លោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំ គណបក្ស សង្គ្រោះជាតិ ជួបជាមួយ អ្នកគាំទ្រ ប្រមាណ ២ម៉ឺននាក់ នៅទីលាន ប្រជាធិបតេយ្យ រាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣។ |
មេបក្ស សង្គ្រោះជាតិ គ្រោងដើរប្រមូលកម្លាំង ត្រៀមធ្វើបាតុកម្ម ឡើងវិញ
RFA | 8 Jan. 2014
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍នៅថ្ងៃទី៨ មករា ថា រូបលោកនិងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នឹងរួមដំណើរជាមួយគ្នាទៅជួបជាមួយសកម្មជន និងអ្នកគាំទ្រនៅខេត្តចំនួន ៣ គឺ សៀមរាប បាត់ដំបង និងបន្ទាយមានជ័យ៖ «ជួប ជាមួយសកម្មជននិងប្រជាពលរដ្ឋ ដើម្បីបញ្ជាក់ពីជំហររបស់គណបក្សសង្គ្រោះជាតិ ពីព្រោះនៅឆ្ងាយ ជួនកាលពួកគាត់អត់ទាន់បានទទួលព័ត៌មានដូចខេត្តជិត។»
ការធ្វើដំណើររបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ ទៅខេត្ត៣ ស្ថិតនៅភាគពាយ័ព្យប្រទេសនេះ កើតឡើងក្រោយពីមានការបង្ក្រាបរបស់អាជ្ញាធររាជធានីភ្នំពេញ លើបាតុករអហិង្សារបស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី៤ មករា និងការបង្ក្រាបទៅលើការតវ៉ារបស់កម្មករកាត់ដេរ នៅតំបន់សួនឧស្សាហកម្ម តាមផ្លូវវ៉េងស្រេង កាលពីថ្ងៃ៣ មករា បណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន ៤នាក់ និងរបួសជិត ៤០នាក់ ហើយមានចាប់ខ្លួនប្រមាណ ២៣នាក់។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍បន្ថែមឲ្យដឹងថា ចំពោះការប្រមូលកម្លាំងធ្វើបាតុកម្មអហិង្សានោះ បើសិនជាគ្មានដំណោះស្រាយ ដូចការទាមទាររបស់គណបក្សសង្គ្រោះជាតិទេ គឺការធ្វើបាតុកម្មត្រូវតែបន្តធ្វើទៀត។ តែចំពោះពេលវេលាជាក់លាក់ថា ធ្វើនៅពេលណា គឺមិនទាន់កំណត់នៅឡើយ។ ប៉ុន្តែអ្នកស្រី មូរ សុខហួរ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និយាយថា ការធ្វើបាតុកម្មតវ៉ាអាចធ្វើឡើងវិញនៅចុងខែមករា នេះ នាទីលានប្រជាធិបតេយ្យ។
លោក កឹម សុខា៖ «ពីព្រោះយើងយល់ថា សភាពការណ៍នេះមិនអាចអូសបន្លាយទៅដល់ចុងខែទេ ហើយទីលានប្រជាធិបតេយ្យ គឺជាទីលានសម្រាប់យើងទាំងអស់គ្នាបញ្ចេញមតិ។ ខ្ញុំសង្ឃឹមថា ចុងខែនេះនឹងមានការប្រមូលជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ។»
ទាក់ទងជាមួយដីកាកោះហៅសាកសួររបស់តុលាការក្រុងភ្នំពេញ នៅថ្ងៃទី១៤ មករា លោក កឹម សុខា បានឲ្យដឹងថា លោកត្រៀមខ្លួនទៅឆ្លើយបំភ្លឺតាមដីកាកោះហៅនោះ។ លោកពុំមានការភ័យខ្លាចថាមានការចាប់ខ្លួនឡើយ។ កាលពីថ្ងៃទី៣ មករា ព្រះរាជអាជ្ញារងតុលាការក្រុងភ្នំពេញ លោក ហៀង សុភក្រ បានចេញដីកាកោះហៅអ្នកដឹកនាំគណបក្សសង្គ្រោះជាតិ និងប្រធានសហជីពមួយចំនួនទៅសាកសួរ ទាក់ទងបទចោទញុះញង់ឲ្យប្រព្រឹត្តនូវបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
លោក សុក សំអឿន នាយកអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា មានប្រសាសន៍ឲ្យដឹងថា តុលាការនៅប្រទេសកម្ពុជា ភាគច្រើនឲ្យតែកោះហៅសាកសួរតែងតែចាប់ខ្លួន ដូច្នេះហើយបានជាអ្នកស្រុកតែងប្រមូលផ្តុំគ្នាទៅតាមការពារមនុស្ស ដែលតុលាការកោះហៅសាកសួរ។
លោក សុក សំអឿន ពន្យល់ថា មន្ត្រីតុលាការមានទម្លាប់ធ្វើបែបនេះ ដោយសារការប្រព្រឹត្តបែបនេះ ពួកគេពុំមានទោសឡើយ បើសិនជាគេឃុំមនុស្ស ហើយក្រោយមកពុំរកឃើញថា មានភស្តុតាង និងសាក្សីដាក់បន្ទុកចោទប្រកាន់ទេនោះ។
លោក កែម ឡី អ្នកវិភាគនយោបាយនិងសង្គមកម្ពុជា មានប្រសាសន៍នៅថ្ងៃទី៨ មករា ថា វិបត្តិនយោបាយនៅកម្ពុជាបច្ចុប្បន្ន បានរីករាលដាលផុតពីរឿងមួយទៅរឿងមួយទៀតជាបន្តបន្ទាប់ ដែលទាមទារឲ្យមានការដោះស្រាយជាបន្ទាន់។ បញ្ហាដែលកើតមានទាំងនោះ ដូចជាជម្លោះគណបក្សនយោបាយក្រោយការបោះឆ្នោត បញ្ហាទាមទារឡើងប្រាក់ខែរបស់កម្មកររោងចក្រកាត់ដេរ និងការវែកមុខអ្នកទទួលខុសត្រូវក្នុងការបាញ់សម្លាប់កម្មករក្នុង ព្រឹត្តិការណ៍បង្ក្រាបកម្មករនៅផ្លូវវ៉េងស្រេងជាដើម។
លោក កែម ឡី មានជំនឿថា បើសិនជា គណបក្សនយោបាយដែលឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតទាំង ២ យល់ព្រមជួបចរចាគ្នា ហើយដោះស្រាយជាមួយគ្នា គឺបញ្ហាជាច្រើននឹងដោះស្រាយបាន៕
No comments:
Post a Comment