Paris Peace Accords 23 Oct. 1991

Thursday, January 23, 2014

សហជីព​និង​កម្មករ​ នៅ​កំពង់ចាម​ ត្រូវ​បាន​ បណ្ដេញ​ចេញ​ ពី​ការងារ​ ជា​បន្តបន្ទាប់

ដោយ សូត សុខប្រាថ្នា / វិទ្យុអាស៊ីសេរី​ | ២២ មករា ២០១៤

កម្មករ​កូដកម្ម​កំពង់ចាម ៦១០
កម្មករ​រោងចក្រ មេតថេក ខេមបូឌា (Medtecs Cambodia Co Ltd) នាំ​គ្នា​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើ​ការ ទាមទារ​ឲ្យ​តំណាង​សហជីព​ចូល​ធ្វើ​ការ​វិញ នា​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៤។
RFA/Saut Sokprathna














សហជីព​និង​កម្មករ​ នៅ​កំពង់ចាម​ ត្រូវ​បាន​ បណ្ដេញ​ចេញ​ ពី​ការងារ​ ជា​បន្តបន្ទាប់

តំណាង និង​កម្មករ នៅ​ខេត្ត​កំពង់ចាម ត្រូវ​ថៅកែ​បញ្ឈប់​ពី​ការងារ​ជា​បន្តបន្ទាប់ ក្រោយ​ពី​ពួក​គេ​ចេញ​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ។ តំណាង​សហជីព​ក្នុង​រោងចក្រ​បាន​លើក​ឡើង​ថា ការ​ចរចា​រវាង​ភាគី​រោងចក្រ និង​ភាគី​សហជីព​នៅ​មន្ទីរ​ការងារ​កន្លង​មក ត្រូវ​បរាជ័យ ដោយ​ខាង​រោងចក្រ​មិន​ព្រម​អនុញ្ញាត​ឱ្យ​តំណាង​សហជីព​ចូល​ធ្វើ​ការ​វិញ។
តំណាង​កម្មករ​នៅ​រោងចក្រ មេតថេក ខេមបូឌា ឬ មេតហាតធេន (Medtecs Cambodia Co Ltd) នៅ​ខេត្ត​កំពង់ចាម ជាច្រើន​នាក់ នៅ​តែ​មិន​ទាន់​អនុញ្ញាត​ឱ្យ​ចូល​ធ្វើ​ការ​ដូច​ដើម​វិញ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ តំណាង​សហជីព និង​កម្មករ​ជាច្រើន​នាក់​នៅ​ថ្ងៃ​ទី​២២ មករា ក៏​ត្រូវ​បាន​ភាគី​រោងចក្រ​បណ្ដេញ​ចេញ​ជា​បន្តបន្ទាប់​ថែម​ទៀត។
ស្ថានភាព​បែប​នេះ​កើត​មាន​បន្ទាប់​ពី​មាន​ការ​ចរចា​រវាង​ភាគី​តំណាង​កម្មករ និង​ភាគី​រោងចក្រ មេតថេក ខេមបូឌា ឬ មេតហាតធេន នៅ​មន្ទីរ​ការងារ​ខេត្ត​កំពង់ចាម កាល​ពី​ពេល​កន្លង​ទៅ ត្រូវ​បរាជ័យ។
ប្រធាន​សហជីព​នៃ​រោងចក្រ មេតថេក ខេមបូឌា លោក ចន ធាង មាន​ប្រសាសន៍​ថា បន្ទាប់​ពី​មាន​ជំនួប​ចរចា​រវាង​ខាង​តំណាង​កម្មករ ជាមួយ​ភាគី​រោងចក្រ​នៅ​មន្ទីរ​ការងារ កាល​ពី​ថ្ងៃ​ទី​១៦ មករា ត្រូវ​បរាជ័យ​នោះ ពួក​លោក​ដែល​ជា​សហជីព​ជាច្រើន​នាក់​មិន​ទាន់​បាន​ចូល​ធ្វើ​ការ​វិញ​ឡើយ ជា​ហេតុ​ធ្វើ​ឱ្យ​កម្មករ​ដែល​កំពុង​តែ​ធ្វើ​ការ​ក្នុង​រោងចក្រ​ជួប​នូវ​បញ្ហា​ផ្សេងៗ​មិន​ចេះ​ចប់។ ជាក់ស្តែង នៅ​ថ្ងៃ​ទី​២២ មករា សហជីព និង​កម្មករ​ជិត ៣០​នាក់ ត្រូវ​បាន​រោងចក្រ​បណ្ដេញ​ចេញ​ពី​ក្រុមហ៊ុន ដោយ​យក​លេស​ថា ពួក​គាត់​បាន​ឈប់​ជាច្រើន​ថ្ងៃ​លើស​ពី​ច្បាប់​ក្នុង​រោងចក្រ​អនុញ្ញាត។ លោក​បន្ត​ថា ប្រសិន​បើ​រោងចក្រ​ព្រម​ទទួល​កម្មករ​ទាំង​នោះ​វិញ គឺ​ត្រូវ​ចាត់​ទុក​ថា ពួក​គាត់​ជា​កម្មករ​ថ្មី​ទាំងអស់ ដែល​ធ្វើ​កម្មករ ត្រូវ​បាត់​បង់​ប្រាក់​អតីតភាព​ការងារ​ទាំង​ស្រុង។ លោក​យល់​ថា រោងចក្រ​ធ្វើ​ដូច​នេះ គឺ​ជា​រឿង​ដែល​ខុស​ទៅ​នឹង​ច្បាប់​ការងារ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គាត់​មិន​អាច​ទទួល​យក​បាន​ឡើយ។
លោក ចន ធាង៖ «តាម​អ្វី​ដែល​ពួក​ខ្ញុំ​ធ្វើ​កូដកម្ម​ហ្នឹង គឺ​ជា​សិទ្ធិ​សេរីភាព​ការងារ​មួយ​របស់​កម្មករ​កម្មការិនី​យើង​ទាំងអស់​ដែរ។ នៅ​ក្នុង​ច្បាប់ គេ​បាន​ចែង​ច្បាស់​ដែរ​ថា យើង​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​កូដកម្ម​ធ្វើ​អ៊ីចឹង! ដោយសារ​បញ្ហា​ហ្នឹង​ហើយ​ដែល​ថា​ការ​ក្រុមហ៊ុន​ធ្វើ​ហ្នឹង​ជា​ការ​រំលោភ​សិទ្ធិ​មួយ​ដល់​កម្មករ​យើង​ទាំងអស់»
លោក​បន្ត​ថា នៅ​ពេល​ដែល​កម្មករ​ធ្វើ​ការ​ដោយ​មិន​មាន​សហជីព​ពួក​លោក​នោះ ភាគី​រោងចក្រ​បាន​ធ្វើ​ទុក្ខបុកម្នេញ​ដល់​កម្មករ​ជា​ហូរហែ ហើយ​ប្រសិន​បើ​នរណា​ចេញ​មុខ​តវ៉ា​ត្រូវ​បណ្ដេញ​ចេញ។ លោក​បន្ថែម​ថា ក្រៅ​ពី​នេះ កម្មករ​ដែល​ជា​សមាជិក​សហជីព​សហព័ន្ធ​កម្ពុជា ត្រូវ​បាន​បង្ខំ​ឱ្យ​ចូល​ជា​សមាជិក​សហជីព​ផ្សេង ដែល​មាន​ទំនោរ​គាំទ្រ​ភាគី​រោងចក្រ​ទៀត​ផង។
វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ស្នើសុំ​ការ​បកស្រាយ​ពី​ភាគី​រោងចក្រ គឺ​អ្នក​បកប្រែ​ភាសា​ចិន លោក សម សីហា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២២ មករា។
ដោយ​ឡែក អនុប្រធាន​មន្ទីរ​ការងារ​ខេត្ត​កំពង់ចាម លោក អ៊ុំ វេសនា បាន​មាន​ប្រសាសន៍​ថា បញ្ហា​ដែល​កើត​ឡើង​នៅ​រោងចក្រ មេតថេក ខេមបូឌា ជា​បញ្ហា​បច្ចេកទេស ហើយ​ការ​ចរចា​កន្លង​ទៅ ត្រូវ​បរាជ័យ​នោះ ដោយសារ​តែ​ភាគី​ទាំង​សង​ខាង​ប្រកាន់​គោល​ជំហរ​រឹងរូស​ដូច​គ្នា ហើយ​ការ​ចរចា​មិន​អាច​ចុះ​សម្រុង​ខាង​មន្ទីរ​ក៏​បាន​បញ្ជូន​ករណី​នេះ​ទៅ​ក្រុម​ប្រឹក្សា​ការងារ​អាជ្ញា​កណ្ដាល ដើម្បី​ដោះស្រាយ​បន្ត​ទៀត។
