Paris Peace Accords 23 Oct. 1991

Thursday, January 16, 2014

លោក សុរិយា ស៊ូប៊ែឌី គាំទ្រ​​​ ឲ្យ​កម្ពុជា ​បោះ​ឆ្នោត​ឡើង​វិញ

សុរិយា ស៊ូប៊ែឌី ៦១០
អ្នក​រាយការណ៍​ ពិសេស ​នៃ​ឧត្ដម​ស្នងការ ​អង្គការ​ សហប្រជាជាតិ ទទួល​បន្ទុក ​ផ្នែក​សិទ្ធិ​មនុស្ស ​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi) ធ្វើ​សន្និសីទ​កាសែត នៅ​ការិយាល័យ​ នា​រាជធានី ​ភ្នំពេញ នៅ​ថ្ងៃ​១៦ មករា ឆ្នាំ​២០១៤។
RFA/Tin Zakariya

លោក សុរិយា ស៊ូប៊ែឌី គាំទ្រ​​​ ឲ្យ​កម្ពុជា ​បោះ​ឆ្នោត​ឡើង​វិញ

អ្នក​រាយការណ៍​ ពិសេស​ នៃ​ឧត្ដម​ស្នងការ​ អង្គការ​ សហប្រជាជាតិ ទទួល​បន្ទុក​ ផ្នែក​សិទ្ធិ​មនុស្ស ​ប្រចាំ​កម្ពុជា, លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi), បាន​អះអាង​ ថា, ការ​ជាប់​គាំង​ នយោបាយ ​នៅ​កម្ពុជា នៅ​ពេល​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ ដំណើរការ​ លទ្ធិប្រជាធិបតេយ្យ។

RFA | 16 Jan. 2014

លោក​បាន​បន្ថែម​ថា ការ​គាំទ្រ​ឲ្យ​កម្ពុជា រៀបចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ ឬ​យ៉ាង​ណា​នោះ អាស្រ័យ​លើ​បក្ស​នយោបាយ​ទាំង​ពីរ​បាន​ឯកភាព​គ្នា ហើយ​ស្នើ​ទៅ​អង្គការ​សហប្រជាជាតិ។


លោក សុរិយា ស៊ូប៊ែឌី អ្នក​រាយការណ៍​ពិសេស​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​កម្ពុជា ដោះស្រាយ​នយោបាយ​ជាប់​គាំង​នយោបាយ​នេះ​ឲ្យ​បាន​ឆាប់ និង​ស្រប​តាម​លទ្ធិប្រជាធិបតេយ្យ។

លោក សុរិយា ស៊ូប៊ែឌី បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​១៦ មករា ថា ប្រសិន​បើ​គណបក្ស​នយោបាយ​ទាំង​ពីរ​ចង់​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ ហើយ​ស្នើ​ទៅ​អង្គការ​សហប្រជាជាតិ ឬ​យ៉ាង​ណា​នោះ លោក​គាំទ្រ។ ក៏​ប៉ុន្តែ​លោក​​ថា បញ្ហា​សំខាន់​លោក​ចង់​ឲ្យ​កម្ពុជា ដោះស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ​នេះ ដោយ​មាន​ភាគី​ទី​បី​ចូល​រួម។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក សុរិយា ស៊ូប៊ែឌី អះអាង​ថា ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​ជា​វិធីសាស្ត្រ​តែ​មួយ​គត់ ដើម្បី​បញ្ចប់​វិបត្តិ និង​ធ្វើ​ឲ្យ​កម្ពុជា ងាក​ទៅ​រក​ការ​គោរព​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ។

