Paris Peace Accords 23 Oct. 1991

Saturday, January 25, 2014

ក្រុម​សហជីព​ ដែល​ ទាមទារ​ប្រាក់​ឈ្នួល​ ១៦០​ដុល្លារ​ បង្កើត​ មូលនិធិ​ ជួយ​ជនរងគ្រោះ​ ក្នុង​ព្រឹត្តិការណ៍​ បាញ់ប្រហារ​​


កម្មកររងគ្រោះ​ពេលសមត្ថកិច្ចបង្រ្កាបនៅផ្លូវវ៉េងស្រេង ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤(រូបភាពដោយ តាត ឧត្ដម)​

ក្រុម​សហជីព​ ដែល​ ទាមទារ​ប្រាក់​ឈ្នួល​ ១៦០​ដុល្លារ​ បង្កើត​ មូលនិធិ​ ជួយ​ជនរងគ្រោះ​ ក្នុង​ព្រឹត្តិការណ៍​ បាញ់ប្រហារ​​


ដោយ៖​ ឡាយ សាមាន​ / វីអូឌី | ថ្ងៃសៅរ៍ ទី25 ខែមករា ឆ្នាំ2014

សហភាព​ការងារ​កម្ពុជា​ដែល​ជា​បណ្តុំ​សហជីព​ជាច្រើន និង​សហជីព​ធំៗ​៨​ទៀត​ បាន​សហកា​រណ៍​បង្កើត​មូលនិធិ​ស្វែងរក​ថវិកា​ជួយ​​ជន​រង​គ្រោះ ដែល​បាន​​ស្លាប់ ​និង​​របួស​ក្នុង​ព្រឹត្តិ​ការណ៍​បាញ់ប្រហារ​មួយ កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​មករា ​ឆ្នាំ​២០១៤​​​។​
​ព្រឹត្តិការណ៍​​​ប៉ះ​ទ​ង្គិ​ច​នៅពេលនោះ កម្មករ​​យ៉ាង​តិច​៥​​នាក់ ​ត្រូវ​សមត្ថកិច្ច​បាញ់​សម្លាប់ ប្រមាណ​ជា​​៤០​នាក់​​​រងរបួស និង​២៣​នាក់​ត្រូវ​ចាប់ខ្លួន​។
​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ឲ្យ​VOD​ដឹង​នៅ​ថ្ងៃ​សៅរ៍​ ទី​២៥ ​ខែ​​មករា​ ឆ្នាំ​២០១៤​នេះ​ថា ការសហការណ៍​គ្នា​បង្កើ​ត​ឲ្យមាន​មូលនិធិ​នេះ ដើម្បី​​ចែករំលែក​ទុក្ខ​លំបាក​ដល់​គ្រួសារ​​សព និង​ជនរងគ្រោះ ​ក្នុង​ព្រឹត្តិការណ៍​បាញ់ប្រហារ​កន្លង​ទៅ ដែល​ពេល​នេះ ពួកគាត់​កំពុង​ជួប​ការលំបាក​ផ្នែក ថវិកា​សម្រាប់​​មើលថែ​អ្នក​ដែល​​កំពុង​សម្រាប់​ព្យាបាល​។​
លោក អាត់ ធន់ ឲ្យដឹងទៀតថា មូលនិធិ​នោះ​​ឈ្មោះ​​សង្គ្រោះ និង​ការពារ​ជួយ​កម្មករ​រងគ្រោះ ពី​ការបង្ក្រាប​កាលពី​ថ្ងៃ​ទី​២ និង​ទី​៣​។ ​លោក​ថា ​មូលនិធិ​ពេលនេះ ទ​ទួល​បាន​ថវិកា​ពី​សប្បុរសជន​​បាន​ជាង​២០​​លាន​រៀល​ហើយ ហើយ​ក្រុម​ការងារ​នឹង​​យក​ទៅ​ឧបត្ថម្ភ​ដល់​អ្នករងគ្រោះ​​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​​ នៅ​រសៀល​ថ្ងៃ​សៅ​រ៍​នេះ​។​
​លោក អាត់ ធន់ អំពាវ​នាវ​ឲ្យ​ជនរួមជាតិ ដែល​មាន​បំណង​ចង់​ចូល​រួម​រំ​លែក​ទុក្ខ​ដល់​ជនរងគ្រោះ ក្នុង​ព្រឹត្តិការណ៍​បាញ់ប្រហារ​នោះ អាច​ទាក់ទង​ទៅ​កាន់​​មូល​​និធិ​តាមរយៈ ទូរស័ព្ទ​លេខ ០១២ ៩៩ ៨៩ ០៦ និង ០៦៦ ៣៣៣ ០៨១ ឬ​តាម​រយៈ ​Email: clc.cambodia@online.com.kh ​ឬ thorn.clc@gmail.com​។​
​ក្រៅពី​ការ​អំពាវនាវ​រក​មូលនិធិ ក្រុមការងារ​របស់​ស​ហ​ជីព ក៏​បាន​​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ដោះស្រាយ​បញ្ហា​នេះ ដោយ​សង​ជំងឺ​ចិត្ត​អ្នករងគ្រោះ និង​សង​សំណង​ចំពោះ​អ្នក​ស្លាប់​៕​

No comments:

Post a Comment