Paris Peace Accords 23 Oct. 1991

Monday, January 13, 2014

អតីត​ តារា​ ចម្រៀង​ ដែល​រង​ទារុណកម្ម ​ដោយ​ការ​ជះ​ទឹក​អាស៊ីត ​កាល​ពី​១៥ ​ឆ្នាំ​មុន​ ទារ​យុត្តិធម៌

តាត ម៉ារីណា ៦១០
ជន​រង​គ្រោះ ​ដោយ​ទឹក​អាស៊ីដ អ្នកស្រី តាត ម៉ារីណា នៅ​ក្នុង​បន្ទប់​ផ្សាយ ​របស់​ វិទ្យុ​អាស៊ីសេរី នៅ​សហរដ្ឋ​ អាមេរិក (
១៩ មីនា ២០១០)

អតីត​ តារា​ ចម្រៀង​ ដែល​រង​ទារុណកម្ម ​ដោយ​ការ​ជះ​ទឹក​អាស៊ីត ​កាល​ពី​១៥ ​ឆ្នាំ​មុន​ ទារ​យុត្តិធម៌

តើ​ លោក ​អ្នក​នាង​ នៅ​ចាំ​ តារា​សម្ដែង​ ខារ៉ាអូខេ​ ក្មេង​ខ្ចី​ម្នាក់ ដែល​ត្រូវ​ គេ​ ចាក់​ទឹក​អាស៊ីត ​លើ​កាល​ ពី​ជិត ១៥​ឆ្នាំ​មុន ​ឬ​ទេ?  នោះ គឺ​ នាង តាត ម៉ារីណា។  ពេល​នេះ, ​នាង តាត ម៉ារីណា កំពុង​រស់​នៅ​ សហរដ្ឋ​អាមេរិក ជាមួយ​ស្វាមី​ ជា​ជនជាតិ​ អាមេរិក និង​កូន​ប្រុស​ ស្រី ​ដ៏​ស្រស់​ស្អាត​ ពីរ​នាក់។  នាង​ ធ្វើ​ការ​ផង រៀន​វិជ្ជា​ពេទ្យ​ផង។

វិទ្យុ​អាស៊ីសេរី | 11 Jan. 2014

នាង​ បាន​មក​ដល់​ សហរដ្ឋ​អាមេរិក កាល​ពី​ដើម​ឆ្នាំ​ ២០០០ គឺ​ ប៉ុន្មាន​សប្ដាហ៍​ ក្រោយ​ពេល​ ដែល​នាង ​ត្រូវ​ បាន​គេ ​វាយ​ធ្វើ​បាប និង​ស្រោច​ទឹក​អាស៊ីត ​ពី​លើ។  ដោយ​ពេល​នោះ, នាង​ នៅ​វ័យ​កុមារ​ អាយុ ១៦​ឆ្នាំ; នាង ​ត្រូវ​ គេ ​យក​ទៅ​ព្យាបាល​ នៅ​មន្ទីរពេទ្យ​កុមារ​មួយ​ នៅ​ក្រុង ​បូស្តុន នៃ​សហរដ្ឋ​អាមេរិក។  ពេល​នាង​ បាន​មក​ដល់​ សហរដ្ឋ​អាមេរិក កាល​ពី​ជិត ១៥​ឆ្នាំ​មុន​នោះ, លោក ជុន ច័ន្ទបុត្រ ក៏​បាន​ទៅ​ជួប ​សម្ភាសន៍​ អំពី​ ស្ថានភាព ​របស់​នាង​ ជា​លើក​ទី​មួយ​ដែរ។


ហើយ​ នៅ​ថ្ងៃ​សៅរ៍ ទី​១១ ខែ​មករា ឆ្នាំ​២០១៤ នេះ លោក ជុន ច័ន្ទបុត្រ ក៏​បាន​ជួប​សម្ភាសន៍​អ្នកស្រី តាត ម៉ារីណា ម្តង​ទៀត។ អ្នកស្រី តាត ម៉ារីណា និយាយ​ថា ថ្វីត្បិត​តែ​ព្រឹត្តិការណ៍​នៃ​ការ​ធ្វើ​ទារុណកម្ម​មក​លើ​នាង​បាន​ឈាន​ចូល​ ដល់​ឆ្នាំ​ទី ១៥​ទៅ​ហើយ​ក្តី នាង​នៅ​តែ​តាំង​ចិត្ត​ថា​នឹង​ទាមទារ​រក​យុត្តិធម៌​សម្រាប់​ខ្លួន​នាង និង​សម្រាប់​ប្រជាពលរដ្ឋ និង​សិល្បករ​ដទៃ​ទៀត ដែល​គេ​បាន​សម្លាប់ ឬ​ធ្វើ​ទារុណកម្ម​ដោយ​គ្មាន​ទទួល​យុត្តិធម៌។