លោក សុរិយា ស៊ូប៊ែឌី បញ្ជាក់​ថា ភាព​ជាប់​គាំង​នយោបាយ​គួរ​ត្រូវ​បាន​បញ្ចប់។ រាល់​ការ​សម្រប​សម្រួប ឬ​ដោះស្រាយ​នយោបាយ ត្រូវ​តែ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​នៃ​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស នីតិរដ្ឋ និង​ប្រជាធិបតេយ្យ៖ «តើ​ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​ឬ​ទេ?  វា​ស្រេច​តែ​លើ​គណបក្ស​នយោបាយ ប្រសិន​បើ​គណបក្ស​ធំៗ​ទាំង​ពីរ​ចង់​មាន​ដំណោះស្រាយ​នយោបាយ ខ្ញុំ​នឹង​គាំទ្រ​ចំពោះ​ដំណោះស្រាយ​នោះ ថា​តើ​វា​ជា​ការ​បោះ​ឆ្នោត​ឡើង​វិញ ឬ​ជា​រឿង​អ្វី​ផ្សេង​ទៀត ដូចជា​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ឬ​ចូល​សភា ឬ​ធ្វើ​កំណែ​ទម្រង់​នយោបាយ កំណែទម្រង់​ការ​បោះ​ឆ្នោត កំណែ​ទម្រង់​តុលាការ?  អ្វី​ដែល​ខ្ញុំ​បាន​អំពាវនាវ​នោះ គឺ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ។ វា​អាស្រ័យ​លើ​គណបក្ស​នយោបាយ​ទាំង​ពីរ។»

ការ​លើក​ឡើង​ដូច្នេះ នៅ​បន្ទាប់​ពី​លោក សុរិយា ស៊ូប៊ែឌី បាន​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៥ មករា និង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត។ នៅ​ក្នុង​ជំនួប​នោះ លោក ហ៊ុន សែន បាន​ស្នើ​ឲ្យ​លោក សុរិយា ស៊ូប៊ែឌី សម្របសម្រួល​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ចូល​សភា។

លោក សុរិយា ស៊ូប៊ែឌី បាន​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន បាន​ស្នើ​ឲ្យ​លោក​ធ្វើ​ដូច្នេះ​មែន ប៉ុន្តែ​លោក​បញ្ជាក់​ថា លោក​បាន​ជួប​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​លោក​ថា គោលការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឈរ​លើ​ការ​គោរព​សិទ្ធិ​មនុស្ស អហិង្សា និង​គោលការណ៍​ប្រជាធិបតេយ្យ។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​ថា គណបក្ស​ទាំង​ពីរ​ស្នើ​សុំ​ទៅ​អង្គការ​សហប្រជាជាតិ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ ឡើង​វិញ​នេះ ជា​បំណង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​តាំង​ពី​ដើម​មក។ បន្ថែម​ពី​លើ​នេះ លោក កឹម សុខា ឲ្យ​ដឹង​ថា ការ​ស្នើ​សុំ​របស់​លោក ហ៊ុន សែន តាម​រយៈ​លោក សូប៊ែឌី ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​សភា​នោះ។ លោក​បញ្ជាក់​ថា ដរាបណា​បោះ​ឆ្នោត​ឡើង​វិញ ទើប​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​សភា។

លោក កឹម សុខា៖ «បើ​អត់​ព្រមព្រៀង​គ្នា​បោះ​ឆ្នោត​ឡើង​វិញ​ទេ យើង​អត់​ចូល យើង​អត់​ចាញ់​បោក យើង​អត់​ជឿ​អ្វី​ដែល​គ្រាន់តែ​ថា អ៊ីចឹង​ទេ។ ដែល​លោក ហ៊ុន សែន ថា ចូល​ទៅ​ដើម្បី​កែ​ទម្រង់​នេះ កែ​ទម្រង់​នោះ យើង​បាន​ប្រាប់​លោក សុរិយា ស៊ូប៊ែឌី ថា ហ៊ុន សែន ហ្នឹង​គ្រាន់​តែ​ថា ៣០​ឆ្នាំ​ហើយ។»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុម​ដឹក​នាំ​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៦ ខែ​មករា។ ក៏ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១៥ មករា ថា គណបក្ស​ប្រជាជន​កម្ពុជា គោរព​ទៅ​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា ហើយ​ការ​ស្នើ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ៖ «គាត់ ​ថា​ចង់​បោះ​ឆ្នោត​ឡើង​វិញ មក​ទល់​ពេល​នេះ គាត់​មិន​បាន​បង្ហាញ​នូវ​អ្វី​ដែល​ថា មាន​កំហុស​នៅ​ក្នុង​ការ​បោះ​ឆ្នោត មាន​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​នៃ​ការ​បោះ​ឆ្នោត​នោះ គាត់​រក​មិន​បាន​ទេ ហើយ​បើ​គាត់​រក​មិន​បាន គាត់​មាន​អ្វី​មក​សំអាង​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត?»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក សុរិយា ស៊ូប៊ែឌី បាន​បញ្ជាក់​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សន្យា​ថា នឹង​ធ្វើ​កំណែទម្រង់​ស៊ី​ជម្រៅ​ទៅ​លើ​ប្រព័ន្ធ​បោះ​ឆ្នោត។ ហើយ​លោក​បាន​សំណូមពរ​ដូច​នៅ​ក្នុង​របាយការណ៍​របស់​លោក​កន្លង​មក ដែល​លោក​បាន​ដាក់​ជូន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ អំពី​ការ​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ប្រព័ន្ធ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត និង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត។ ក្រៅ​ពី​នេះ លោក​ក៏​បាន​លើក​ពី​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ និង​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ជាដើម។

