Paris Peace Accords 23 Oct. 1991

Thursday, January 16, 2014

សកម្មជន​ ដីធ្លី យ៉ោម បុប្ផា គ្រោង​ប្ដឹង​ កាសែត​ ក្នុង​ស្រុក​ ពី​បទ​​បរិហារកេរ្តិ៍

យ៉ោម បុប្ផា ៦១០
សកម្មជន​ដីធ្លី អ្នកស្រី យ៉ោម បុប្ផា ផ្ដល់​បទសម្ភាសន៍ ​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ ​ទី​១៥ មករា ឆ្នាំ​២០១៤។
RFA/Uon Chhin

សកម្មជន​ ដីធ្លី យ៉ោម បុប្ផា គ្រោង​ប្ដឹង​ កាសែត​ ក្នុង​ស្រុក​ ពី​បទ​​បរិហារកេរ្តិ៍

សកម្មជន​ ដីធ្លី​ នៅ​តំបន់​ បឹងកក់ អ្នកស្រី យ៉ោម បុប្ឆា បាន​បដិសេធ​ ចំពោះ​ ការ​ចុះ​ផ្សាយ​ របស់​ កាសែត​ក្នុង​ស្រុក ​មួយ​ចំនួន ដែល​លើក​ឡើង​ ថា, អ្នកស្រី​ ត្រូវ​ បាន​ស្វាមី​ វាយ​ដំ​ ធ្វើ​បាប ដោយសារ​ ការ​ប្រច័ណ្ឌ ​ក្នុង​រឿង​ស្នេហា​ ផិត​ក្បត់។  អ្នកស្រី​ ថា, ការ​ចុះ​ផ្សាយ​នេះ ​គឺ​ ជា​រឿង​មិន​ពិត និង​ជា​ការ​បង្ខូច កេរ្តិ៍ឈ្មោះ​ របស់​ អ្នកស្រី​ និង​សហគមន៍​ បឹងកក់។

RFA | 16 Jan. 2014

សកម្មជន​ដីធ្លី ​តំបន់​បឹងកក់ អ្នកស្រី យ៉ោម បុប្ឆា កំពុង​ស្វែង​រក ​លទ្ធភាព ​ក្នុង​ការ​ប្តឹង​ កាសែត ​ក្នុង​ស្រុក ដែល​បាន​ចុះ​ផ្សាយ ​ថា, អ្នកស្រី​ និង​ស្វាមី ​មាន​វិបត្តិ​គ្រួសារ ​ដ៏​ធ្ងន់ធ្ងរ រហូត​ ដល់​លែងលះ​គ្នា,​ នោះ ​គឺ​ ដោយសារ ​ការ​ផិត​ក្បត់។


អ្នកស្រី យ៉ោម បុប្ឆា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា រឿងរ៉ាវ​ដែល​កើត​ឡើង​កាល​ពី​ថ្ងៃ​អង្គារ ទី​១៤ ខែ​មករា នោះ គឺ​អតីត​ស្វាមី​លោក លួស សាខន​ បាន​មក​ផ្ទះ​អ្នកស្រី ដោយ​បាន​ឃាត់​អ្នកស្រី​មិន​ឲ្យ​ចេញ​ពី​ផ្ទះ ដើម្បី​ទៅ​ចូលរួម​គាំទ្រ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​អនុ​ប្រធាន​លោក កឹម សុខា នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ។

អ្នកស្រី យ៉ោម បុប្ផា៖ «គាត់​បាន​ចាក់​សោ​ពី​ក្រៅ​មិន​ឲ្យ​ខ្ញុំ​ចេញ​ ពី​ផ្ទះ ដោយសារ​តែ​ខ្ញុំ​ចង់​ទៅ​តុលាការ​ដើម្បី​គាំទ្រ​លោក សម រង្ស៊ី ហើយ​គាត់​ចាក់សោ​មិន​ឲ្យ​ចេញ ហើយ​ប្រតាយប្រតប់​ជាមួយ​គាត់​មាន​របួស​ស្នាម​ខ្លះៗ តិចតួច។ គាត់​បាន​ឲ្យ​ខ្ញុំ​ឈប់​តស៊ូ​មតិ ដើម្បី​ឲ្យ​មាន​ពេល​វេលា​មើល​កូន ហើយ​យើង​បាន​ឈ្លោះ​គ្នា​មែន។ ប៉ុន្តែ​ពុំ​មែន​ដូច​ដើម​អំពិល កម្ពុជា​ថ្មី ឬ​កោះសន្តិភាព ដែល​ចោទ​ប្រកាន់​ថា ខ្ញុំ​មាន​សហាយ​បាន​ប្ដី​វាយ​ធ្វើ​បាប។ ខ្ញុំ​សូម​បដិសេធ ហើយ​ចេតនា​ចង់​ឲ្យ​សហគមន៍​បឹងកក់ ស្អុយ​ឈ្មោះ អសោច មិន​ឲ្យ​មាន​ការ​គាំទ្រ ព្រោះ​គេ​ដឹង​ថា ពលរដ្ឋ​និង​សហគមន៍​អន្តរជាតិ គេ​គាំទ្រ​សហគមន៍​បឹងកក់ ក៏​ដូចជា​នាង​ខ្ញុំ​ច្រើន...។»

