វិភាគ៖ តើលោក ហ៊ុន សែន ប្រើកម្លាំងបង្ក្រាប បាតុករ អាច បញ្ចប់បញ្ហា បានដែរឬទេ?
ដោយ៖ ពៅ មេត្ដា / វិទ្យុ វីអូឌី | ថ្ងៃពុធ ទី8 ខែមករា ឆ្នាំ2014
ការបង្រ្កាប់របស់សមត្ថកិច្ចលើកម្មករ នៅផ្លូវវ៉េងស្រេង និងមុខរោងចក្រយ៉ាជីង
ក្រោយមួយថ្ងៃនៃការរៀបចំពិធីអបអរសាទរឆ្នាំថ្មី ឆ្នាំ២០១៤ រដ្ឋាភិបាលបានប្រើកម្លាំងយោធាបង្ក្រាបលើក្រុមតវ៉ាផ្ទួនៗ នាំឲ្យសហគមន៍ជាតិ និងអន្តរជាតិមានការចាប់អារម្មណ៍។
នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ សមត្ថកិច្ចបានបង្ក្រាបលើកម្មករ ដែលតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល នៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេលនោះមានការវាយដំ ហើយចាប់កម្មករ និងសហជីព១០នាក់។
ការបង្ក្រាបរបស់ទាហានលើក្រុមកម្មករនៅមុខរោងចក្រយ៉ាជីង (រូបភាពដោយ ញឹម សុខន)
នៅថ្ងៃទី៣ ខែមករា ដដែលយោធាប្រើកាំភ្លើងបាញ់បង្ក្រាបលើកម្មករនៅសួនឧស្សាហកម្មកាណាឌីយ៉ា បណ្តាលឲ្យកម្មករយ៉ាងហោចណាស់៥នាក់ស្លាប់ ១៣នាក់ត្រូវចាប់ខ្លួន និង ប្រមាណ៤០នាក់រងរបួស។ ក្រោយមកមួយថ្ងៃគឺថ្ងៃទី៤យោធារាប់ពាន់នាក់ រួមទាំងកម្លាំងស៊ីវិលផង បានប្រើបំពង់ទីប និងដំបងរបស់សមត្ថកិច្ចបណ្តេញបាតុករនៅទីលានប្រជាធិបតេយ្យដែលរួមមាន ព្រះសង្ឃ ស្ត្រី កុមារ និងមនុស្សចាស់។
ការបង្ក្រាបរបស់សមត្ថកិច្ចលើក្រុមកម្មករនៅផ្លូវវ៉េងស្រេង(រូបភាពដោយ តាត ឧត្ដម)
ពេលចុះបង្ក្រាបនៅទីលានប្រជាធិបតេយ្យ សមត្ថកិច្ចមិនត្រឹមតែចាត់វិធានការក្តៅលើបាតុករទេ គឺមន្ត្រីអង្គការសង្គមស៊ីវិលដែលចុះទៅឃ្លាំមើល និងអ្នកសារព័ត៌មានដែលចុះទៅ យកព័ត៌មាននៅកន្លែងនោះក៏រងការប្រើពាក្យប្រមាថ បណ្តេញចេញ និងដេញវាយដែរ។
