ដោយ៖ តាំង វីដា / វិទ្យុ វីអូឌី | ថ្ងៃច័ន្ទ ទី20 ខែមករា ឆ្នាំ2014
ស្តាប់សំឡេង៖ | ចម្លងទុក |
លោក ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា (រូបភាព ណាត សុភាព)
អ្នកវិភាគ ចាត់ទុកការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធបទចោទប្រកាន់ និងយន្តការរបស់តុលាការ ទៅលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនោះ ថាឆ្លុះបញ្ចាំងពីភាពមិនឯករាជ្យនៃប្រព័ន្ធតុលាការ និងមានសម្ពាធនយោបាយចំពោះកិច្ចចរចា។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ភូមិកុមារ អេស អូ អេស ខេត្តក្រចេះ កាលពីថ្ងៃទី១៨ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា «មេដឹកនាំ នាំគ្នាទៅបំផុសតាមរោងចក្រ ចូលក្នុងរោងចក្រគេ គេមិនចេញមក គំរាមគេ វាយទ្វារវាយអីគេ អញ្ចឹងត្រូវហៅចូលតុលាការ បន្ធូរដៃហើយប៉ុណ្ណឹងនោះ ខ្ញុំបានប្រាប់ស៊ូប៊ែឌី បើនិយាយឲ្យត្រឹមត្រូវតាមច្បាប់ បើកុំទុកទ្វារ ដើម្បីសម្របសម្រួលខាងនយោបាយ ត្រូវចាប់ខ្លួនភ្លាម ព្រោះនេះជាបទល្មើសជាក់ស្តែង ប៉ុន្មាននាក់នោះ ប៉ុន្តែទុកផ្លូវសម្រាប់ការសន្ទនាខាងនយោបាយ យើងមិនចាប់ខ្លួនទេ ហើយពេលចូលតុលាការហើយ តុលាការក៏មិនបានចេញដីកាឃុំខ្លួនដែរ សូមឲ្យយល់ផង កុំទទឹងទិស»។
អ្នកវិភាគនយោបាយ លោក បណ្ឌិត សុខ ទូច យល់ថា ការលើកឡើងរបស់លោក នាយករដ្ឋមន្ត្រី គឺបង្ហាញពីភាពមិនឯករាជ្យនៃប្រព័ន្ធគ្រប់គ្រងរដ្ឋ ហើយនេះជាឥរិយាបថរបស់អ្នកនយោបាយនៅកម្ពុជា ដែលប្រើសម្ពាធផ្លូវតុលាការ ដើម្បីឈានដល់ការដោះស្រាយផ្នែកនយោបាយ។ លោកថា ការធ្វើបែបនេះ គឺមិនមានផលវិជ្ជមានឡើយ ផ្ទុយទៅវិញ គឺនាំឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរទៅ «អ្នកនយោបាយគេរកគ្រប់រូបភាព ដើម្បីឲ្យមានជម្រើសក្នុងការដោះស្រាយ។ គេដាក់នេះមិនបានគេដាក់នោះ គេដាក់នោះមិនបានគេដាក់នេះ។ ជាការពិត ការប្រើប្រាស់ប្រព័ន្ធតុលាការ វាមិនអាចទទួលជោគជ័យទេ នៅពេលចងបញ្ហាមួយដែលជាឆន្ទៈនយោបាយ។ ពេលនេះជាកម្រិតជាតិមួយ ហើយទទួលស្គាល់ដោយអន្តរជាតិ នេះវាលំបាកក្នុងការប្រើប្រាស់ប្រព័ន្ធតុលាការ»។
សម្រាប់អ្នកវិភាគបញ្ហាសង្គម លោក អ៊ូ វីរៈ ចាត់ទុកភាពមិនឯករាជ្យនៃប្រព័ន្ធតុលាការកម្ពុជា គឺត្រូវបានទទួលស្គាល់ទាំងក្នុងនិងក្រៅប្រទេស។ លោកយល់ថា ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មានភាពរញ៉េរញ៉ៃ ដោយសារតែអ្នកនយោបាយ ប្រែប្រួលលឿន ចង់ឈ្នះរៀងៗខ្លួន ពិបាករកចំណុចរួម «គាត់[នាយករដ្ឋមន្ត្រី ហ៊ុន សែន]អាង គាត់មានអំណាចគ្រប់ទាំងអស់ អំណាចទាហាន អំណាចតុលាការគ្រប់ទាំងអស់ អញ្ចឹងគាត់ដាក់សំពាធទៅគណបក្សសង្គ្រោះជាតិដែរ។ នោះយើងឃើញថាវាអញ្ចឹង។ គេឡូយរៀងៗខ្លួននេះហើយ វាធ្វើឲ្យពួកគាត់មិនអាចឈានដល់ការជួបគ្នាបាន ហើយពិបាកក្នុងការឈានទៅដល់ការយល់ព្រមគ្នា ខ្លាចអន់រៀងៗខ្លួន»។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា យល់ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីនៅពេលនេះ គឺជាការឆ្លើយបញ្ជាក់ដោយខ្លួនឯង ឆ្លើយតបទៅនឹងការចោទប្រកាន់ពីមតិមហាជនកន្លងមក។ លោកបន្តថា លោកមិនខ្លាចការគំរាមនេះឡើយ ហើយលោកនៅតែបន្តការទាមទាររបស់ខ្លួន ដើម្បីកំណែទម្រង់ស្ថាប័នតុលាការនេះ «គាត់[នាយករដ្ឋមន្ត្រី ហ៊ុន សែន]ឲ្យតុលាការធ្វើអីក៏បានដែរ ដូច្នេះហើយត្រង់ហ្នឹងហើយ បានយើងខំនាំគ្នាតស៊ូ ដើម្បីធ្វើការកែទម្រង់ប្រព័ន្ធតុលាការមួយឲ្យមានភាពឯករាជ្យ មិននៅក្នុងរណបមេដឹងនាំប្រទេសផ្ដាច់ការណាមួយ គឺពីការតស៊ូហ្នឹងហើយ ដែលឥឡូវនេះគាត់បញ្ជាក់ខ្លួនគាត់ ពីដើមយើងគ្រប់គ្នាគ្រាន់តែថាទេ ថាតុលាការហ្នឹងអត់ឯករាជ្យឥឡូវគាត់បញ្ជាក់ខ្លួនគាត់ថាតុលាការនៅលើដៃគាត់»។
រាជរដ្ឋាភិបាលអាណត្តិទី៥នេះ ដែលមានលោក ហ៊ុន សែន ជាប្រមុខ បានដាក់ចេញកម្មវិធីនយោបាយអភិវឌ្ឍន៍ប្រទេសជាច្រើន ដែលក្នុងនោះមាន កំណែទម្រង់ស៊ីជម្រៅប្រព័ន្ធយុត្តិធម៌ និងតុលាការជាដើម។ ប៉ុន្តែ ឧបសគ្គមួយចំនួនក្នុងកំណែទម្រង់នេះ ត្រូវបានមន្ត្រីអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សលើកទ្បើងថា ការយឺតយ៉ាវក្នុងការអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីលក្ខខ្តិកៈចៅក្រម និងព្រះរាជអាជ្ញា ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់តុលាការជាដើមនោះ នាំឲ្យស្ថាប័នមួយនេះមិនឯករាជ្យ៕
The more I look closer to Hun Sen the more Hun Sen's face look like yuon Hanoi dog.
ReplyDelete