លោក អ៊ុំ វេសនា៖ «វា​ក៏​ជា​បច្ចេកទេស​បន្តិច​ដែរ។ ហើយ​ដោយសារ​មួយ​ចំហៀងៗ គាត់​ប្រកាន់​ជំហរ​ទាមទារ​តឹងរ៉ឹង​រៀង​ខ្លួន។ ខាង​ក្រុមហ៊ុន គាត់​ថា​ចាំ​លទ្ធផល​ពី​ខាង​តុលាការ គេ​ថា​យ៉ាង​ម៉េចៗ គាត់​នឹង​ពិចារណា​ឡើង​វិញ​ទាក់ទង​ទទួល​យក​មិន​ទទួល​យក​ណា។ ខាង​សហជីព ខាង​កម្មករ​សហជីព គាត់​ថា​ឱ្យ​ចូល​ធ្វើ​ការ​សិន​ទៅ ចាំ​តុលាការ​គេ​សម្រេច​ម៉េច ចាំ​គិត​តាម​ហ្នឹង​ដែរ។ អ៊ីចឹង វា​ពិបាក​ដែរ វា​ពិបាក​ដោយសារ​ម៉ា​ចំហៀងៗ​ប្រកាន់​គោល​ជំហរ​តឹងរ៉ឹង​រៀង​ខ្លួន។ ខ្ញុំ​គិត​ថា ប្រសិន​បើ​គាត់​នៅ​តែ​មិន​ព្រម​អ៊ីចឹង​ទេ យើង​មាន​តែ​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​ហើយៗ​ប្រសិន​បើ​ក្រុម​ប្រឹក្សា​គេ​កាត់​សេចក្តី​ថា​យ៉ាង​ម៉េច​យ៉ាង​ម៉ា ចាំ​គេ​តាម​លទ្ធផល​ហ្នឹង​ទៅ»
លោក​បន្ត​ថា ចំពោះ​ការ​បណ្ដេញ​ចេញ​សហជីព រួម​នឹង​កម្មករ​ជាច្រើន​នាក់ និង​ការ​គាប​សង្កត់​ផ្សេងៗ​ពី​សំណាក់​ថៅកែ​រោងចក្រ​នោះ ខាង​មន្ទីរ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នោះ​នៅ​ឡើយ​ទេ ប៉ុន្តែ​ប្រសិន​បើ​ជា​មាន​ករណី​បែប​នេះ​មែន គប្បី​សហជីព ឬ​កម្មករ​ដែល​មាន​បញ្ហា​ទាំង​នោះ​ដាក់​ពាក្យ​ស្នើសុំ​មក​ខាង​មន្ទីរ​ការងារ ដើម្បី​ធ្វើ​ការ​ផ្សះផ្សា និង​ត្រួត​ពិនិត្យ​ពី​មូលហេតុ​ឱ្យ​បាន​ច្បាស់​លាស់។
យ៉ាង​ណា​ក៏ដោយ ប្រធាន​សហជីព លោក ចន ធាង បាន​បញ្ជាក់​ថា ទាំង​សហជីព និង​កម្មករ ដែល​ត្រូវ​បណ្ដេញ​ចេញ​ពី​ការងារ​គិត​មក​ដល់​ពេល​នេះ គឺ​មាន​ចំនួន​ប្រមាណ​ជា ៥០​នាក់​ហើយ។ ដោយ​ឡែក ខាង​សហជីព​លោក​ក៏​បាន​ត្រៀម​ខ្លួន​ក្នុង​ការ​ជួប​ចរចា​ជាមួយ​ភាគី​រោងចក្រ​នៅ​ឯ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​រួច​ហើយ​ដែរ ហើយ​ប្រសិន​បើ​ជា​នៅ​តែ​មិន​អាច​ដោះស្រាយ​សមស្រប​សម្រាប់​ពួក​លោក​ទេ នោះ​អាច​នឹង​មាន​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​បន្ត​ទៀត៕


No comments:

Post a Comment