អ្នកនាំពាក្យ គណបក្ស លោក យឹម សុវណ្ណ (ឆ្វេង)
ធ្វើសន្និសីទកាសែត ស្ដីពី កំណែទម្រង់ គ.ជ.ប. នៅគណបក្ស កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១២។
RFA/Sok Serey
|
លោក យឹម សុវណ្ណ ច្រានចោល ការថ្កោលទោស ថា, លោក មើលងាយ តួនាទី កងទ័ព
RFA | 30 Jan. 2014
ការប្រកាសថ្កោលទោសពីសំណាក់អ្នកនាំពាក្យក្រសួងការពារជាតិ នោះ ធ្វើឡើងបន្ទាប់ពីកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ស្រង់សម្ដី លោក យឹម សុវណ្ណ ទៅផ្សាយពាក់ព័ន្ធកងកម្លាំងប្រដាប់អាវុធកាលពីថ្ងៃទី២៤ ខែមករា។
តំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលភ្នំពេញ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានច្រានចោលសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារ ជាតិ ដែលយល់ច្រឡំការអត្ថាធិប្បាយរបស់លោក ក្នុងអត្ថបទកាសែត ឌឹ ខេមបូឌា ដេលី។
លោក យឹម សុវណ្ណ ថ្លែងនៅព្រឹកថ្ងៃទី៣០ ខែមករា បំភ្លឺជូនកងទ័ពជាតិថា ការអត្ថាធិប្បាយរបស់លោកដែលកាសែត ឌឹ ខេមបូឌា ដេលី ផ្សាយនៅថ្ងៃទី២៤ ខែមករា លោកសំដៅទៅលើអ្នកធ្វើសេចក្តីសម្រេចចិត្តមួយចំនួនតូចក្នុងជួរ កងទ័ព ក្នុងគ្រាដែលប្រទេសកម្ពុជា កំពុងមានវិបត្តិនយោបាយ ច្បាប់តម្រូវឲ្យកងទ័ពនៅអព្យាក្រិត។ តែបែរជាមានអ្នកមួយចំនួនតូច បែរទៅគាំទ្រគណបក្សមួយ ហើយប្រឆាំងគណបក្សមួយទៀត។
លោក យឹម សុវណ្ណ៖ «នៅពេលដែលយើងបង្ក្រាបទៅលើបាតុករស្លូតត្រង់ អ្នកដែលកាន់អាវុធ ក្រោមការបញ្ជារបស់មនុស្សមួយចំនួនតូច បាញ់គ្រាប់ពិតដែលធ្វើឲ្យបាត់បង់ជីវិតមនុស្ស ហើយធ្វើឲ្យមនុស្សរងរបួសប្រហែលជា ៤០នាក់ ហ្នឹងហើយដែលជាទង្វើមិនស្របច្បាប់។ ដូច្នេះ ខ្ញុំសុំបដិសេធទាំងស្រុងថា ខ្ញុំទៅប្រមាថមើលងាយកងទ័ពអី ខ្ញុំគ្មានទាល់តែសោះ។ ផ្ទុយទៅវិញ គឺខ្ញុំតែងតែគិតថា ប្រទេសជាតិខ្ញុំ ជីវិតខ្ញុំ កងទ័ពជាតិខ្ញុំ ប្រទេសជាតិរបស់ខ្ញុំ គឺខ្ញុំយល់ច្បាស់ណាស់ ក្នុងនាមជាអ្នកនយោបាយដែលបាន និងកំពុងតែបម្រើប្រទេសជាតិ។»
កាលពីថ្ងៃទី២៨ ខែមករា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបដិសេធ និងថ្កោលទោសចំពោះ លោក យឹម សុវណ្ណ ដែលនិយាយប្រមាថ និងមើលងាយតួនាទីកងយោធពលខេមរភូមិន្ទប្រាប់ទៅកាសែត ឌឹ ខេមបូឌា ដេលី បានផ្សាយនៅថ្ងៃទី២៤ ខែមករា ថា៖ «រដ្ឋាភិបាលដែលបង្កើតឡើងដោយ រដ្ឋសភាខុសច្បាប់នេះ គឺជារដ្ឋាភិបាលខុសច្បាប់ ហើយកងទ័ពដែលបម្រើឲ្យរដ្ឋាភិបាលខុសច្បាប់ ក៏ខុសច្បាប់ដែរ។»
