តើអ្នករាយការណ៍ពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស៊ូរិយ៉ា ប្រាសាទ ស៊ូបេឌី នឹងបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញដែរឬទេ? នៅតែមិនមានការបញ្ជាក់ច្បាស់លាស់នៅឡើយ ចំពោះសំនួរនេះ ខណៈលោកស៊ូរិយ៉ា ស៊ូបេឌីផ្តើមទស្សនកិច្ច៥ថ្ងៃនៅថ្ងៃអាទិត្យនេះហើយ។
ព័ត៌មានផ្លូវការចុងក្រោយទាក់ទងនឹងលោកស៊ូបេឌីក្នុងសំណុំរឿងក្តីក្តាំរបស់លោកសម រង្ស៊ី និងលោកកឹម សុខានោះ គឺជាសេចក្តីបញ្ជាក់របស់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានប្រកាសនៅក្នុងគេហទំព័ររបស់ខ្លួនជាភាសាអង់គ្លេសថា វត្តមានរបស់លោកសាស្ត្រាចារ្យស៊ូបេឌីនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារទី១៤មករានោះ មិនមាននៅក្នុងកម្មវិធីទស្សនកិច្ចរបស់លោក ពីថ្ងៃទី១២ដល់ថ្ងៃទី១៧មករានោះទេ។ មិនមានមន្ត្រីការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិណាម្នាក់ អាចប្រាប់អោយដឹងមុន ឬនិយាយអំពីកម្មវិធីទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសឡើយ។
ក៏ប៉ុន្តែ សេចក្តីបញ្ជាក់របស់ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិត្រូវបានធ្វើឡើង បន្ទាប់ពីមានសារព័ត៌មានមួយចំនួន និយាយអំពីវត្តមានរបស់លោកស៊ូបេឌីនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤មករា។ តាមពិតទៅ សារព័ត៌មានទាំងនោះ បានស្រង់យកសេចក្តីជូនដំណឹងរបស់គណបក្សសង្គ្រោះជាតិដែលបានចេញផ្សាយនៅថ្ងៃទី៩មករា ដែលប្រកាសថា លោកស៊ូបេឌីនឹងចូលរួមសង្កេតការណ៍លើករណីដែលលោកសម រង្ស៊ី និងលោកកឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិត្រូវបានព្រះរាជអាជ្ញារងសាលាដំបូងកោះហៅ នៅព្រឹកថ្ងៃអង្គារទី១៤មករា។ ជាការកោះអញ្ជើញអោយចូលបំភ្លឺ ក្នុងបទចោទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កអោយមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ទាក់ទងនឹងទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសនេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោកកុយ គួង បានអត្ថាធិប្បាយថា នេះគឺជាដំណើរទស្សនកិច្ចជាធម្មតា និងជាប្រចាំរបស់លោកស៊ូបេឌីដែលត្រូវធ្វើឡើង២ដង ក្នុងមួយឆ្នាំ។ ចំពោះមន្ត្រីរដ្ឋាភិបាលរូបនេះ វានៅតែជាដំណើរទស្សនកិច្ចធម្មតា បើទោះជាទស្សនកិច្ចនេះកំពុងប្រព្រឹត្តឡើង ក្នុងពេលដែលទំនាស់នយោបាយនៃគណបក្សជាប់ឆ្នោតទាំងនៅកម្ពុជា នៅមិនទាន់ដោះស្រាយបាន ហើយចុងក្រោយនេះ ការប្រើហិង្សាពីសំណាក់អាជ្ញាធរទៅលើបាតុករកម្មករ បានបង្កអោយអោយមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ក៏ដោយ៕
No comments:
Post a Comment