Paris Peace Accords 23 Oct. 1991

Tuesday, January 21, 2014

គណបក្ស​ ជាតិ​និយម ស្នើ​ ក្រសួងមហាផ្ទៃ និង​សាលា​រាជធានី​ ភ្នំពេញ ដក​បម្រាម​ ស្តីពី​ ការហាម​ប្រមូលផ្តុំ​គ្នា​ចេញ​

ដោយ៖​ តាំង វីដា​ /​ វិទ្យុ វីអូឌី | ថ្ងៃអង្គារ ទី21 ខែមករា ឆ្នាំ2014 

​គណបក្ស​ជាតិ​និយម ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ និង​សាលា​រាជធានី​ភ្នំពេញ លុបចោល​បម្រាម និង​សេចក្តីណែនាំ ដែល​មិន​អនុញ្ញាត​ការជួបប្រជុំ​គ្នា​ជា​សាធារណៈ​លើសពី​១០​នាក់​ឡើងទៅ ដោយ​លើក​ហេតុផល​ថា បម្រាម​នោះ រំលោភ​លើ​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា​។​
​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ជាតិនិយម ចុះ​ថ្ងៃ​ទី​២១ ខែ​មករា​នេះ ឲ្យដឹងថា បម្រាម និង​សេចក្តីណែនាំ ហាមឃាត់​ការប្រមូលផ្តុំ​គ្នា​មនុស្ស​លើសពី​១០​ឡើងទៅ បាន​នាំមក​នូវ​ការបង្ក្រាប និង​ការចាប់ខ្លួន​ជា​បន្តបន្ទាប់ ទៅលើ​សកម្មជន​សិទ្ធិ​លំនៅដ្ឋាន សិទ្ធិមនុស្ស និង​សហជីព នៅ​ថ្ងៃ​ទី​៥ ទី​៨ និង​ទី​២០​ខែ​មករា និង​បាន​ដាក់​កំហិត​លើ​ការជួប​ប្រជុំ​ន​យោ​យ​បាយ​ផ្សេងទៀត​។ គណបក្ស​ជាតិ​និយម ចាត់ទុក​បម្រាម និង​សេចក្តីណែនាំ​នេះ ថា​មាន​លក្ខណៈ​​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​កម្ពុជា (​មាត្រា​៤១) កតិកាសញ្ញា​អន្តរជាតិ ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ (​មាត្រា​១៩) និង​ច្បាប់​ស្តីពី​បាតុកម្ម​នៅ​កម្ពុជា (​មាត្រា​៩)​។​
ក្នុង​សេចក្តីថ្លែងការណ៍​នេះ គណបក្ស​ជាតិ​និយម យល់ថា ប្រទេស​កម្ពុជា មិន​មាន​ភាពអាសន្ន​សាធារណៈ ដែល​គំរាម​ដល់​អស្ថិរភាព​ជាតិ​នោះ​ទេ ហើយ​​​ថា កម្ពុជា អាច​ប្រើប្រាស់​បម្រាម​នេះ​បាន លុះណាតែ​ព្យួរ​រដ្ឋ​ធម្មនុញ្ញ​ជាមុនសិន ឬ​វៀរលែងតែ​កម្ពុជា ធ្លាក់​ក្នុង​វិបត្តិ​បញ្ហា​សន្តិសុខ​ធ្ងន់ធ្ងរ ដែល​មិន​អាច​គ្រប់គ្រង​បាន​។ ទន្ទឹមនឹងនេះ គណបក្ស​ជាតិ​និយម ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល គោរព​សិទ្ធិ​ធម្មនុញ្ញ ដោះលែង​មនុស្ស ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំង​២៣​នាក់ ក្នុង​ហេតុការណ៍​ប៉ះទង្គិច​កាលពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា​ផងដែរ​។​
​ករណីនេះ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យដឹងថា បម្រាម​ហាមឃាត់​ការប្រមូលផ្តុំ​គ្នា មនុស្ស​១០​នាក់​ឡើង​ទៅ​នេះ នឹង​ត្រូវ​ដកចេញ​វិញ លុះណាតែ​ប្រទេស​កម្ពុជា មាន​ស្ថិរភាព​វិញ​។​
កាលពី​ថ្ងៃ ទី​១៦ ខែ​មករា​នេះ លោក សុរិយា ស៊ូ​ប៊ែ​ឌី អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ទទូច​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដកចេញ នូវ​បម្រាម​ហាមឃាត់​ការធ្វើ​បាតុកម្ម ឬ​ជួបប្រជុំ ដែល​ក្រសួង​មហាផ្ទៃ​បាន​ដាក់​ចេញ​ក្រោយពី​មាន​ហិង្សា​រវាង​អ្នក​តវ៉ា​ជា​មួយ សមត្ថកិច្ច​នៅ​តាម ផ្លូវ​វ៉េងស្រេង​។ លោក ស៊ូ​ប៊ែ​ឌី បានទាមទារ​ឲ្យ​អាជ្ញាធ​រ​កម្ពុជា លើកយក​ច្បាប់​របស់​កម្ពុជា​មួយ​ណា ដែល​អនុញ្ញាត​ឲ្យមាន​ការដាក់​បម្រា​មការ​ធ្វើបាតុកម្ម ឬ​ជួបប្រជុំ​បណ្តោះអាសន្ន​នោះ​។ លោក​បញ្ជាក់ថា ការ​ដាក់​បម្រាម​នេះ គឺ​ផ្ទុយ​នឹង​មាត្រា​៤ នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​។ លោក​ថា “​ដូច​ច្នេះ​បើ​មិន​មាន​ច្បាប់​ណា​ការពារ​ចំពោះ​ការ​ដាក់​បម្រាម​នេះ​ទេ គួរតែ​ដកចេញ​”៕


No comments:

Post a Comment