​អ្នកស្រី យ៉ោម បុប្ឆា បន្ត​ថា អ្នកស្រី​និង​អតីត​ស្វាមី លោក លួស សាខន បាន​សម្រេច​លែងលះ​គ្នា​ដោយ​សន្តិវិធី ប៉ុន្តែ​ពុំ​ទាន់​ដាច់​ស្រេច​នៅ​ឡើយ​ទេ ហើយ​ស្វាមី​ក៏​បាន​ចុះចេញ​ពី​ផ្ទះ​មួយ​រយៈ។ អ្នកស្រី បុប្ឆា បញ្ជាក់​ថា ការ​លែងលះ​គ្នា​នេះ គឺ​ដោយសារ​តែ​អ្នកស្រី​ខឹងសំបារ​ជាមួយ​ស្វាមី​ដែល​បាន​ប្រព្រឹត្ត​ល្បែង​ ស៊ីសង លក់​ទ្រព្យ​សម្បត្តិ​អស់​ក្នុង​អំឡុង​ពេល​ដែល​អ្នកស្រី​ជាប់​ក្នុង​ ពន្ធនាគារ​រយៈពេល​ជាង​មួយ​ឆ្នាំ។ អ្នកស្រី​ក៏​បាន​បញ្ជាក់​ថា រឿងរ៉ាវ​ដែល​កើត​ឡើង​កាល​ពី​ថ្ងៃ​អង្គារ នោះ គឺ​ដោយសារ​ស្វាមី​ចង់​ត្រូវរ៉ូវ​គ្នា​វិញ​មិន​ចង់​លែង​លះ​នោះ​ទេ។

អ្នកស្រី យ៉ោម បុប្ឆា៖ «ខ្ញុំ​បាន​លែងលះ​គ្នា​ដោយ​សន្តិវិធី ពីព្រោះ​ពេល​ខ្ញុំ​នៅ​ក្នុង​ពន្ធនាគារ​គាត់​ពិបាក​ចិត្ត និង​ខូច​ចិត្ត​ក៏​លេង​ល្បែង​ចាញ់​អស់​លុយ។ ពេល​ចេញ​មក​វិញ ខ្ញុំ​សុំ​លែងលះ ហើយ​គាត់​ក៏​បាន​យល់​ព្រម។ គាត់​បាន​ចេញ​ពី​ផ្ទះ ឥឡូវ​ពួក​ខ្ញុំ​អត់​បាន​រស់​នៅ​ជាមួយ​គ្នា​ទេ។ ការ​ពិត​យើង​មាន​បញ្ហា​ជាមួយ​គ្នា​មែន កាល​ពី​ម្សិលមិញ (១៤ មករា) តែ​មិន​មែន​ដោយសារ​ខ្ញុំ​មាន​សហាយ​ទេ គឺ​គាត់​មក​ចង់​សុំ​ផ្សះផ្សា​ទំនាក់ទំនង​ឡើង​វិញ តែ​ខ្ញុំ​មិន​ព្រម ម្ល៉ោះ​ហើយ​ក៏​មាន​បញ្ហា​នេះ​កើត​ឡើង​ទៅ...។»

ចំណែក​លោក លួស សាខន​ ដែល​ជា​ស្វាមី​អ្នកស្រី យ៉ោម បុប្ឆា ក៏​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ផង​ដែរ​ថា បញ្ហា​ដែល​អ្នកស្រី យ៉ោម បុប្ផា លើក​ឡើង​នេះ គឺ​ជា​រឿង​ពិត ហើយ​ថា​លោក​ពុំ​ចង់​លែងលះ​គ្នា​ទេ ដោយ​មិន​ចង់​ឲ្យ​កូន​កំព្រា​គ្មាន​ឪពុក​ម្ដាយ។