ក្នុងហេតុការណ៍បង្ក្រាបនេះ សារព័ត៌មានជាតិ និង អន្តរជាតិជាច្រើនបានចុះផ្សាយ។ សារព័ត៌មានអន្តរជាតិដូចជា CNN, BBC, Al Jazeera, Channel News Asia, Wall Street Journal, AP, AFP, Reuters និង Fox News ជាដើម សុទ្ធតែបានចុះផ្សាយម្តងហើយម្តងទៀតលើ ព្រឹត្តិការណ៍ការបង្ក្រាបនេះ។
ក្រោយពីការបង្ក្រាបផ្ទួនៗនេះ មន្ត្រីរដ្ឋាភិបាលនៅតាមជំនាញចេញមុខបកស្រាយជាបន្តបន្ទាប់ដែរថា សមត្ថកិច្ចមិនបានបង្ក្រាប ឬមានចេតនា បង្កឲ្យបាតុករស្លាប់ ឬរបួសទេ គឺគ្រាន់ដែលចុះទៅរៀបចំសណ្តាប់ធ្នាប់ចំពោះបាតុករបង្កហិង្សា ដើម្បីការពារផលប្រយោជន៍សាធារណៈតែប៉ុណ្ណោះ។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន លើកឡើងថា ចុះទៅអន្តរាគមន៍ បើកផ្លូវដែលកម្មករបិទឲ្យអ្នកធ្វើដំណើរអាចធ្វើចរាចរណ៍បានតែប៉ុណ្ណោះ។
ចំណែកលោក គាត ច័ន្ធថារិទ្ធិ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលើកឡើង ការបណ្តេញបាតុករនៅទីលានប្រជាធិតេយ្យ ដោយបាតុករទាំងនោះ បង្កហិង្សា មិនមានអ្នក គ្រប់គ្រងឲ្យបានត្រឹមត្រូវ និងអនុវត្តន៍ផ្ទុយច្បាប់ធ្វើបាតុកម្មដោយសន្តិវិធី។
តើការប្រើកម្លាំងយោធានេះ អាចដោះស្រាយបញ្ហាបញ្ចប់ការតវ៉ាបានដែរឬទេ?
ក្រោយការបង្ក្រាបផ្ទួនៗរបស់សមត្ថកិច្ចឃើញថា ស្ថានភាពនៅភ្នំពេញហាក់វិលមករក ស្ថានភាពធម្មតាវិញ។ គម្រោងបាតុកម្មមួយចំនួនត្រូវបានផ្អាកគឺ គម្រោងបាតុកម្មរបស់ គណបក្សសង្គ្រោះជាតិដែលរំពឹងថា អ្នកចូលរួមដល់ជាង១លាននាក់ ត្រូវផ្អាកដោយមិន កំណត់។ គម្រោងបាតុកម្មរបស់កម្មករទូទាំងប្រទេសទាមទារដំឡើងប្រាក់ឈ្នូល គម្រោងបាតុ កម្ម របស់គ្រួបង្រៀនទាមទារដំឡើងប្រាក់បៀវត្ស គម្រោងបាតុកម្មរបស់ក្រុមលោកម៉ម សូណង់ ដូ ទាមទារពង្រីកប្រព័ន្ធផ្សាយ គម្រោងបាតុកម្មរបស់ក្រុមអ្នករត់ម៉ូតូឌុបទាមទារបញ្ចុះ តម្លៃ ប្រេងសាំង និងបាតុកម្មរបស់អ្នកមានទំនាស់ដីធ្លីក៏ត្រូវបានផ្អាកដោយមិនកំណត់រយៈ ពេល ដែរ។
តើភាពស្ងប់ស្ងាត់នេះ អាចបញ្ជាក់ថា សង្គមមានស្ថិរភាពឬ?
