លោកអាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា
©soklim/RFI
លោក អាត់ ធន់៖ ការជជែក ដោះស្រាយ បញ្ហាកម្មករ ហាក់ ជឿនលឿន ទៅមុខច្រើន
បន្ទាប់ពីអំពើហិង្សាជាបន្តបន្ទាប់រហូតបណ្តាលឲ្យមានមនុស្សស្លាប់ របួស និងចាប់ខ្លួនមក, ការជជែកចចារដោយសន្តិវិធីកំពុងតែប្រព្រឹត្តទៅ រវាងភាគីពាក់ពន្ធ័ដែលរួម មានដូចជាក្រុមសហជីពជាតិ និង អន្តរជាតិ អ្នកបញ្ជាទិញ , រាជរដ្ឋាភិបាល ព្រមទាំងសហគមនិយោជក។ នេះបើយោងតាមសំដី លោក អាត់ធន់ ប្រធានសម្ពន្ធ័សហជីពប្រជាធិបតេយ្យកម្មករ នៅថ្ងៃអង្គារនេះ ដែលបានបញ្ជាក់ថា ការជជែកគ្នាកំពុងតែមានដំណើរ ការទៅមុខ តែយ៉ាងណាប្រសិនបើនៅតែគ្មានដំណោះស្រាយ ការតវ៉ានឹងកើតមានជាថ្មី។
ក្រុមសហជីព រដ្ឋាភិបាល ថៅកែរោងចក្រ និង អ្នកបញ្ជាទិញ នៅពេលនេះ កំពុងអង្គុយចុះដាក់បញ្ហាលើតុដើម្បីជជែកគ្នា។ លោកអាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានអោយប្រាប់វិទ្យុបារាំងនៅថ្ងៃអង្គារទី២៨ មករា នេះថា ដំណើរការដោះស្រាយបញ្ហាកម្មករ ហាក់មានការជឿនលឿនទៅមុខច្រើន។
ប្រធានសហជីពរូបនេះ បានបញ្ជាក់ប្រាប់ថា អ្នកបញ្ជាទិញបរទេស បានប្រាប់ពីជំហរថា ពួកគេមានចេតនាចង់ដោះស្រាយចចារបង្កើនប្រាក់ឈ្នួលដល់កម្មករ។ ប៉ុន្តែនៅពេលនេះបញ្ហាឋិតត្រង់រដ្ឋាភិបាល និង សមាគមនិយោជក ដែលអ្នកទាំងពីរមិនទាន់បានបង្ហាញជំហរច្បាស់លាស់នៅឡើយ។តែយ៉ាងណាលោកអាត់ ធន់ បានបន្តរថា អ្នកពាក់ពន្ធ័ទាំងពីរនេះហាក់បន្ទន់ជំហរ ដែលដំបូង ការជជែកគ្នា មានភាពតឹងមាត់តឹងកយ៉ាងខ្លាំងទាក់ទងទៅនឹងបញ្ហាបង្កើនប្រាក់ឈ្នួលនេះ។ ក្រៅពីបញ្ហាតម្លើងប្រាក់ឈ្នួល លោក អាត់ ធន់ បញ្ជាក់ថា សហជីព ក៏កំពុងដោះស្រាយទាមទារអោយ មានសំណង ដល់ជនរងគ្រោះ និង ការដោះលែងសកម្មជន23រូបដែលត្រូវចាប់ខ្លួនកាលពីដើមខែមករាផងដែរ។ក្រុមសហជីព នឹងបន្តតាមដានស្ថានភាព និង ធ្វើការជាប់ជាមួយអ្នកបញ្ជាទិញនិង សហជីពអន្តរជាតិ ហើយប្រសិនបើការជជែកគ្នារវាងភាគីអ្នកពាក់ពន្ធ័ទាំងឡាយចប់សព្វគ្រប់ នៅតែមិនមានដោះស្រាយ លោក អាត់ ធន់ បញ្ជាក់ថា គម្រោងកូដកម្មនឹងបន្តរកើតមានជាថ្មី។ ការជជែកពិភាក្សាដែលលោក ថា ត្រូវការពេលវេលាមួយចំនួន តែ មិនអូសបន្លាយដល់ដំណាច់ខែ មិនានោះទេ។
សូមរំលឹកថា កាលពីថ្ងៃអាទិត្យ ទី ២៦ មករា ឆ្នាំ២០១៤ នៅក្នុង ការតវ៉ាតម្លើងប្រាក់ឈ្នួលអប្បរមាដល់កម្មករចំនួន ១៦០ដុល្លា និង ការទាមទារអោយដោះលែងសកម្មជន២៣រូប មានការប៉ះទង្គិចមួយបានកើតឡើងបណ្តាលអោយមនុស្ស១០នាក់រងរបួស ។ប៉ុន្តែ មេដឹកនាំសហជីពកម្មករ និងសមាគមនិយោជិតទាំងអស់ សុទ្ធតែបានប្រកាសអំពីការធ្វើបាតុកម្មបន្តទៀត រហូតទាល់តែពួកគេទទួលបានដំណោះស្រាយតាមការទាមទារ៕
No comments:
Post a Comment