងថា គណបក្សសង្គ្រោះជាតិនឹងបន្តធ្វើបាតុកម្មអហិង្សា រហូតដល់ទទួលបានដំណោះស្រាយ។ ដំណោះស្រាយ ដែលលោក កឹម សុខា បញ្ជាក់ថា គឺជាបោះឆ្នោតឡើងវិញស្របតាមឆន្ទៈរាស្ត្រ។ លោកបន្តថា ការបោះឆ្នោតឡើងវិញបាន ត្រូវប្រព្រឹត្តទៅតាមបីដំណាក់កាលសំខាន់ៗគឺ ទី១-ដូរគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចេញ។ ទី២-ប្រជាពលរដ្ឋដែលបាត់ឈ្មោះអាចចុះឈ្មោះឡើងវិញ ហើយទី៣ចុងក្រោយនោះគឺ គណបក្សសង្គ្រោះជាតិត្រូវទទួលបានសិទ្ធិក្នុងការបង្កើតវិទ្យុ និងទូរទស្សន៍ ។
ចំនែក លោក សម រង្ស៊ី វិញ បន្ទាប់ពីថ្លែងកាន់ជើងរដ្ឋាភិបាលចិនតាមរយៈការសម្ភាសន៍ជាមួយទូរទស្សន៍ចិនម្តងហើយនោះ នាព្រឹកនេះ លោកបានបន្តប្រកាសជំហរគាំទ្ររដ្ឋាភិបាលចិន ក្នុងជម្លោះដែនទឹករវាងប្រទេសចិន និងវៀតណាមទៀត។ យ៉ាងណាក៏ដោយ លោកបាននិយាយថា លោកប្រកាសរក្សាទំនាក់ទំនងល្អជាមួយរាល់ប្រទេសណាក៏ដោយ ដែលគោរពអធិបតេយ្យភាពកម្ពុជា និងផលប្រយោជន៍ជាតិកម្ពុជា។
សូមបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ បានផ្តើមដំណើរចុះពង្រឹងមូលដ្ឋាន នៅខេត្តជុំវិញបឹងទន្លេសាប រយៈពេលបីថ្ងៃ គឺកាលពីថ្ងៃសុក្រ លោកបានទៅជួបសកម្មជនអ្នកគាំទ្រនៅខេត្ត សៀមរាប ហើយថ្ងៃសៅរ៍ មានការជួបជុំ នៅខេត្តបន្ទាយមានជ័យ ហើយបិទបញ្ចប់ នៅខេត្តបាត់ដំបង នាព្រឹកថ្ងៃអាទិត្យនេះ៕
No comments:
Post a Comment