ជា​បន្ត​ទៅ​ទៀត​នេះ សូម​អញ្ជើញ​លោក​អ្នក​នាង​ស្តាប់​សេចក្តី​រាយការណ៍​មួយ​របស់ លោក ជុន ច័ន្ទបុត្រ ដែល​លោក​បាន​ធ្វើ​កាល​ពី​ជិត ១៥​ឆ្នាំ​មុន អំពី​រឿងរ៉ាវ​ទំនាក់ទំនង​របស់​នាង​ជាមួយ លោក ស្វាយ ស៊ីថា ដែល​ជា​ដើម​ហេតុ​ធ្វើ​អោយ​នាង​ត្រូវ​គេ​ធ្វើ​ទារុណកម្ម​មួយ​ជីវិត​នេះ។

នេះ គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​នាង តាត ម៉ារីណា បាន​លាត​ត្រដាង​ពី​ប្រវត្តិ​ស្នេហា​របស់​នាង​ជាមួយ លោក ស្វាយ ស៊ីថា អនុរដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បន្ទាប់​ពី​នាង​ត្រូវ​បាន​ប្រពន្ធ​របស់ លោក ស្វាយ ស៊ីថា និង​បក្ខពួក ៥​នាក់​ទៀត ព្រួត​គ្នា​ធ្វើ​បាប និង​ចាក់​ទឹក​អាស៊ីត​បំផ្លាញ​មុខ​មាត់​រាង​កាយ​របស់​នាង។ ទោះ​បី​ជា​មាត់​របស់​នាង​រលេះរលួយ​យ៉ាង​ណា​ក៏ដោយ ក៏​នាង​ខំ​និយាយ​រៀប​រាប់​រំលឹក​រឿងរ៉ាវ​ទាំង​ត្រដរ៖ «ខ្ញុំ​អាយុ ១៦ ជិត ១៧​ឆ្នាំ។»

នាង​និយាយ​ថា ពេល​នេះ​នាង​អាយុ ១៦​ជិត​ចូល ១៧​ឆ្នាំ​ហើយ។ នាង​ថា លោក ស្វាយ ស៊ីថា បាន​មាន​ទំនាក់ទំនង​ជាមួយ​នាង​តាំង​ពី​នាង​នៅ​ជា​កុមារី​អាយុ ១៤​ឆ្នាំ គឺ​តាំង​ពី​ឆ្នាំ​១៩៩៨ មក​ម៉េ្លះ។ ម៉ារីណា បាន​និយាយ​ដែរ​ថា តាំង​ពី​ពេល​គេ​វាយ​ធ្វើ​បាប​នាង​មក នាង​ភ្លេចភ្លាំង​ច្រើន​ណាស់ នាង​មិន​ចាំ​សាច់​រឿង​អស់​ទេ។ ប៉ុន្តែ​នាង​ចាំ​បាន​ថា លោក ស្វាយ ស៊ីថា បាន​ជួល​ផ្ទះ​មួយ​អោយ​នាង​នៅ ហើយ​ថា​គាត់​តែង​មក​ជួប​រួម​ស្នេហា​ជាមួយ​នាង​ជា​រៀង​រាល់​ថ្ងៃ៖ «ឥឡូវ​ខួរ​ក្បាល​ខ្ញុំ​អត់​សូវ​ល្អ​ទេ។ គាត់​ជួល​ផ្ទះ​អោយ​ខ្ញុំ​នៅ គាត់​មក​រាល់​ថ្ងៃ។»

បី​ខែ​ក្រោយ​ដែល​នាង​ចុះ​ពី​ផ្ទះ ហើយ​ទៅ​នៅ​ផ្ទះ​ជួល​ជាមួយ លោក ស្វាយ ស៊ីថា នោះ ទើប​នាង​ដឹង​តាម​អ្នក​ដទៃ​ថា លោក ស្វាយ ស៊ីថា មាន​ប្រពន្ធ​រួច​ទៅ​ហើយ។ នាង​ថា នាង​បាន​ព្យាយាម​និយាយ​ជាមួយ លោក ស្វាយ ស៊ីថា ដើម្បី​ទៅ​ផ្ទះ​វិញ​ដែរ ក៏ប៉ុន្តែ លោក ស្វាយ ស៊ីថា មិន​ព្រម៖ «គាត់​អត់​ព្រម។»

