Paris Peace Accords 23 Oct. 1991

Friday, January 3, 2014

ជំនួប​ រវាង​ រដ្ឋាភិបាល​ និង​សង្គម​ស៊ីវិល​ ករណី​ប្រើ​ហិង្សា​ បង្ក្រាប​បាតុករ​ មិន​មាន​ លទ្ធផល

ជំនួប​ រវាង​ រដ្ឋាភិបាល​ និង​សង្គម​ស៊ីវិល​ ករណី​ប្រើ​ហិង្សា​ បង្ក្រាប​បាតុករ​ មិន​មាន​ លទ្ធផល

មន្ត្រី​ ឧត្ដម​ស្នងការ​ នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ប្រចាំ​នៅ​កម្ពុជា សហជីព​ទាំង​៦ អង្គការ​អន្តរជាតិ​ ខាង​ការងារ ហៅ​ថា អាយ​ឡូ (ILO) បាន​ជួប​ប្រជុំ​គ្នា​ ជាមួយ​ មន្ត្រី​ សាលា​រាជធានី​ភ្នំពេញ តំណាង​ស្នងការ​ក្រុង និង​មន្ត្រី​កង​រាជ​អាវុធហត្ថ នៅ​ថ្ងៃ​ទី​៣ ខែ​មករា នេះ ដើម្បី​ជជែក​លើ​ វិធាន​ការ​បង្ក្រាប​ក្រុម​អ្នក​តវ៉ា បណ្ដាល​ឲ្យ​ ស្លាប់ និង​របួស​ ជា​ច្រើន​នាក់ ដែល​សង្គម​ស៊ីវិល​ ចាត់​ទុក​ថា​ ជា​អំពើ​ រំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ។
ដោយ ខែ សុណង / វិទ្យុអាស៊ីសេរី | ០៣ មករា​ ២០១៤
សមត្ថកិច្ច​បង្ក្រាប​កម្មករ វ៉េងស្រេង ៦១០
ក្រុម​កម្មករ​ដែល​ត្រូវ​សមត្ថកិច្ច​វាយ​ដុំ និង​ចាប់​ខ្លួន​ចង ពេល​ប៉ះ​ទង្គិច​គ្នា​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។
RFA/Sek Bandith














