ពលរដ្ឋ រងគ្រោះ ឈរលើដី អតីតផ្ទះ របស់ពួកគាត់ ដែលត្រូវ ក្រុមហ៊ុនចិន ដុតបំផ្លាញចោល។ រូបថត លីកាដូ |
អង្គការ សង្គមស៊ីវិល ចុះអង្កេត រឿងក្រុមហ៊ុន ចិន ដុតផ្ទះខ្មែរ
Phnom Penh Post Khmer | 28 Jan. 2014កោះកុងៈ អង្គការ សិទ្ធិមនុស្ស ចំនួន ៤ បានចុះទៅអង្កេត និងធ្វើរបាយការណ៍ ករណី ដែលក្រុមទាហាន កាងឲ្យក្រុមហ៊ុន ចិន យូញៀន ឌីវែលលុបមែន បានធ្វើការរុះរើ និងដុតបំផ្លាញផ្ទះ ប្រជាពលរដ្ឋ នៅឃុំ តានួន ស្រុក បទុមសាគរ កាលពីសប្តាហ៍មុន ដើម្បី រៀបចំ ដាក់ពាក្យបណ្តឹង ទៅតុលាការ។
អង្គការសិទ្ធិមនុស្ស ចំនួន ៤, រួមមាន អង្គការ លីកាដូ, អាដហុក, មជ្ឈមណ្ឌល អប់រំច្បាប់ សម្រាប់ សហគមន៍, និងNGO forum បានរួមគ្នា ចុះអង្កេត និងរៀបចំ របាយការណ៍ ស្តីពី ការខូចខាត លំនៅឋាន និងដំណាំ ផ្សេងៗ របស់ អ្នកភូមិ ដែលត្រូវ បានរុះរើ និងដុតបំផ្លាញចោល ដោយក្រុមហ៊ុន ចិន យូញៀន ឌីវែលលុបមែន ចាប់តាំងពីថ្ងៃ ទី២១ ខែ មករា មកដល់ថ្ងៃ ទី២៦ ខែ មករា ដើម្បី រៀបចំ ដាក់ពាក្យបណ្តឹង ទៅតុលាការ។
លោក ហ៊ួរ អ៊ីន មន្រ្តីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ បានឲ្យដឹងថា អង្គការសិទ្ធិមនុស្ស បានរកឃើញថា រយៈពេល ៦ ថ្ងៃ ដែលក្រុមហ៊ុន យូញៀន បានធ្វើការរុះរើ និងដុតបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន ២៩ ខ្នង និងបំផ្លាញដំណាំដូចជាដូង ស្វាយ និងចម្ការឪឡឹកចំនួន ៤ ហិកតាដែលសុទ្ធសឹងជាដំណាំហូបផ្លែបន្តិចបន្តួច សម្រាប់ផ្គត់ផ្គង់ជីវភាពរបស់ប្រជាពលរដ្ឋក៏មិនលើកលែងដែរ។ លោកបានឲ្យដឹងទៀតថា ក្នុងពេលចុះរុះរើ និងដុតបំផ្លាញផ្ទះនោះ មានអ្នកភូមិជាស្រ្តីចំនួន ៤ នាក់ត្រូវបានគេវាយតប់ទាត់ធាក់ និងដាក់ខ្នោះម្នាក់ ខណៈដែលស្រ្តីទាំងនោះព្យាយាមស្រែកសុំឲ្យបញ្ឈប់ការរុះរើ។ លោក ហ៊ួរ អ៊ីន បានថ្លែងបញ្ជាក់ទៀតថា៖ «ក្រុមហ៊ុនបំផ្លាញផ្ទះដុតផ្ទះអ្នកភូមិ និងចម្ការដំណាំហូបផ្លែ ដោយអំពើហិង្សាវាយតប់ទៅលើនារីភេទ។ អង្គការសិទ្ធិមនុស្សបានចុះមកទីតាំងផ្ទាល់ ដើម្បីអង្កេត និងប្រមូលព័ត៌មាន ត្រៀមដាក់ពាក្យបណ្តឹងទៅកាន់តុលាការ។»