ម្តាយ​របស់​នាង តាត ម៉ារីណា ដែល​នៅ​ប្រទេស​កម្ពុជា បាន​ប្រាប់​យើង​តាម​ទូរស័ព្ទ​ថា គាត់​បាន​ដឹង​បាន​ឮ​រឿង​សុំ​លែងលះ​នេះ​ដែរ៖ «កូន ​ខ្ញុំ​សុំ​លែង ហើយ​គាត់​មិន​ព្រម​លែង​ទេ។ គាត់​ស្តី​គាត់​ថា សុទ្ធ​តែ​កូន​ខ្ញុំ​ហ្នឹង​មាន​ថ្មី​មាន​សហាយ​អី​អ៊ីចឹង​ណាស់។ ហើយ​គាត់​មិន​ព្រម​លែង​ទេ គាត់​ថា បើ​សិន​ជា​កូន​ខ្ញុំ​លែង គាត់​តាម​ធ្វើ​បាប គាត់​តាម​ព្យាបាទ​រហូត​ដល់​ជីវិត​គាត់​ស្លាប់ ទើប​គាត់​ព្រម។ ហើយ​បើ​កូន​ខ្ញុំ​ទៅ​នៅ​ឯណា គាត់​ជួល​គេ​ទៅ​ជេរ​ទៅ​បញ្ចោរ​នៅ​កន្លែង​ហ្នឹង។ មិន​អោយ​កូន​ខ្ញុំ​រស់​នៅ​បាន​ស្រួល​ទេ។ ហើយ​បើ​កូន​ខ្ញុំ​ចោល​គាត់ គាត់​ឃើញ​នៅ​កន្លែង​ណា គាត់​បើក​ឡាន​បុក​បាក់​ដៃ​បាក់​ជើង​ជរា​ពិការ មិន​អោយ​កូន​ខ្ញុំ​មាន​អ្នក​ណា​ស្រឡាញ់​ទៀត។ ខ្ញុំ​ឮ​ផ្ទាល់​នឹង​ត្រចៀក។ ពេល​ដែល​គេ​ខឹង​ហ្នឹង កូន​ខ្ញុំ ពី​រឿង​ថា​លែង​ថា​អី គេ​ជេរ​គេ​ដៀល​កូន​ខ្ញុំ​នៅ​នឹង​មុខ​ខ្ញុំ ហ្នឹង​ខ្ញុំ​ឮ​ដែរ​អា​រឿង​អ៊ីចឹងៗ។»

នាង ម៉ារីណា និយាយ​ថា នាង​ស្រឡាញ់ លោក ស្វាយ ស៊ីថា តែ​ប៉ុន្មាន​រយៈពេល​ប៉ុន្មាន​ខែ​ដំបូង​ទេ តែ​ការ​ដែល​នាង​អាច​នៅ​ជាមួយ​លោក​បាន​ប្រមាណ​ពីរ​ឆ្នាំ​នេះ ក៏​ព្រោះ​តែ​នាង​ខ្លាច​មិន​ហ៊ាន​ចុះ​ទៅ​រក​ឪពុក​ម្តាយ​វិញ៖ «ខ្ញុំ​ដំបូង​ស្រឡាញ់។ តែ​ក្រោយ​មក​ខ្លាច។»

តាត ម៉ារីណា មាន​មូលហេតុ​ដែល​ធ្វើ​អោយ​នាង​ខ្លាច។ មាន​ពេល​ខ្លះ ពេល​ដែល​នាង​សុំ​ត្រឡប់​ទៅ​ផ្ទះ​វិញ នាង​ថា លោក ស្វាយ ស៊ីថា ហ៊ាន​រហូត​ទៅ​ដក​កាំភ្លើង​បាញ់​ចន្លោះ​ជើង​នាង​ទៀត​ផង។ ខ្ញុំ​បាន​សួរ​នាង​ថា លោក ស្វាយ ស៊ីថា គំរាម​បាញ់​នាង​ប៉ុន្មាន​ដង។ នាង​លើក​ចង្អុល​ដៃ​មួយ​បង្ហាញ។
មិន​មែន​តែ​ស្រី​តូច ម៉ារីណា ទេ​ដែល​ខ្លាច សូម្បី​តែ​ម្តាយ​នាង ម៉ារីណា ដែល​ជា​មនុស្ស​ពេញ​វ័យ​ក៏​ខ្លាច​ដែរ។ នៅ​ពេល​ដែល​ដឹង​រឿង លោក ស្វាយ ស៊ីថា បាញ់​គំរាម​កូន​ស្រី​មិន​ទាន់​ពេញ​វ័យ​របស់​គាត់ គាត់​បាន​ត្រឹម​តែ​ប្រាប់​អោយ​កូន​ស៊ូទ្រាំ​តែ​ប៉ុណ្ណោះ៖ «ខ្ញុំ​ក៏​ អង្វរ​កូន​ខ្ញុំ​ដែរ ថា​ណ្ហើយ​កូន​អើយ​ទ្រាំ​តាម​យថាកម្ម​ទៅ។ បើ​កាល​ណា​គេ​អស់​ចិត្ត អា​ហ្នឹង​បាន​កូន​បាន​សុខ។ បើ​កាល​ណា​គេ​មិន​ទាន់​អស់​ចិត្ត​ទេ កូន​ឯង​លែង​គេ ក៏​កូន​ឯង​មិន​បាន​សេចក្តី​សុខ​ដែរ។ ទ្រាំ​តាម​យថាកម្ម​ទៅ។»