លោក​បាន​បញ្ជាក់​ថា ប្រការ​ដែល​កាសែត​ក្នុង​ស្រុក​មួយ​ចំនួន​ចុះ​ផ្សាយ​អត្ថបទ​ថា ភរិយា​លោក​ផិត​ក្បត់​នោះ គឺ​ជា​ទង្វើ​មួយ​ខុស​វិជ្ជាជីវៈ ហើយ​ថា អ្នក​កាសែត​គេ​គួរ​តែ​ទូរស័ព្ទ​មក​លោក ឬ​ភរិយា សួរ​នាំ​រឿងរ៉ាវ​សិន​មុន​នឹង​ចុះ​ផ្សាយ៖ «ប្រការ​ដែល​ខ្ញុំ​និង​ប្រពន្ធ​ ខ្ញុំ​មាន​បញ្ហា​បន្តិចបន្តួច​នោះ គឺ​ពុំ​មែន​មក​ពី​ប្រពន្ធ​ខ្ញុំ​មាន​សហាយ​ស្មន់​ហើយ​ក្បត់​ខ្ញុំ​ទេ នេះ​ជា​រឿង​ពិត។ ខ្ញុំ​ខឹង​ប្រពន្ធ​ខ្ញុំ មិន​ឲ្យ​ចេញ​តវ៉ា​ទៀត ដោយសារ​កូន​គ្មាន​នរណា​មើល ដើម្បី​ឲ្យ​ប្រពន្ធ​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ក្នុង​គ្រួសារ។ ឈ្លោះ​គ្នា​បន្តិចបន្តួច​ដែរ តែ​មិន​មែន​វាយ​គ្នា​ងាប់​រស់​ដែរ។ ហើយ​ទី​២ ចំណែក​កាសែត​ក្នុង​ស្រុក​ចុះ​ផ្សាយ ពុំ​បាន​មក​សួរ​ខ្ញុំ​ទេ គឺ​គេ​ចុះ​ផ្សាយ​ដោយ​គំនិត​គេ​យល់​ឃើញ ហើយ​កាសែត​ទាំង​នោះ​ពុំ​មាន​ឯករាជ្យ និង​មាន​វិជ្ជាជីវៈ...។»

អ្នកស្រី យ៉ោម បុប្ឆា គឺ​ជា​សកម្មជន​ដីធ្លី​ម្នាក់​ក្នុង​ចំណោម​សកម្មជន​ដីធ្លី​ជា​ច្រើន​នាក់​ទៀត រួម​មាន​អ្នកស្រី ទេព វន្នី និង​លោក ស៊ូ សុផល ជាដើម។ លោក ស៊ូ សុផល នេះ​ហើយ ដែល​បាន​រង​ការ​ចោទ​ថា ក្បត់​ភរិយា​របស់​ខ្លួន ទៅ​សហាយ​ស្មន់​ជាមួយ​អ្នកស្រី យ៉ោម បុប្ឆា។

លោក លួស សាខន បន្ត​ថា លោក​នឹង​ទៅ​ឆ្លើយ​បញ្ជាក់​ការ​ពិត​ទាំង​អស់​នៅ​តុលាការ ប្រសិន​បើ​ភរិយា​លោក​ប្ដឹង​កាសែត​ក្នុង​ស្រុក​ទាំង​នោះ​ពី​បទ​បរិហារ​ កេរ្តិ៍៖ «គេ​មិន​ចង់​ឲ្យ​ប្រពន្ធ​ខ្ញុំ​មាន​កេរ្តិ៍​ឈ្មោះ គេ​បង្កើត​រឿង​នេះ​ឡើង។ ខ្ញុំ​ទៅ​ឡើង​តុលាការ ឬ​ទៅ​ណា​ក៏ដោយ ក៏​ខ្ញុំ​មិន​ដែល​និយាយ​ថា ប្រពន្ធ​ខ្ញុំ​មាន​សហាយ​ស្មន់​ដែរ។ ខ្ញុំ​មើល​កាសែត​ព្រឹកមិញ ខ្ញុំ​សើច គេ​ថា​ខ្ញុំ​បិទ​ទ្វារ​វ៉ៃ​ប្រពន្ធ​ខ្ញុំ ប្រពន្ធ​ខ្ញុំ​មាន​សហាយ​ជាមួយ​ក្មេង​ស្ទាវ​នៅ​តំបន់​បឹងកក់ ឈ្មោះ ស៊ូ សុផល។ ស៊ូ សុផល នេះ ជា​បុរស​នៅ​សហគមន៍​មែន គេ​មាន​ប្រពន្ធ​កូន​រួច​ហើយ ហើយ​ប្រពន្ធ​ខ្ញុំ​និង​ខ្ញុំ​មិន​ទាន់​លែង​ដាច់​គ្នា​ទេ ព្រោះ​ខ្ញុំ​អត់​ទាន់​ថា​លែង​ទេ ខ្លាច​កូន​កំព្រា​ម្តាយ​ឪពុក...។»

