Paris Peace Accords 23 Oct. 1991

Friday, January 10, 2014

ព្រះមហាក្សត្រ​ មិន​ទាន់​ ឆ្លើយ​តប​ នឹង​សំណើ​យាង​ ជា​អធិបតី​ រំលត់​ភ្លើង​ នយោបាយ

ព្រះមហាក្សត្រ​ មិន​ទាន់​ ឆ្លើយ​តប​ នឹង​សំណើ​យាង​ ជា​អធិបតី​ រំលត់​ភ្លើង​ នយោបាយ

មន្ត្រី​ សង្គម​ស៊ីវិល​ ថ្លែង​ថា វិបត្តិ​នយោបាយ​ នៅ​កម្ពុជា នឹង​បន្ត​អូស​បន្លាយ​ ធ្ងន់ធ្ងរ​ នា​ថ្ងៃ​អនាគត បើ​តួអង្គ​ព្រះមហាក្សត្រ​ មិន​យាង​ ជា​​អាជ្ញា​កណ្ដាល ដើម្បី​ផ្សះផ្សា​ រំលត់​ភ្លើង​ នយោបាយ​ ដែល​កំពុង​ឆាបឆេះ ​ឲ្យ​បាន​ឆាប់​​ទេ។ ប៉ុន្តែ សម្រាប់​ មន្ត្រី​ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ជំនួប​ចរចា ​រវាង​ មេ​ដឹក​នាំ​ គណបក្ស​ ទាំង​ពីរ នឹង​បន្ត​កើត​មាន​ ជា​បន្ត​ទៀត​នា ​ថ្ងៃ​អនាគត។
ដោយ ដែន អយុធ្យា / វិទ្យុអាស៊ីសេរី | ០៩ មករា ២០១៤ 
ប៉ូលិស​បង្ក្រាប​កម្មករ​ផ្លូវ​វ៉េងស្រេង ៦១០
ក្រុម​សមត្ថកិច្ច​បង្ក្រាប​ក្រុម​កម្មករ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។
RFA/Jeevita














