Paris Peace Accords 23 Oct. 1991

Tuesday, January 21, 2014

សាលាដំបូង​ រាជធានី​ ភ្នំពេញ មិន​អនុញ្ញាត​ ឲ្យ​ថ្នាក់ដឹកនាំ​ គណបក្ស​សង្គ្រោះ​ជាតិ ជួប​ អ្នក​ជាប់​ឃុំ​ ២៣​នាក់​​

សាលាដំបូង​ រាជធានី​ ភ្នំពេញ មិន​អនុញ្ញាត​ ឲ្យ​ថ្នាក់ដឹកនាំ​ គណបក្ស​សង្គ្រោះ​ជាតិ  ជួប​ អ្នក​ជាប់​ឃុំ​ ២៣​នាក់​​


ដោយ៖​ ពេជ្រ សុធារី​ / វិទ្យុ វីអូឌី | ថ្ងៃអង្គារ ទី21 ខែមករា ឆ្នាំ2014

ចៅក្រមស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​សួរសុខទុក្ខ​ជន​ត្រូវ​ចោទ​ទាំង ២៣​រួប ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​កំពង់ចាម​នោះទេ​។​
​នៅក្នុង​លិខិត​របស់​ចៅក្រម​ស៊ើបសួរ ជា សុខ​ហៀ​ង ផ្ញើ​ជូន​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២១ ខែ​មករា​នេះ ឲ្យ​ដឹង​ថា ជន​ត្រូវ​ចោទ​ឈ្មោះ​ជា សារ៉ាត់ ប៊ូ សារិទ្ធ យោ​ន ជា និង​កូកន​មួយ​ចំនួន​ទៀត ជាប់ចោទ​ពី​បទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ធ្វើឲ្យ​ខូចខាត​ដោយ​​ចេទនា​មាន​ស្ថាន​ទម្ងន់​ទោស ប្រើ​មធ្យោបាយ​បង្ក​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ និង​ការប្រមាថ ដែល​ប្រព្រឹត្ត​នៅមុខ​សួន​ឧស្សាហកម្ម​កាណា​ឌីយ៉ា រាជធានី​ភ្នំពេញ តាម​មាត្រា ២១៥, មាត្រា ៤១១, មាត្រា ៥០២​នៃ​ក្រម​ព្រហ្មទណ្ឌ និង​មាត្រា ៧៨ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។
លិខិត​បន្តថា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​២០​រូប ចូល​សួរសុខទុក្ខ​ជន​ត្រូវ​ចោទ​ទាំងនោះ​ទេ​។​
កាលពី​ថ្ងៃ​ទី​១៥​ខែ​មករា គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ស្នើសុំ​ឲ្យ​គណៈប្រតិភូ​គណបក្ស​ចំនួន​២០​រូប ទៅសួរសុខទុក្ខ​ជន​ដែល​ត្រូវបាន​ឃុំ​ខ្លួន​ទាំង ២៣​រូប នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​កំពង់ចាម ក្នុង​គោលបំណង​លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​មាន​​​ការដោះលែ​ង​ពួកគេ​ទាំងនោះ​។
​អ្នក​ទាំង​២៣​នាក់ ដែល​កំពុង​ឃុំខ្លួន​​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង​នោះ មាន​លោក​វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ចាន់ ពុទ្ធិ​ស័ក្ត ជា​តំណាង​សហគមន៍​បឹងកក់ លោក ថេង សាវឿន ប្រធាន​បណ្តាញ​កសិករ និង​កម្មករ​ចំនួន ២០​នាក់​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​២​និង​ទី​៣ ខែ​មករា នៅ​ពេល​ដែល​ពួក​គេ​ចូលរួម​តវ៉ា​ជាមួយ​កម្មករ ដែលទាមទារ​ប្រាក់​ខែ​អប្បបរមា ១៦០​ដុល្លារ​ក្នុង​មួយ​ខែ នៅ​​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ខាង​មុខ​រោងចក្រ​យ៉ាក​ជី​ង និង​នៅ​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េង​ស្រេង រាជធានី​ភ្នំពេញ​៕


No comments:

Post a Comment