ចំណែកលោក នាង បូរ៉ាទីណូ មន្រ្តីសម្របសម្រួលអង្គការសិទ្ធិមនុស្ស អាដហុក ខេត្ត កោះកុង បានថ្លែងថា ក្រុមហ៊ុនបានបញ្ជាទាហានមកប្រើអំពើហិង្សាលើប្រជាពលរដ្ឋខ្មែរ ដែលមើលទៅមានរូបភាពដូចជាចំបាំងព័ទ្ធផ្ទះ ហើយចាប់ប្រជាពលរដ្ឋ ដើម្បីរុះរើ និងដុតផ្ទះចោល។
លោក បូរ៉ា ទីណូ និយាយថា៖ «នេះជាសកម្មភាពរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ដូចជាមិនយល់សោះថាតើហេតុអ្វីបានជាទាហានខ្មែរ ស្តាប់មេការ ចិន មកប្រើអំពើហិង្សា លើអ្នកភូមិខ្មែរ? ពួកគេមិនរកដំណោះស្រាយដោយសន្តិវិធីតាមផ្លូវច្បាប់ទេ បែរជាមកប្រើកម្លាំងរុះរើដោយហិង្សាទៅវិញបើទោះបីជាអ្នកភូមិ បានខំយំអង្វរករក្តី។»
អ្នកភូមិជាស្ត្រីរងគ្រោះម្នាក់ ឈ្មោះ សុន គឹមសឿន អាយុ ៥៩ឆ្នាំ បាននិយាយថា ផ្ទះរបស់អ្នកស្រី្ត ត្រូវបានកម្មកររបស់ក្រុមហ៊ុន ដឹកនាំដោយទាហាន បានមករុះរើបំផ្លាញចោល កាលពីថ្ងៃ ទី២៤ ខែ មករា ថែមទាំងបានវាយដំអ្នកស្រី និងដាក់ខ្នោះអ្នកស្រីថែមទៀត នៅពេលដែលអ្នកស្រី បានព្យាយាមបញ្ឈប់នូវសកម្មភាពរុះរើផ្ទះ និងប៉ុនប៉ងឡើងលើផ្ទះដើម្បីយកអីវ៉ាន់។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំប៉ងឡើងលើផ្ទះយកអីវ៉ាន់ តែត្រូវពួកគេទាញខ្ញុំទម្លាក់មកវាយ និងដាក់ខ្នោះខ្ញុំនៅមួយកន្លែង មិនឲ្យខ្ញុំឡើងផ្ទះយកអីវ៉ាន់ទេ។ ពួកគេដូចចោរអ៊ីចឹង មករុះរើផ្ទះយើងគ្មាននិយាយរកដំណោះស្រាយអីទេ។ ឥឡូវនេះអ្នកភូមិនាំគ្នាដេកនៅក្រោមដើមឈើ ហើយសម្លឹងមើលកម្ទេចផ្ទះរបស់ខ្លួន ដែលត្រូវបានគេដុតបំផ្លាញ។»
លោក អ៊ន ភារៈ អភិបាលស្រុក បទុមសាគរ បានថ្លែងថា អាជ្ញាធរបានជូនដំណឹងពីការរុះរើផ្ទះសម្បែងពីសំណាក់ក្រុមហ៊ុន តែអ្នកភូមិ នៅតែមិនព្រមចាកចេញ។ លោកបានបន្តថា ការរុះរើផ្ទះសម្បែង មិនមានការខូចខាតច្រើននោះទេ។ លោកនិយាយថា៖ «ក្រុមហ៊ុនបានចុះមកសម្អាតដី បន្ទាប់ពីពួកគេទទួលបានសិទ្ធិពីរដ្ឋាភិបាលក្នុងការអភិវឌ្ឍ។»
ក្រុមហ៊ុន យូញៀន ឌីវែលលុបមែន បានទទួលដីសម្បទានសេដ្ឋកិច្ច ពីរដ្ឋាភិបាលចំនួន ៣៦,០០០ ហិកតា លាតសន្ធឹងនៅក្នុងស្រុកចំនួនពីរ នៃខេត្ត កោះកុង គឺស្រុក បទុមសាគរ និងស្រុក គិរីសាគរ ដើម្បីធ្វើការអភិវឌ្ឍ៕
No comments:
Post a Comment