ក្រុមប្រឹក្សា ឃ្លាំមើល កម្ពុជា៖ ការស្លាប់ និងរបួសកម្មករ ជាការទទួលខុសត្រូវ របស់រដ្ឋាភិបាល
ដោយ៖ ពៅ មេត្ដា / វិទ្យុ វីអូឌី | ថ្ងៃសៅរ៍ ទី4 ខែមករា ឆ្នាំ2014
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថ្កោលទោសចំពោះអំពើហិង្សាដែលបណ្តាលឲ្យកម្មករស្លាប់ និងរបួស ហើយទម្លាក់ការទទួលខុសត្រូវនេះ ទៅលើរដ្ឋាភិបាលបច្ចុប្បន្នដែលប្រើកម្លាំងដោះស្រាយបញ្ហា។
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ចេញផ្សាយនៅថ្ងៃសៅរ៍នេះ ដែលចុះហត្ថលេខាដោយលោក ម៉ែន ណាត ជាប្រធាន បានលើកឡើងថា សមត្ថកិច្ច របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបាញ់រះលើកម្មករ និងមន្ត្រីសហជីព នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅសួនកាណាឌីយ៉ា កាលពីថ្ងៃទី២ និងទី៣កន្លងទៅនេះ។
សេចក្តីថ្លែងការណ៍នោះ បានហៅការបង្ក្រាបរបស់សមត្ថកិច្ចថា ជាអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយទាមទារឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ទទួលខុសត្រូវ។
តែមន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែងថា ការប៉ះទង្គិចនោះ គឺសមត្ថកិច្ចគ្រាន់តែការពារខ្លួនពីការវាយប្រហារពីកម្មករ ដើម្បីការពារសន្តិសុខសណ្តាប់ ធ្នាប់តែប៉ុណ្ណោះ គឺមិនមានបំណងបាញ់សម្លាប់កម្មករទេ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាក៏បានចាត់ទុកការបង្ក្រាបរបស់សមត្ថកិច្ចនោះថា ជាបទឧក្រិដ្ឋអន្តរជាតិដែលស្ថិតក្រោមអំណាចតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ដែលកម្ពុជាឲ្យបានផ្តល់សច្ចាប័នកាលពីឆ្នាំ២០០២៕
No comments:
Post a Comment