ពាក់ព័ន្ធ​នឹង​ការ​ចុះ​ផ្សាយ​របស់​កាសែត​ក្នុង​ស្រុក​អំពី​រឿងរ៉ាវ​ អ្នកស្រី យ៉ោម បុប្ឆា និង​អតីត​ស្វាមី​លោក លួស សាខន នេះ នាយក​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភិរម្យ ក៏​បាន​ឲ្យ​ដឹង​ថា លោក​បាន​ដឹង​អំពី​រឿងរ៉ាវ​ស្វាមី​អ្នកស្រី យ៉ោម បុប្ឆា តាំង​ពី​ពេល​ដែល​លោក​ទៅ​សួរ​សុខ​ទុក្ខ​នៅ​ពន្ធនាគារ ហើយ​ម្ដាយ​របស់​អ្នកស្រី​ក៏​បាន​ប្រាប់​អំពី​ហេតុការណ៍​ទាំង​នោះ​ផង​ដែរ។
លោក សៀ ភិរម្យ បដិសេធ​ថា ការ​ផ្សាយ​ព័ត៌មាន​នេះ​គឺ​ជា​រឿង​ប្រឌិត ដើម្បី​ហេតុផល​ណា​មួយ​ប៉ុណ្ណោះ៖ «បាទ! សហគមន៍​បឹងកក់ ជា​ក្រុម​គោលដៅ​របស់​ពួក​យើង យើង​ធ្វើ​ការ​អប់រំ​ពី​ច្បាប់​ពី​សិទ្ធិ​លំនៅឋាន។ យើង​បាន​ស្គាល់​គាត់​ច្បាស់​ណាស់ គាត់​មិន​បាន​ប្រព្រឹត្ត​ដូច​ជា​ការ​ចោទ​ប្រកាន់​នោះ​ទេ ពីព្រោះ​គាត់​គិត​ពី​ការពារ​ផ្ទះ​សម្បែង​របស់​គាត់ ហើយ​ការ​ផ្សាយ​នោះ​មិន​ពិត​ទេ។ ការ​ពិត​គាត់​បាន​ប្រាប់​ខ្ញុំ​តាំង​ពី​នៅ​ក្នុង​ពន្ធនាគារ ដោយសារ​ខ្ញុំ​ឧស្សាហ៍​ទៅ​សួរ​សុខ​ទុក្ខ ហើយ​គាត់​ថា មិន​អាច​លើក​លែង​គ្រួសារ​គាត់​បាន​ទេ...។»

អ្នកស្រី យ៉ោម បុប្ឆា អះអាង​ថា អ្នកស្រី​នៅ​តែ​បន្ត​ចូល​រួម​សកម្មភាព​តវ៉ា ជាមួយ​សហគមន៍​បឹកកក់ រួម​មាន​អ្នកស្រី ទេព វន្នី ជាដើម បើ​ទោះ​បី​ជា​មាន​ឧបសគ្គ​យ៉ាង​ណា​ក៏ដោយ មិន​ថា​បញ្ហា​ក្នុង​គ្រួសារ​នោះ​ទេ។ បញ្ហា​ទំនាស់​ដីធ្លី​នៅ​តំបន់​បឹងកក់​នេះ បាន​អូស​បន្លាយ​ជា​យូរ​ឆ្នាំ​មក​ហើយ ក្រោយ​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ស៊ូកាគូ អភិវឌ្ឍន៍​លើ​ផ្ទៃដី​ទំហំ ១៣៣​ហិកតារ រយៈពេល ៩៩​ឆ្នាំ។ ការ​អភិវឌ្ឍ​នៅ​តំបន់​បឹងកណ្ដាល ទីក្រុង​ភ្នំពេញ​នេះ ​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ជាង ៤​ពាន់​គ្រួសារ​រង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ និង​បាត់​បង់​ទី​ជម្រក​រស់​នៅ៕








No comments:

Post a Comment