ដោយ៖ ជន ស្រីណុច | ថ្ងៃអង្គារ ទី21 ខែមករា ឆ្នាំ2014
ស្តាប់សំឡេង៖ | ចម្លងទុក |
សមត្ថកិច្ចពាក់មួកខ្មៅ បានចាប់សកម្មជនដីធ្លី ដាក់ទៅក្នុងរថយន្តកាលពីព្រឹកមិញ (រូបភាពដោយ តាត ឧត្តម)
អង្គការសង្គមស៊ីវិល និងបក្សប្រឆាំង រិះគន់ចំពោះចំណាត់ការរបស់អាជ្ញាធរក្នុងការឃាត់ខ្លួនសកម្មជនសិទ្ធិមនុស្ស និងពលរដ្ឋជាង១០នាក់នៅព្រឹកថ្ងៃអង្គារនេះ ថាធ្វើឡើងមិនមានមានមូលដ្ឋានច្បាប់ ប្រាសចាកលទ្ធិប្រជាធិបតេយ្យ ហើយជាទង្វើមួយដែលរំលោភសិទ្ធិបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។
នៅព្រឹកថ្ងៃអង្គារនេះ សកម្មជនការពារសិទ្ធិដីធ្លី និងមន្ត្រីអង្គការសង្គមស៊ីវិលប្រមាណ៤០នាក់ យកញត្តិទៅដាក់នៅស្ថានទូតនានានៅភ្នំពេញ ដើម្បីសុំឲ្យស្ថានទូតទាំងនោះជំរុញឲ្យរដ្ឋាភិបាលដោះលែងមន្ត្រីសហជីព សកម្មជនដីធ្លី និងកម្មករ២៣នាក់ តែការដាក់ញត្តិនោះមិនទាន់ចប់ផង ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន ពួកគាត់ចំនួន១១នាក់ បន្តបន្ទាប់គ្នាបន្ថែមទៀត។
មន្ត្រីកម្មវិធីសិទ្ធិការងាររបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា ដែលបានតាមដានករណីនេះ រិះគន់ថា អាជ្ញាធរធ្វើឡើងតាមកំហឹង ហាក់ដូចជាគ្មានមូលដ្ឋានអ្វីច្បាស់លាស់ ហើយការធ្វើបែបនេះ គឺជាការររំលោភសិទ្ធិមនុស្ស ដែលនាំឲ្យរដ្ឋាភិបាលកាន់តែបាក់មុខថែមទៀត «អាជ្ញាធររដ្ឋដែលដឹងនាំដែលមានការរិះគន់ច្រើនពីសំណាក់ប្រជាពលរដ្ឋ ពីសំណាក់សហគមន៍ជាតិ អន្តរជាតិកន្លងមកហ្នឹងគឺព្យាយាមបិទសេរីភាព បិទត្រចៀកបិទមាត់គេមិនឲ្យឃើញតាមរយៈសារព័ត៌មាន ទូរទស្សន៍ -ល- ហ្នឹង គឺមានការព្រួយបារម្ភបើសិនជាបណ្ដោយតទៅទៀតហ្នឹងគឺខ្លួនឯងមិនភូតកុហកខ្លួនឯងតទៅទៀតទេ ចឹងទៅនាំធ្វើអ្វីដែលខុសៗទាំងអស់ហ្នឹង ហើយមាត់ម្ខាងយើងនិយាយថា ការពាររដ្ឋធម្មនុញ្ញ ប៉ុន្ដែអ្វីថ្មីនេះគឺជាការរំលោភរដ្ឋធម្មនុញ្ញតែម្ដង» ។
សកម្មជនដីធ្លី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយពីហែញត្តិដាក់ជូនស្ថានទូតនានា (រូបថតដោយ តាត ឧត្តម)
អ្នកវិភាគ និងស្រាវជ្រាវបញ្ហាសង្គម លោក កែម ឡី យល់ថា អាជ្ញាធរធ្វើបែបនេះ គឺផ្ទុយទៅនឹងច្បាប់ ហើយផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យទាំងស្រុង។ លោកបន្តថា បើរដ្ឋាភិបាលនៅតែបន្តទង្វើបែបនេះ គឺកាន់តែបង្ហាញឲ្យសាធារណៈជនយល់ច្បាស់ថារដ្ឋាភិបាល កំពុងតែដឹកនាំប្រទេសឲ្យទៅរបបផ្តាច់ការ។