ជំនួប​រវាង​មន្ត្រី​រដ្ឋាភិបាល សហជីព និង​សង្គម​ស៊ីវិល រយៈពេល ២​ម៉ោង​កន្លះ មិន​មាន​លទ្ធផល​ច្បាស់​លាស់​ណា​មួយ​ពី​ភាគី​ទាំង​សង​ខាង ជុំវិញ​ការ​ទាមទារ​ឲ្យ​ដក​កម្លាំង​បង្ក្រាប​លើ​អ្នក​តវ៉ា និង​បញ្ឈប់​ការ​ប្រមូល​ផ្ដុំ​គ្នា​នោះ​ទេ។
ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន់ ថ្លែង​នៅ​ថ្ងៃ​ទី​០៣ មករា ថា សង្គម​ស៊ីវិល និង​សហជីព បាន​ស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាត់​វិធាន​ការ​បង្ក្រាប​ទប់ស្កាត់​កុំ​ប្រើ​ហិង្សា​ទៅ​លើ​កម្មករ​ដែល​ជួប​ប្រជុំ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ត្រូវ​ធ្វើ​ទៅ​តាម​នីតិវិធី​ច្បាប់ ស្នើ​ឲ្យ​កម្លាំង​ជំនាញ​កុំ​ចាត់​វិធាន​ការ​ទូទៅ សុំ​ឲ្យ​ចាត់​ការ​តែ​លើ​អ្នក​ប្រើ​អំពើ​ហិង្សា​តែ​ប៉ុណ្ណោះ ព្រោះ​ជា​ការ​គំរាម​កំហែង​ដល់​អ្នក​ចូល​រួម​ផ្សេង​ទៀត។ ទន្ទឹម​នឹង​គ្នា ក៏​សំណូមពរ​ឲ្យ​ដោះ​លែង​អ្នក​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ទាំងអស់​នោះ​ដែរ។
«សំឡេង»
ការ​លើក​ឡើង​នេះ ក្រោយ​ពី​ជំនួប​រវាង​មន្ត្រី​ឧត្ដម​ស្នងការ​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា សហជីព​ទាំង​៦ អង្គការ​អន្តរជាតិ​ខាង​ការងារ អាយ​ឡូ បាន​ជួប​ប្រជុំ​គ្នា​ជាមួយ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ និង​តំណាង​ស្នងការ​ក្រុង មន្ត្រី​កង​រាជ​អាវុធហត្ថ នៅ​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣ មករា ដើម្បី​បន្ធូរបន្ថយ​ស្ថានការណ៍​បច្ចុប្បន្ន​ឲ្យ​មាន​ការ​ធូរ​ស្រាល។
ជំនួប​នេះ ក្រោយ​កើត​មាន​បញ្ហា​ធំៗ​ជា​ច្រើន ដូច​ជា ការ​បង្ក្រាប​កម្មករ​តវ៉ា​ពី​សំណាក់​សមត្ថកិច្ច​ដែល​ប្រើ​ហិង្សា​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​នាក់ ការ​ចាប់​ព្រះសង្ឃ សកម្មជន​សិទ្ធិ​មនុស្ស សង្គម​ស៊ីវិល និង​កម្មករ​ជា​ដើម នៅ​រយៈពេល ២​ថ្ងៃ​ជាប់ៗ​គ្នា​នេះ ជុំវិញ​ការ​តវ៉ា​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ។
ឆ្លើយ​តប​បញ្ហា​នេះ នាយក​ទីចាត់ការ​នៃ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា វិធាន​ការ​នេះ គឺ​ជា​ការ​បោស​សម្អាត​កម្លាំង​អានាធិបតេយ្យ ដែល​បាន​បំផ្លាញ​ស្ថិរភាព សណ្ដាប់ធ្នាប់ សន្តិសុខ ដែល​បាន​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​ទ្រព្យ​សម្បត្តិ​ឯកជន។ លោក​បាន​ស្នើ​កុំ​ឲ្យ​មាន​ការ​បិទ​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ និង​កន្លែង​ផ្សេងៗ ដែល​ស្មើ​នឹង​យក​អ្នក​ធ្វើ​ដំណើរ​ដង​ផ្លូវ​ធ្វើ​ជា​ចំណាប់​ខ្មាំង។
«សំឡេង»
នៅ​ថ្ងៃ​នេះ សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ថា នៅ​រយៈពេល ២​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ មាន​ក្រុម​អានាធិបតេយ្យ​មួយ​ចំនួន​បាន​ដើរ​បង្ក​ការ​អុក​ឡុក ញុះញង់ អូស​ទាញ និង​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កម្មករ​នៅ​តាម​រោងចក្រ សហគ្រាស និង​បិទ​ផ្លូវ​សាធារណៈ​មួយ​ចំនួន​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ។
ក្នុង​លិខិត​បាន​ចាត់​ទុក​សកម្មភាព​បិទ​ផ្លូវ​សាធារណៈ ដើម្បី​ដាក់​គំនាប​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល​របស់​កម្មករ ដែល​ឈាន​ដល់​ការ​ប៉ះ​ទង្គិច​ជាមួយ​សមត្ថកិច្ច ដែល​កំពុង​បំពេញ​ភារកិច្ច​ថែ​រក្សា​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​ជូន​កម្មករ​នោះ គឺ​មិន​មែន​ចេញ​ពី​កម្មករ​នោះ​ទេ ដែល​មាន​ការ​ឆ្លៀត​ឱកាស​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ ពិសេស​អ្នក​នយោបាយ​ឆ្លៀត​ប្រើប្រាស់​ឆន្ទៈ​របស់​កម្មករ ដើម្បី​អុជអាល ញុះញង់ បង្កើត​ឲ្យ​មាន​ភាព​វឹកវរ ចលាចល និង​អំពើ​ហិង្សា ដែល​ប៉ះពាល់​ប្រយោជន៍​កម្មករ និយោជក និង​សន្តិសុខ​សង្គម៕

No comments:

Post a Comment