លោក យឹម សុវណ្ណ ថ្លែងថា លោកមិនដែលហ៊ានប៉ះពាល់ដល់កិច្ចប្រឹងប្រែងការពារជាតិរបស់កងទ័ពទេ។ លោកមានតែសុំឲ្យរដ្ឋសភាដំឡើងប្រាក់ខែជូនកងទ័ព ដើម្បីឲ្យកងទ័ពអាចរស់នៅប្រកបដោយជីវភាពថ្លៃថ្នូរក្នុងសង្គម សមនឹងគុណបំណាច់កំពុងជួយការពារប្រទេសជាតិ៖ «ពីព្រោះកងទ័ពជា កងទ័ពរបស់ជាតិ ត្រូវតែបម្រើជាតិ ហើយកិច្ចការនយោបាយ គឺកិច្ចការរបស់គណបក្សនយោបាយ។ នៅពេលដែលមានវិបត្តិនយោបាយ កងទ័ពត្រូវឈរនៅអព្យាក្រិត មិនត្រូវគាំទ្រគណបក្សមួយ ទៅប្រឆាំងគណបក្សមួយទេ។ ខ្ញុំជឿថា កងទ័ពជាតិទាំងមូលគេយល់ណាស់ ក៏ប៉ុន្តែនេះគ្រាន់តែជាសេចក្តីសម្រេចរបស់មនុស្សមួយចំនួនតូច នៅក្នុងជួរកងទ័ពដែលសម្រេចមិនអព្យាក្រិតបែបហ្នឹង។ ប៉ុន្តែជាស្មារតី ជាទឹកចិត្តជាសម្បជញ្ញៈរបស់កងទ័ពជាតិទាំងមូល កងយោធពលខេមរភូមិន្ទទាំងមូល គេនឹងយល់អំពីបញ្ហានេះបានច្បាស់ណាស់។»
សេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិ បង្ហាញថា ការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ប្រព្រឹត្តទៅដោយរលូនគ្មានហិង្សា។ ការប្រកាសលទ្ធផលផ្លូវការ គណបក្សប្រជាជនកម្ពុជា ទទួល ៦៨អាសនៈ ក្នុងចំណោមអាសនៈរដ្ឋសភាសរុប ១២៣។
សម័យប្រជុំរដ្ឋសភានីតិកាលទី៥ លើកដំបូង នៅថ្ងៃទី២៣ និងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ មានព្រះរាជវត្តមានព្រះមហាក្សត្រ ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី។ កិច្ចប្រជុំរដ្ឋសភានោះ ប្រព្រឹត្តទៅដោយរលូន បើទោះបីគ្មានវត្តមានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក៏ដោយ។
ក្នុងចំណុចទី៤ នៃសេចក្តីប្រកាសនោះ បញ្ជាក់ថា ស្ថិតក្នុងសភាពការណ៍ដែលសន្តិសុខសណ្ដាប់ធ្នាប់សង្គមជាតិត្រូវ បំផ្លាញ ធ្វើឲ្យប៉ះពាល់ដល់ភាពសុខដុមរមនា ការរីកចម្រើនរបស់ប្រទេសជាតិ កងយោធពលខេមរភូមិន្ទ ត្រូវការពារដាច់ខាតរដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាល។
នៅចុងបញ្ចប់នៃសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួង ការពារជាតិ អំពាវនាវដល់នាយទាហានពលទាហាននៃកងយោធពលខេមរភូមិន្ទ មេត្តាបន្តការអត់ធ្មត់ចំពោះការប្រើពាក្យពេចន៍ប្រមាថមាក់ងាយរបស់ លោក យឹម សុវណ្ណ មកលើកងយោធពលខេមរភូមិន្ទ៕
No comments:
Post a Comment