អ្នកវិភាគបញ្ហាសង្គមមួយលោក ឡៅ ម៉ោងហៃ លើកឡើងថា រដ្ឋាភិបាលមិនបានដោះ ស្រាយដល់ឫស្សគល់នៃបញ្ហាទេ ដូច្នេះបញ្ហានៅតែអូសបន្លាយរហូតដល់ឆ្នាំក្រោយៗ ឬអាច ដល់បោះឆ្នោតឆ្នាំ២០១៧ ២០១៨ទៀត <<វិធានការតាមប្រព័ន្ធតុលាការក្ដី តាមកម្លាំងសន្ដិសុខក្ដីមិនមែនជាដំណោះស្រាយទេខ្ញុំឃើញរូបភាពសព្វថ្ងៃនេះគឺដែលថាស្ងប់ស្ងាត់នេះ គឺដូចយកសង្កត់គ្រប់ឆ្នាំង ដែលកំពុងតែពុះយើងអត់ទៅមើលភ្លើងនៅក្រោមឆ្នាំងនេះទេ ដូច្នេះយើងត្រូវដោះស្រាយភ្លើងនៅក្រោមឆ្នាំង គឺថា ចរចាគ្នាគឺជាការចាំបាច់ណាស់បាទ >> ។
ជាការពិតការផ្អាកបាតុកម្មរបស់ក្រុមខាងលើនោះ មិនមែនមានន័យថា ពួកគេសុខចិត្តទទួលការបង្ក្រាបរបស់រដ្ឋាភិបាលទេ ហើយពួកគេក៏មិនបានប្រកាសថា ឈប់ធ្វើបាតុកម្មករទាមទារ អ្វីដែលពួកគេចង់បានដែរគឺពួកគេគ្រាន់តែផ្អាក ចឹងការតវ៉ានៅតែអាចមានជាបន្តទៀតនៅពេលដែលពួកគេមានឱកាស។
សាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងនយោបាយលោក សុក ទូច យល់ឃើញ ការប្រើកម្លាំងយោធារបស់រដ្ឋាភិបាល បង្ក្រាបលើអ្នកតវ៉ាមិនចំកាលៈទេសៈ ហើយមិនអាចដោះ ស្រាយបញ្ហាបានទេ <<បទពិសោធន៍ទាំងអស់ហ្នឹងខ្ញុំឃើញតាំងពីឆ្នាំ១៩៧៩ ដល់ ១៩៩១ ជាពិសេសឆ្នាំ១៩៨៨-៨៩ គណបក្សប្រជាជនកាលណាគេចរចាត្រីភាគី គេប្រើកម្លាំងសិន គេវាយជំរុំទាំងអស់ ដែលនៅតាមបណ្ដោយកម្ពជាថៃហ្នឹង ដើម្បីបង្ហាញថាខ្លួនអាចគ្រប់គ្រងកម្លាំងហ្នឹងបានហើយបានគេចូលចរចា អាហ្នឹងដូចគ្នាចឹងប៉ុន្ដែអានេះមិនមែនចឹង អានេះគូបដិបក្ខអត់មានកាំភ្លើងអីបន្ដិចសោះ ហេតុអីយើងប្រើប្រាស់កម្លាំង ហើយការប្រើប្រាស់កម្លាំងហ្នឹងទៀតសោធ វាអត់ត្រូវទេ វាអត់ត្រូវទាល់តែសោះ ខ្ញុំជឿជាក់ថា កម្ពុជា មិនឈានទៅដល់ដំណាក់កាលហ្នឹងទេ >> ។
ក្រោយព្រឹត្តិការណ៍ហិង្សាបន្តបន្ទាប់នេះ មិនទាន់ឃើញលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបង្ហាញមុខថ្លែងសារជាសាធារណៈ បង្ហាញពីវិធីសាស្ត្រថ្មីផ្សេងក្នុងការដោះ ស្រាយបញ្ហា ដែលកំពុងកើតមាននោះទេ។ ឥរិយាបថលោក ហ៊ុន សែន ហាក់ខុសពីឥរិយាបថរបស់លោកស្រី យីងឡាក់ នាយករដ្ឋមន្ត្រីថៃ ដែលតែងចេញមុខជាបន្តបន្ទាប់ពេល ក្រុមអ្នកតវ៉ាដាក់សម្ពាធឲ្យលោកស្រីចុះចេញពីតំណែង គឺលោកស្រីអំពាវនាវសុំជួបជាមួយក្រុមប្រឆាំង និងបញ្ជាម្តង ហើយម្តងទៀត កុំឲ្យមន្ត្រីរបស់ខ្លួនប្រើហិង្សាលើបាតុករ៕
No comments:
Post a Comment