អ្នក​វិភាគ​នយោបាយ​ឯករាជ្យ និង​មន្ត្រី​សង្គម​ស៊ីវិល​ខ្លះ​បាន​បញ្ជាក់​ថា លិខិត​ដាក់​ជូន​មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ និង​ដាក់​ថ្វាយ​ព្រះមហាក្សត្រ កាល​ពី​សប្ដាហ៍​មុន ដើម្បី​ស្នើ​យាង​ព្រះអង្គ​ធ្វើ​ជា​អធិបតី​រំលត់​ភ្លើង​នយោបាយ​កំពុង​ឆាបឆេះ មិន​ទាន់​មាន​ចម្លើយ​ឆ្លើយ​តប​ទេ​មក​ដល់​ថ្ងៃ​ទី​៩ ខែ​មករា។
លោក​បណ្ឌិត សុខ ទូច អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​ឯករាជ្យ មាន​ប្រសាសន៍​ថា មាន​តែ​ដំណោះស្រាយ​ខាង​នយោបាយ​ទេ​ទើប​អាច​ស្វែង​រក​ដំណោះស្រាយ​នយោបាយ​ជាប់​គាំង​ក្រោយ​ការ​បោះ​ឆ្នោត​សភា​នីតិកាល​ទី​៥ រវាង​គណបក្ស​នយោបាយ​ទាំង​ពីរ​បាន​ឆាប់។
លោក​ផ្តល់​វិភាគ​ថា ចំពោះ​ការ​ដាក់​សម្ពាធ​នយោបាយ​រវាង​មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​មិន​អាច​​ស្វែង​រក​ដំណោះស្រាយ​នយោបាយ​ជាប់​គាំង​កំពុង​កើត​មាន​ក្នុង​សង្គម​កម្ពុជា បាន​ទេ។ ហើយ​ថា តួអង្គ​ព្រះមហាក្សត្រ ព្រះអង្គ​មាន​ព្រះរាជ​តួនាទី​សំខាន់​ក្នុង​ការ​ផ្សះផ្សា ឬ​រំលត់​ភ្លើង​នយោបាយ​ជាប់​គាំង​របស់​គណបក្ស​ទាំង​ពីរ៖ «ដាក់​សម្ពាធ​នយោបាយ គឺ​មិន​អាច​ផ្សះផ្សា​បាន​ទេ។ ឧទាហរណ៍​ចំណុច​ពីរ ទី​១ គឺ​ឲ្យ​សាលា​ដំបូង​កោះ​ហៅ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ទាំង​ពីរ ប្រធាន និង​អនុ​ប្រធាន ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ។ ទី​២ គណបក្ស​ប្រឆាំង​បាន​រៀប​ចំ​ពាក្យ​បណ្ដឹង​ទៅ​តុលាការ អាយ.ស៊ី.ស៊ី (ICC)។ ទាំងអស់​នេះ​មិន​មែន​ជា​ដំណោះស្រាយ​ទេ។ ហើយ​យើង​ចង់​ឲ្យ​អ្នក​នយោបាយ​បញ្ចប់​រឿង​អរិយភាព​ជាមួយ​គ្នា ហើយ​ឈាន​ទៅ​រក​ដោះស្រាយ​ដោយ​តុ​ចរចា»
​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា លោក​បណ្ឌិត សុខ ទូច លោក​បណ្ឌិត ឡៅ ម៉ុងហៃ និង​លោក​បណ្ឌិត កែម ឡី បាន​ដាក់​​លិខិត​មួយ​ច្បាប់​ថ្វាយ​យាង​ព្រះមហាក្សត្រ ឲ្យ​ព្រះអង្គ​ធ្វើ​ជា​អធិបតី ឬ​អាជ្ញា​កណ្ដាល ដើម្បី​ពន្លត់​ភ្លើង​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត ព្រោះ​ការ​អូស​បន្លាយ​វិវាទ​នយោបាយ​នេះ នាំ​ឲ្យ​កើត​មាន​អំពើ​ហិង្សា​ឈាន​ដល់​​បាត់​បង់​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ជាច្រើន​នាក់។
ស្រដៀង​គ្នា​ដែរ លោក កែម ឡី អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ យល់​ថា មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ គួរ​បង្កើត​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ជា​កញ្ចប់​ជាមួយ​គ្នា​មួយ។ កិច្ច​ព្រម​ព្រៀង​​ជា​កញ្ចប់​ដែល លោក កែម ឡី លើក​ឡើង គឺ​ទាមទារ​ឲ្យ​គណបក្ស​ទាំង​ពីរ​ព្រមព្រៀង​គ្នា​ចូល​ប្រជុំ​សភា ដើម្បី​​បំពេញ​សុពលភាព​សភា ឬ​រាជ​រដ្ឋាភិបាល និង​ព្រមព្រៀង​គ្នា​ពិនិត្យ និង​កែ​ច្បាប់​រដ្ឋធម្មនុញ្ញ ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​បោះ​ឆ្នោត​មុន​អាណត្តិ នៅ​ឆ្នាំ​២០១៥ ឬ ២០១៦ ជា​ការ​ប្រសើរ​បំផុត។
អ្នក​វិភាគ​រូប​នេះ​ចាត់​ទុក​ថា ការ​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ ទើប​អាច​រក​ច្រក​​បញ្ចប់​ជម្លោះ​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​នីតិកាល​ទី​៥​នេះ​បាន។
