សេង ធារី បានថ្លែងថា រយៈពេល ១០ឆ្នាំមកនេះ សពលោក ជា វិជ្ជា មិនទាន់ទទួលបាន យុត្តិធម៌ទេ៖ «ជាក់ស្ដែងហើយ រដ្ឋាភិបាល មានតួនាទី កំពូល ពីព្រោះ នេះ ជាតួនាទីផ្លូវការ ជាតួនាទី របស់គាត់។ ប៉ុន្តែ យើង ក៏អត់សង្ឃឹម ទៅលើរដ្ឋាភិបាល ទាំងស្រុងដែរ ពីព្រោះ យើង ឃើញថា រដ្ឋាភិបាល គាត់ អត់បានយកចិត្តទុកដាក់, ហើយ ក៏មានភាព សង្ស័យថា, រដ្ឋាភិបាល ក៏អាចមានដៃចូលរួម ក្នុងការធ្វើឃាត គាត់ដែរ។»
ពិធីបុណ្យគម្រប់ខួប ១០ឆ្នាំនៃសពលោក ជា វិជ្ជា នៅក្បែរវត្តលង្កា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃ២២ មករា ឆ្នាំ២០១៤។
RFA/Den Ayuthyea
|
មេបក្សប្រឆាំង នឹងបន្តជំរុញ ឲ្យរដ្ឋាភិបាល ស្វែងរក ឃាតក សម្លាប់លោក ជា វិជ្ជា
RFA | 22 Jan. 2014
លោក ជា វិជ្ជា ត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់កាលពីឆ្នាំ២០០៤ ហើយគិតមកដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ មានរយៈពេល ១០ឆ្នាំគត់ ប៉ុន្តែគ្រួសារជនរងគ្រោះអះអាងថា សមត្ថកិច្ចមិនទាន់ចាប់ខ្លួនឃាតកពិតទៅផ្ដន្ទាទោសនៅឡើយទេ។
នៅក្នុងឱកាសពិធីបុណ្យគម្រប់ខួប ១០ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា អតីតមេដឹកនាំសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី២២ ខែមករា មេដឹកនាំគណបក្សប្រឆាំងបានប្ដេជ្ញាថា នឹងបន្តជំរុញឲ្យសមត្ថកិច្ច ឬរដ្ឋាភិបាលស្វែងរកមុខឃាតកពិតយកមកផ្ដន្ទាទោស។
លោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាន-អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងក្នុងពិធីអុជធូបគោរពវិញ្ញាណក្ខន្ធសពលោក ជា វិជ្ជា នៅទីតម្កល់រូបសំណាកនាសួនច្បារវិមានឯករាជ្យ មុខវត្តលង្កា ដោយបានអំពាវនាវដល់សាធារណជនត្រូវរួមគ្នាស្វែងរកយុត្តិធម៌ជូន សង្គមជាតិនៅថ្ងៃអនាគត។
លោក សម រង្ស៊ី ថ្លែងរិះគន់សកម្មភាពដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន និងបានជំរុញឲ្យសមត្ថកិច្ចស្វែងរកមុខឃាតកពិតបាញ់សម្លាប់លោក ជា វិជ្ជា យកទៅផ្ដន្ទាទោសផ្តល់យុត្តិធម៌ជូនគ្រួសារជនរងគ្រោះ៖ «យើង ត្រូវតែ បញ្ចប់វប្បធម៌ ហិង្សា និងត្រូវតែ បញ្ចប់វប្បធម៌ និទណ្ឌភាព, គឺ អ្នកសម្លាប់គេ សម្លាប់លោក ជា វិជ្ជា រកមុខអត់ឃើញ។ សម្លាប់លោក ហ៊ី វុទ្ធី សម្លាប់លោក រស់ សុវណ្ណរ៉េត រកមុខអត់ឃើញ និងសម្លាប់លោក ឈុត វទ្ធី រកមុខអត់ឃើញ គឺសម្លាប់គេច្រើនណាស់។ ល្មមដល់ពេលបញ្ចប់វប្បធម៌ហិង្សា និងវប្បធម៌និទណ្ឌភាព ដើម្បីនាំមកនូវសន្តិភាពពិតប្រាកដ សន្តិភាពផ្លូវកាយ ផ្លូវចិត្តដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។»