ម៉ារីណា ក៏​សុខ​ចិត្ត​រស់​នៅ​តាម​យថាកម្ម​ជាមួយ លោក ស្វាយ ស៊ីថា រហូត​ដល់​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​១៩៩៩ ទើប​ប្រពន្ធ លោក ស្វាយ ស៊ីថា ឈ្មោះ ឃួន សុផល ជាមួយ​និង​ក្មួយ​ឈ្មោះ វណ្ណឌី និង​បក្ខពួក ៤​នាក់​ទៀត នាំ​គ្នា​មក​ធ្វើ​ទារុណកម្ម​លើ​នាង៖ «ដំបូង​គាត់​អ្នក​ចាប់​ទាញ​សក់​ ខ្ញុំ អូស​ពី​លើ​កៅអី​ធ្លាក់​មក​នឹង​ដី។ ហើយ​បន្ទាប់​មក គាត់​ធាក់​ខ្ញុំ។ ប្រុសៗ​ហក់​មក​វ៉ៃ​ខ្ញុំ​ទៀត។ វា​ចាប់​ខ្លួន​ខ្ញុំ​អុក​នឹង​ជង្គង់​វា​ហ្នឹង ទ្រូង​ខ្ញុំ​ហ្នឹង...ច្រើន...ច្រើន..ជង្គង់​ណាស់។ ខ្ញុំ​ចុក​ខ្លាំង​ពេក ឈាម​ចេញ​តាម​ច្រមុះ​មក... ហើយ​បែក​មាត់​ទៀត​រួច​ក៏​សន្លប់...ហើយ​ទៅ គេ​ស្រោច​អាស៊ីត​លើ​ខ្ញុំ។ ខ្ញុំ​អត់​ដឹង​ខ្លួន​ទេ នៅ​ពេល​ក្តៅ​ពេក​ដូច​គេ​កន្ទ្រាក់​សរសៃ​ខ្ញុំ អោយ​ភ្ញាក់​ឡើង​វិញ។ ខ្ញុំ​ក៏​ស្ទុះ​ងើប ស្ទុះ​ងើប​ទៅ ដំបូង​ស្មាន​ថា​គេ​ចាក់​ទឹក​ក្តៅ។ ហើយ​ពេល​ដែល​ត្រូវ​ទឹក​អាស៊ីត​ហ្នឹង​ណាស់ មាត់​ខ្ញុំ​ជូរ​ខ្លាំង​មែន​ទែន...។»

គ្រួសារ​នាង ម៉ារីណា មិន​ដាក់​ពាក្យ​ប្ដឹង​ប្រពន្ធ លោក ស្វាយ ស៊ីថា និង​ជន​ដៃ​ដល់​ដទៃ​ទៀត​ទេ ព្រោះ​ពួក​គាត់​គិត​ថា ខ្លួន​ទី​ទាល់ក្រ​មិន​អាច​តតាំង​នឹង​អ្នក​មាន​អំណាច​បាន​ទេ៖ «ខ្ញុំ​ជា​ ប្រជារាស្ត្រ​ដែល​ក្រីក្រ ហើយ​ដូច​ថា យើង​អ្នក​តូចតាច​អ៊ីចឹង​ណាស់។ យើង​មិន​ហ៊ាន​តតាំង​ហ្នឹង​គេ​ទេ។ ខ្ញុំ​ជា​ម្តាយ​មាន​ការ​ឈឺ​ចាប់​ណាស់ ប៉ុន្តែ​មិន​ដឹង​ធ្វើ​ម្ដេច​ទេ បើ​យើង​លុយ​កាក់​ក៏​គ្មាន ស្អី​ក៏​គ្មាន​អ៊ីចឹង មិន​ដឹង​ធ្វើ​ម៉េច​ដែរ។»