​ទាក់ទិន​បញ្ហា​នេះ តំណាង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ១៣​ស្ថាប័ន​ផ្សេង​ទៀត ក៏​បាន​ថ្វាយ​លិខិត​ទៅ​ព្រះមហាក្សត្រ ព្រះ​បរម​នាថ នរោត្តម សីហមុនី ដើម្បី​សុំ​ព្រះរាជ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា​​លើ​ប្រជាពលរដ្ឋ​ស្លូត​ត្រង់។ លិខិត​ថ្វាយ​ព្រះមហាក្សត្រ​មាន​ចុះ​ហត្ថលេខា​​​ប្រធាន​អង្គការ​មួយ​ចំនួន បង្ហាញថា ព្រឹត្តិការណ៍​ហិង្សា​រវាង​កម្មករ​កម្មការិនី និង​កង​កម្លាំង​ប្រដាប់​អាវុធ​​របស់​រដ្ឋាភិបាល​ចាប់​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ ខែ​មករា បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៤​នាក់ រង​របួស​ប្រមាណ ៤០​នាក់ និង​ត្រូវ​ចាប់​ខ្លួន​មួយ​ចំនួន​​ទៀត។ លិខិត​ដដែល​សរសេរ​ថា នៅ​ចំពោះ​មុខ​ព្រឹត្តិការណ៍​ដ៏​​រន្ធត់​នេះ ប្រទេស​ជាតិ​​យើង​ត្រូវ​ការ​ជា​បន្ទាន់​នូវ​ព្រះរាជ​អន្តរាគមន៍​របស់​ព្រះមហាក្សត្រ ដើម្បី​ផ្សះផ្សា និង​ឯកភាព​ជាតិ ដូច​មាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
ទោះ​ជា​បែប​ណា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ សុទ្ធ​តែ​បាន​អះអាង​ដូចៗ​គ្នា​ថា ជំនួប​ចរចា​រវាង​មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ នឹង​បន្ត​កើត​មាន​នា​ថ្ងៃ​អនាគត។ ប៉ុន្តែ បាន​ថ្លែង​ថា មិន​ទាន់​បាន​កំណត់​ពេលវេលា​ជួប​ចរចា​ជា​ថ្មី​ឲ្យ​ពិត​ប្រាកដ​ទេ។
លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៩ ខែ​មករា ថា ជំនួប​ចរចា​ណា​មួយ​កើត​ឡើង​រវាង​មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ អាច​ដំណើរ​ការ​ទៅ​បាន ដរាប​ណា​ទាល់​តែ​គណបក្ស​ទាំង​ពីរ​មាន​លក្ខខណ្ឌ​ព្រមព្រៀង​គ្នា​មួយ​ចំនួន​ជា​មុន​សិន មាន​ដូច​ជា ត្រូវ​ដោះ​លែង​ប្រជាពលរដ្ឋ​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ឬ​បញ្ឈប់​សកម្មភាព​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​បំភិតបំភ័យ និង​ចាប់​ប្រជាពលរដ្ឋ​ដាក់​ឃុំឃាំង​ជាដើម៖ «រៀប​ចំ​បរិយាកាស​នយោបាយ​ឲ្យ​មាន​សេរីភាព​ពេញលេញ​ជូន​ប្រជាពលរដ្ឋ​វិញ​សិន ដូច​ជា​ការ​ជួប​ជុំ​គ្នា ការ​ធ្វើ​បាតុកម្ម ឬ​ការ​សម្ដែង​មតិ​ផ្សេងៗ ត្រូវ​តែ​ឋិត​ក្នុង​ភាព​ធម្មតា​វិញ​សិន មិន​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​គំរាម​កំហែង​បំភិតបំភ័យ​ទៅ​លើ​អ្នក​ដែល​ប្រឆាំង​ខ្លួន សុំ​បើក​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​នូវ​ការ​បាញ់​ប្រហារ​កន្លង​មក​នេះ ដោយ​គណៈកម្មការ​ឯករាជ្យ​មួយ​សិន ដើម្បី​រក​យុត្តិធម៌ និង​ត្រូវ​រៀប​ចំ​របៀបវារៈ​ឲ្យ​បាន​ច្បាស់​លាស់ ថា​តើ​យើង​ជជែក​គ្នា​រឿង​អី»
​យ៉ាង​ណា​ក៏ដោយ គិត​មក​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែ​មករា មិន​ទាន់​មាន​ការ​ឆ្លើយ​តប​បែប​ណា​ពី​ខុទ្ទកាល័យ​ព្រះមហាក្សត្រ ឬ​ក្រសួង​ព្រះបរមរាជវាំង ទៅ​លើ​សំណើ​យាង​ព្រះអង្គ​ធ្វើ​ជា​អធិបតី​ដើម្បី​ផ្សះផ្សា​ជម្លោះ​នយោបាយ​​របស់​អ្នក​វិភាគ​ឯករាជ្យ ឬ​មន្ត្រី​សង្គម​ស៊ីវិល​នៅ​ឡើយ​ទេ៕


No comments:

Post a Comment