លោក កែម ឡី ផ្តល់អនុសាសន៍ដល់រដ្ឋាភិបាល គួរតែបញ្ឈប់ទង្វើទាំងនេះ ហើយចេះដោះស្រាយបញ្ហាដោយសន្តិវិធី នោះទើបអាចស្រោចស្រង់នូវកំហុសដែលខ្លួនបានប្រព្រឹត្ត «រដ្ឋាភិបាលគួតែបង្កើតក្រុមការងារសិក្សាអំពីមូលហេតុជាក់លាក់ អំពីការធ្វើបាតុកម្ម កូដកម្មហ្នឹង ទីពីរយើងឆ្លើយតបទៅហ្នឹងបញ្ហាកូដកម្មបាតុកម្មជាជាងឆ្លើយតបទៅហ្នឹងបញ្ហាកូដកម្ម បាតុកម្ម ទីបីចាប់ពីពេលនេះទៅរដ្ឋាភិបាលត្រូវដាក់តុលាការកម្ពុជាឲ្យឋិតនៅក្នុងជំហរឯករាជ្យបំផុតបើមិនចឹងទេគឹមានការឈឺចាប់ដល់ខ្លួនឯងទៅថ្ងៃអនាគត ហើយរដ្ឋាភិបាលត្រូវដាក់កងកម្លាំងប្រដាប់អាវុធឈរនៅជំហរឯករាជ្យតាមតែច្បាប់នឹងអាចដឹកនាំប្រទេសទៅបាន» ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា ការចាប់អ្នកតវ៉ាមិនមែនជារឿងចម្លែកទេ ដែលរដ្ឋាភិបាលោក ហ៊ុន សែន តែងតែប្រព្រឹត្តិទង្វើខុសច្បាប់ ពីមួយថ្ងៃទៅមួយថ្ងៃ គឺកាន់តែខុសទៅៗ «ខ្ញុំឃើញថា មនុស្សយើងជិតដាច់ខ្យល់ ឃើញថា ច្រើនតែឆ្លាឆ្លន់ឈាមចឹង ចឹងគាត់កំពុងតែឆ្លាឆ្លន់ហើយ ព្រោះគាត់ធ្វើអីខុសច្រើនៗទៅ ហើយដោយសារអន្ដរជាតិក៏គាប់សង្កត់គាត់ខ្លាំងថា កំពុងតែមានបញ្ហាខ្លាំងក្នុងការដែលគាត់ធ្វើខុសក្នុងការបង្ក្រាបកម្មករ ធ្វើបាបកម្មករ ហើយគាត់នៅតែប្រើនយោបាយគំរាមកំហែងដដែលហ្នឹង ធ្វើឲ្យអន្ដរជាតិគេឃើញច្បាប់ថាគាត់អត់កែគំនិតមាយាទទេ»។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មិនខ្វល់នឹងការរិះគន់ទាំងអស់នោះទ ដោយលោកលើកឡើងថា អាជ្ញាធរធ្វើស្របតាមច្បាប់ ដើម្បីការពារសណ្តាប់ធ្នាប់សង្គម «មូលហេតុដែលយើងធ្វើការឃាត់ខ្លួនគាត់នេះ ដោយសារគាត់ធ្វើការជួបជុំគ្នាសម្ដែងមតិនេះ វាធ្វើឲ្យាបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ បាត់បងសណ្ដាប់ធ្នាប់សង្គម ហើយជាពិសេសសន្ដិសុខទៀតផង ព្រោះនៅតាមស្ថានទូតទាំងអស់នេះ យើងជាម្ចាស់ផ្ទះយើងមានកាតព្វកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនគាត់ យើងមិនអាចឲ្យមានអ្នកណាមកធ្វើអីចឹងទៀត ដ៏រាបណាយើងមិនអនុញ្ញាត ហើយទីពីរ យើងបារម្ភអំពីជនឆក់ឱកាសមួយចំនួនដែលអាចបង្កបញ្ហាដល់ស្ថានទូតនានា»។
សកម្មជនការពារសិទ្ធិ ដីធ្លី និងមន្ត្រីអង្គការសង្គមស៊ីវិល១១នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនកាលពីព្រឹកថ្ងៃអង្គារ ត្រូវដោះលែងឲ្យមានសេរីភាពវិញនៅរសៀលនេះ បន្ទាប់ឲ្យចុះកិច្ចសន្យាឈប់ប្រមូលផ្តុំតវ៉ា។
សមត្ថកិច្ចបានដោះលែងអ្នកទាំងនោះវិញ នៅម៉ោងជិត២រសៀលនេះ បន្ទាប់ពីនាំពួកគេ ទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានី។ អ្នកទាំង១១នាក់នោះ រួមមាន លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី ទេព វន្នី សកម្មជនដីធ្លី កញ្ញា ឡុង គឹមហៀង មន្ត្រីទំនាក់ទំនងក្រុមការងារពិសេសសិទ្ធិលំនៅឋាន និងអ្នកស្រី យ៉ោម បុប្ផា សកម្មជនដីធ្លីជាដើម៕
No comments:
Post a Comment