លោក ជា វិជ្ជា ត្រូវឃាតកបាញ់សម្លាប់នៅក្បែររបងវត្តលង្កា ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ក្នុងពេលកំពុងអានកាសែត។ មកដល់នេះ មានរយៈពេល ១០ឆ្នាំហើយ ប៉ុន្តែសាច់ញាតិជនរងគ្រោះបានអះអាងថា មិនទាន់ទទួលបានយុត្តិធម៌ទេ។
លោក ជា មុនី ប្រធាន សហជីព សេរី កម្មករ ព្រះរាជាណាចក្រកម្ពុជា ដែលបន្តវេនដឹកនាំសហជីពពីបងប្រុសថ្លែងថា នឹងបន្តដាក់ពាក្យប្ដឹងទៅស្ថាប័នពាក់ព័ន្ធមានតុលាការជាដើម ដើម្បីឲ្យបន្តវែករកឃាតកពិត បាញ់សម្លាប់លោក ជា វិជ្ជា យកទៅផ្ដន្ទាទោស៖ «យើងអត់និយាយវែងឆ្ងាយទេ ដោយសារតែ សុខ សំអឿន និង ប៊ន សំណាង ដែលគេបានចាប់ថាជាឃាតកបាញ់សម្លាប់លោក ជា វិជ្ជា នោះ គឺត្រូវបានគេដោះលែងហើយ ជាពិសេសនោះ គឺតុលាការសាលាកំពូល បានដោះលែងជាស្ថាពរហើយ ហើយកាលពីម្សិលមិញនេះ គឺយើងបានទទួលដីកាពីតុលាការកំពូល រុញឲ្យតុលាការសាលាដំបូង ដើម្បីស៊ើបអង្កេតឡើងវិញក្នុងករណីសំណុំរឿងលោក ជា វិជ្ជា។»
ចំណែកលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងអ្នកស្រី សេង ធារី ប្រធានមជ្ឈមណ្ឌលអប់រំដើម្បីពលរដ្ឋខ្មែរដែលត្រូវជាមិត្តជិតស្និទ្ធ សពលោក ជា វិជ្ជា ក៏បានរិះគន់ចំណាត់ការរបស់សមត្ថកិច្ចដែលមិនទាន់អាចចាប់ខ្លួន ឃាតកពិតសម្លាប់ លោក ជា វិជ្ជា និងអតីតមេដឹកនាំសមាជិករបស់ផ្សេងទៀតបាននៅឡើយ។
កញ្ញា សេង ធារី បានថ្លែងថា រយៈពេល ១០ឆ្នាំមកនេះ សពលោក ជា វិជ្ជា មិនទាន់ទទួលបាន យុត្តិធម៌ទេ៖ «ជាក់ស្ដែងហើយ រដ្ឋាភិបាល មានតួនាទី កំពូល ពីព្រោះ នេះ ជាតួនាទីផ្លូវការ ជាតួនាទី របស់គាត់។ ប៉ុន្តែ យើង ក៏អត់សង្ឃឹម ទៅលើរដ្ឋាភិបាល ទាំងស្រុងដែរ ពីព្រោះ យើង ឃើញថា រដ្ឋាភិបាល គាត់ អត់បានយកចិត្តទុកដាក់, ហើយ ក៏មានភាព សង្ស័យថា, រដ្ឋាភិបាល ក៏អាចមានដៃចូលរួម ក្នុងការធ្វើឃាត គាត់ដែរ។»
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ ដើម្បីបំភ្លឺតាមទូរស័ព្ទបានទេ នៅថ្ងៃពុធ ទី២២ ខែមករា។ ប៉ុន្តែកន្លងមក លោកបានបញ្ជាក់ថា សំណុំរឿងឃាតកម្មសពលោក ជា វិជ្ជា សមត្ថកិច្ចមិនទាន់បិទសំណុំរឿងទេ។
ទាក់ទិនបញ្ហានេះ កន្លងមកសមត្ថកិច្ចបានចាប់ខ្លួនបុរសចំនួន ២នាក់ គឺលោក ប៊ន សំណាង និងលោក សុខ សំអឿន បញ្ជូនទៅតុលាការផ្ដន្ទាទោស ហើយជនសង្ស័យទាំងពីរនោះ ត្រូវតុលាការឃុំខ្លួនក្នុងពន្ធនាគារជាច្រើនឆ្នាំ។ ប៉ុន្តែក្រោយមកត្រូវបានដោះលែងដោយសាររកឃើញគ្មានកំហុសឆ្គង។ សម្រាប់មន្ត្រីសង្គមស៊ីវិលជាតិនិងអន្តរជាតិ បានចាត់ទុកការចាប់ខ្លួនលោក ប៊ន សំណាង និងលោក សុខ សំអឿន ថាជាឃាតកសប្បនិម្មិត៕
No comments:
Post a Comment