ម្តាយ​របស់​នាង ម៉ារីណា ក៏​បាន​និយាយ​ថា គ្រួសារ​គាត់​មាន​ការ​ព្រមព្រៀង​គ្នា​មួយ​ជាមួយ លោក ស្វាយ ស៊ីថា៖ «កាល ​ថ្ងៃ​ដែល​ហៀប​ទៅ​អាមេរិក​ហ្នឹង​ក៏ដោយ កូន​ខ្ញុំ​និយាយ​សុំ​គាត់​ថា តែ ១​ម៉ឺន ៥​ពាន់​ទេ​ថា​អោយ​ដាច់។ ១​ម៉ឺន ៥​ពាន់ គឺ​យក​ដាច់​មិន​បាច់​អោយ​គាត់​មើល​អី​ទេ។ គាត់​ក៏​សន្យា​ថា​គាត់​ព្រម។ ក៏ប៉ុន្តែ គាត់​អោយ​ពួក​ខ្ញុំ​ជា​ម្តាយ​ជា​បង​ហ្នឹង​ផ្ដិត​មេដៃ សាមី​ខ្លួន​ហ្នឹង​ផ្ដិត​មេដៃ​មិន​អោយ​ប្ដឹង​ប្រពន្ធ​គាត់​ត​ទៅ​ទៀត។ ក៏ប៉ុន្តែ​ដល់​ទី​បញ្ចប់ មុន​នឹង​ឡើង​យន្តហោះ​ពីរ​ថ្ងៃ គាត់​ថា គាត់​មាន​តែ​បី​ពាន់​ដុល្លា។ សូម​លោក​ជ្រាប​មើល​ពី ១​ម៉ឺន ៥​ពាន់ មក​នៅ​ត្រឹម​បី​ពាន់ ហើយ​ជីវិត​កូន​ខ្ញុំ រូប​កាយ​សម្ផស្ស​កូន​ខ្ញុំ​ដែល​នៅ​អាក្រក់ ហើយ​ដែល​វ័យ​ក្មេង​របស់​គ្នា​នោះ។ ហើយ​បី​ពាន់​ដុល្លារ​ហ្នឹង អាច​យក​ទៅ​បិទ​បាំង​បាន​ដែរ​ទេ?»

មក​ទល់​នឹង​ពេល​នេះ នាង ម៉ារីណា និង​គ្រួសារ មិន​ទាន់​បាន​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់ ឬ​ទទួល​នូវ​សំណង​អ្វី​ដែល លោក ស្វាយ ស៊ីថា បាន​សន្យា​នៅ​ឡើយ​ទេ។ ចំណែក​នាង ម៉ារីណា ថ្វីត្បិត​តែ​ពេល​នេះ​នាង​បាន​នៅ​ឆ្ងាយ​ពី​ក្រុម​ជន​ដែល​ធ្វើ​បាប និង​បាន​ទទួល​ការ​ព្យាបាល និង​ថែរក្សា​ពី​សំណាក់​គ្រូពេទ្យ​ជំនាញ​នៅ​សហរដ្ឋ​អាមេរិក ក្តី នាង​ថា​នាង​នៅ​តែ​មាន​អារម្មណ៍​ភ័យ​រន្ធត់ ស្រមៃ​ឃើញ​ឆុត​ឆាក​ដែល​គេ​ធ្វើ​ទារុណកម្ម​មក​លើ​នាង ជាពិសេស​នៅ​ពេល​នាង​គេង៖ «គេង​អត់​សូវ​លក់​ទេ ហើយ​បើ​គេង​លក់​យល់​សប្ដិ​ឃើញ​រឿង...គឺ​ឃើញ...ឃើញ​ការ​ដែល​ថ្ងៃ​កើត​ហេតុ​ ហ្នឹង ហើយ​វា​ភ្ញាក់...ភ្ញាក់​ស្រែក​ខ្លាំង...ហើយ​ភ្ញាក់​ឡើង...ពេល​ដែល​ស្រែក​ ហ្នឹង ភ្ញាក់​ឡើង​ញ័រ​សាច់​ភ័យ​ចង់​តែ​យំ ចង់​រាល់​យប់...៕»




No comments:

Post a Comment