លោក ស៊ូប៊ែឌី ថ្កោល​ទោស​ រដ្ឋាភិបាល ​ប្រើ​កម្លាំង​ បង្ក្រាប​បាតុករ

ថ្លែង ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​នេះ​ដែរ លោក សុរិយា ស៊ូប៊ែឌី ថ្កោល​ទោស​ម្ដង​ទៀត ចំពោះ​អាជ្ញាធរ​រដ្ឋាភិបាល ដែល​ប្រើប្រាស់​កម្លាំង​ហួស​ហេតុ​បង្ក្រាប​បាតុកម្ម បណ្ដាល​ឱ្យ​បាតុករ ៤​នាក់​ស្លាប់ និង​របួស​ជា​ច្រើន​នាក់ កាល​ពី​ថ្ងៃ​ទី​២ ដើម​ខែ​មករា។ ទន្ទឹម​គ្នា​នឹង​ការ​ថ្កោលទោស​នេះ លោក សុរិយា ស៊ូប៊ែឌី ក៏​ទទូច​ឱ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់​លើ​ព្រឹត្តិការណ៍​ បាញ់​ប្រហារ​បាតុករ​នោះ។

លោក សុរិយា ស៊ូប៊ែឌី៖ «ទាក់ទង​នឹង​ការ​ស៊ើប​អង្កេត​នេះ​ដែរ ខ្ញុំ​សុំ​ឱ្យ​ស៊ើប​ឱ្យ​បាន​ម៉ត់ចត់ ដែល​អាច​ជឿ​បាន និង​ហើយ​ការ​ស៊ើបអង្កេត​នេះ និង​ត្រូវ​តែ​ជា​ការ​ស៊ើប​អង្កេត​មួយ​ឯករាជ្យ។»

លោក​ផ្ដល់​អនុសាសន៍​ថា ការ​ស៊ើបអង្កេត​នោះ គឺ​ត្រូវ​ស៊ើប​រក​អ្នក​ចេញ​បញ្ជា និង​អ្នក​អនុវត្ត​បទ​បញ្ជា​ឱ្យ​បាញ់​ប្រហារ​បាតុករ។ ប្រសិន​បើ​មិន​មាន​បញ្ជា​ទេ អ្នក​ដែល​ប្រើ​អាវុធ​បាញ់​ប្រហារ​នោះ ត្រូវ​តែ​បាន​នាំ​ទៅ​តុលាការ​ជំនុំជម្រះ​ទោស។

ការ​ថ្កោលទោស និង​ទទូច​ឱ្យ​មាន​ការ​ស៊ើបអង្កេត​នេះ គឺ​លោក សុរិយា ស៊ូប៊ែឌី ថ្លែង​ប្រាប់​អ្នក​កាសែត​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ មុន​នឹង​បញ្ចប់​ទស្សនកិច្ច​លើក​ទី​១០ របស់​លោក នៅ​រសៀល​ថ្ងៃ​ទី​១៦ មករា ដើម្បី​ស្វែងរក​ការ​ពិត​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ហេតុផល​ដែល​លោក សុរិយា ស៊ូប៊ែឌី វាយ​តម្លៃ និង​ថ្កោល​ទោស​រដ្ឋាភិបាល​ក្នុង​ព្រឹត្តិការណ៍​បាញ់​ប្រហារ​បាតុករ​នោះ ព្រោះ​លោក​ថ្លែង​ថា វិធានការ​ណា​ក៏​ដោយ ដែល​រដ្ឋាភិបាល​ត្រូវ​ប្រើប្រាស់​កម្លាំង​និង​អាវុធ គឺ​ត្រូវ​មាន​លក្ខខណ្ឌ​បី​យ៉ាង គឺ​ទី​មួយ ប្រើ​កម្លាំង​នៅ​ពេល​ចាំបាច់​បំផុត ទី​ពីរ​ប្រើ​កម្លាំង និង​អាវុធ​នោះ ស្រប​តាម​ច្បាប់ និង​ទី​បី កម្លាំង និង​អាវុធ ដែល​ត្រូវ​ប្រើ​នោះ ត្រូវ​មាន​សមាមាត្រ។ ដូច្នេះ​នៅ​ពេល​ដែល​ណា​លោក​វាយ​តម្លៃ​លើ​ការ​ប្រើប្រាស់​កម្លាំង និង​អាវុធ គឺ​លោក​ពិនិត្យ​មើល​វិធានការ​ដែល​ផ្ទុយ​នឹង​លក្ខខណ្ឌ​ទាំង​៣ នេះ និង​លក្ខខណ្ឌ​ផ្សេងៗ​ទៀត ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ៖ «យោបល់​ខ្ញុំ វិធី​ដែល​បាន​ប្រើប្រាស់​មក​ទាំង​ប៉ុន្មាន​នេះ មិន​បាន​ជាប់​តេស្ត​ច្បាប់​អន្តរជាតិ​ទេ។»

ទាក់ទង​នឹង​ចំនួន​អ្នក​ស្លាប់ និង​របួស​ក្នុង​ព្រឹត្តិការណ៍​បាញ់​បង្ក្រាប​បាតុកម្ម នៅ​ផ្លូវ​វ៉េងស្រេង ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ មករា នោះ លោក​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ឱ្យ​បាន​ម៉ត់ចត់ និង​ទទូច​ឱ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ចំនួន ២៣​នាក់ ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ជាពិសេស អ្នក​ដែល​ត្រូវ​ការ​ព្យាបាល​សុខភាព​ជា​បន្ទាន់។ ក្នុង​ករណី​ដែល​មិន​ដោះលែង លោក​ទទូច​ឱ្យ​យក​អ្នក​ទាំង​នោះ​មក​មន្ទីរ​ឃុំឃាំង​នៅ​ក្បែរ​ភ្នំពេញ ដើម្បី​ឱ្យ​ពួក​គេ​បាន​ជួប​គ្រួសារ និង​មេធាវី​របស់​គេ។ រី​ឯ​ជន​ជាប់​ឃុំ​ជា​អនីតិជន​ដែល​នៅ​ក្នុង​ឃុំ​រង់ចាំ​ការ​ជំនុំជម្រះ ត្រូវ​បញ្ជូន​គេ​ឱ្យ​មក​មន្ទីរ​ឃុំឃាំង​សម្រាប់​អនីតិជន។

លោក​ថ្កោលទោស​ចំពោះ​ការ​ឃុំឃាំង​អ្នក​ទាំង ២៣​នាក់​ដោយ​គ្មាន​ដំណឹង​ជា​ច្រើន​ថ្ងៃ ហើយ​លោក​ទទូច​ដល់​អាជ្ញាធរ​ឱ្យ​បង្ការ​កុំ​ឱ្យ​កើត​មាន​ការ​រំលោភ​សិទ្ធិ​ បុគ្គល​បែប​នេះ​ទៀត។

លោក សុរិយា ស៊ូប៊ែឌី ក៏​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​បង្ហាញ​ទីកន្លែង​អ្នក​ដែល​បាន​បាត់​ ខ្លួនផង។ លោក​អំពាវនាវ​ដល់​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត ឱ្យ​សហការ​ផ្ដល់​ព័ត៌មាន​អំពី​តួលេខ​អ្នក​ស្លាប់ និង​របួស​ឱ្យ​បាន​ច្បាស់​បន្ថែម​ទៀត។

ក្រៅ​ពី​ការ​ថ្កោល​ទោស​រដ្ឋាភិបាល លោក សុរិយា ស៊ូប៊ែឌី ក៏​ថ្កោល​ទោស​បាតុករ​មួយ​ចំនួន​ដែរ ដែល​ប្រើ​អំពើ​ហិង្សា​នៅ​ក្នុង​ពេល​តវ៉ា​នោះ៕






No comments:

Post a Comment