Paris Peace Accords 23 Oct. 1991

Saturday, January 25, 2014

សហព័ន្ធ​ សហជីព​កម្មករ​ និយោជិត​ ចំនួន៩​ បញ្ជាក់​ អំពី​ ការធ្វើ​បាតុកម្ម​ នៅ​ថ្ងៃ​អាទិត្យ ថ្វី​បើ​មាន​ បម្រាម

កម្មករ​កាត់ដេរ​បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​នៅមុខ​ក្រសួង​ការងារ​​ ដោយ​បាន​បិទ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​នៅថ្ងៃ​សុក្រ​ទី ​២៧ ​ធ្នូ​។​
កម្មករ​កាត់ដេរ​បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​នៅមុខ​ក្រសួង​ការងារ​​ ដោយ​បាន​បិទ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​នៅថ្ងៃ​សុក្រ​ទី ​២៧ ​ធ្នូ​។​

សហព័ន្ធ​ សហជីព​កម្មករ​ និយោជិត​ ចំនួន៩​ បញ្ជាក់​ អំពី​ ការធ្វើ​បាតុកម្ម​ នៅ​ថ្ងៃ​អាទិត្យ ថ្វី​បើ​មាន​ បម្រាម

ដោយ ឯម មាឃ / RFI | ២៥ មករា​ ២០១៤
សហជីព និង​សមាគម​កម្មករ​និយោជិត​ចំនួន៩ ដែល​សាលា​រាជធានី​ភ្នំពេញ​បាន​ហាម កាលពី​ថ្ងៃ​ព្រហស្បតិ៍ មិន​ឱ្យ​ធ្វើ​បាតុកម្ម នា​ថ្ងៃ​អាទិត្យ​ស្អែក បាន​បញ្ជាក់​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ខ្លួន​នឹង​នៅ​តែ​មក​ជួបជុំ​គា្ន​ លើ​ទីលាន​ប្រជាធិបតេយ្យ។ នោះ​ជា​ការប្រមូល​ផ្តុំគ្នា ដើម្បី​ទាមទារ​ឱ្យ​មាន​ការដំឡើង​ប្រាក់ខែ​អប្បបរមា សម្រាប់​កម្មករ​និយោជិត ឱ្យ​បាន១៦០ដុល្លារ និង​ឱ្យ​អាជ្ញាធរ​ដោះលែង​បាតុករ​ចំនួន២៣នាក់ ដែល​សមត្ថកិច្ច​បាន​ចាប់​ដាក់​ពន្ធនាគារ​ត្រពាំង​ផ្លុង កាល​ពី​ដើមខែ។ ក្រៅពីនេះ សម្ព័ន្ធ​សហជីព​និង​សមាគម​ទាំងនេះ​ក៏​ទាមទារ​ឱ្យ​អាជ្ញាធរ​ស៊ើបអង្កេត​វែកមុខ​ជន​ ដែល​បាន​បាញ់​បាតុករ ​និង​អ្នកបញ្ជា​ដែរ។ ប៉ុន្តែ ​បាតុកម្ម​នោះ​នឹង​ស្ថិត​ក្រោម​ការគ្រប់គ្រង​យ៉ាង​ម៉ឺងម៉ាត់​​របស់​អាជ្ញាធរ។
តំណាង​សហព័ន្ធ​សហជីព​កម្មករនិយោជិត​ចំនួន៩ ដែល​បានគ្រោង​ធ្វើបាតុកម្ម លើ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​ថ្ងៃអាទិត្យ​ស្អែក បានបញ្ជាក់ នៅ​ថ្ងៃ​សៅរ៍​នេះ ថា​នឹងធ្វើ​សកម្មភាព​ដូច​ការគ្រោងទុក ទោះបី​ជាមាន​បម្រាម​រប​ស់​អាជ្ញាធរ​ក្តី។

លោក ស ម៉ូ​រ៉ា ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា និង​ជា​តំណាង​សម្ព័ន្ធ​សហជីព និង​សមាគម​ទាំង៩ បាន​ប្រាប់ឱ្យដឹង នារ​រសៀល​ថ្ងៃនេះ​ថា នៅ​តាម​​មហាវិថីវេងស្រេង ភ្នាក់ងារនគរបាល​បានប្រកាស ដោយ​ប្រើ​ឧគ្ឃោសនាសព្ទ ហាម​មិនឱ្យ​កម្មករ​រោងចក្រ​ចេញ​ធ្វើបាតុកម្ម​នៅ​ថ្ងៃស្អែក​ទេ ហើយ​បាន​ស្នើឱ្យ​កម្មករ​រក្សា​ភាព​ស្ងៀមស្ងាត់។ លោក ស ម៉ូ​រ៉ា បានបញ្ជាក់​ទៀតថា អាជ្ញាធរ​បាន​បំភ័យ​កម្មករ​អំពើ​អំពើ​ហិង្សា​ដែល​អាច​កើតឡើង ក្នុងពេល​ធ្វើបាតុកម្ម ហើយ​ដែល​អាជ្ញាធរ​នឹងមិន​ទទួលខុសត្រូវ​ឡើយ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃ​សៅរ៍​នេះ បាន​អះអាងថា មិនបាន​ដឹង​អំពី​សកម្មភាព​​របស់​ភ្នាក់ងារនគរបាល នៅតាម​មហាវិថី​វេ​ង​ស្រេង ដែល​សំបូរ​ទៅដោយ​រោងចក្រ​នោះទេ។ ឧ​ត្ត​ម​សេនីយ៍​ឯក ខៀវ សុភ័គ គ្រាន់តែ​បានបញ្ជាក់​ថា ស្ថាប័ន​របស់លោក​បាន​រក្សា​សេចក្តីសម្រេច​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​ហាម​សម្ព័ន្ធ​សហជីព និង​សមាគម​ទាំង៩ មិនឱ្យ​ធ្វើបាតុកម្ម​នៅ​ថ្ងៃស្អែក។ ប៉ុន្តែ អ្នកនាំពាក្យ​រូបនេះ​បានឱ្យដឹងថា សង្គម​ស៊ីវិល​អាច​ចាត់​តំណាង​របស់ខ្លួន​ប្រហែល១០នាក់ ឱ្យ​ដាក់​ញ​តិ្ត​នៅតាម​ស្ថាប័ន​ណា ដែល​ខ្លួន​ចង់។

លោក ស ម៉ូ​រ៉ា បាន​អះអាងថា បើទោះបីជា​ក្រសួងមហាផ្ទៃ​បានសម្រេច​ចិត្ត​ដូចនេះ​ក៏ដោយ ក៏​ក្រុម​របស់លោក​នៅតែ​ធ្វើបាតុកម្ម​នៅ​ថ្ងៃស្អែក ដូច​ការគ្រោងទុក ពីព្រោះ​លោក​យល់ថា បម្រាម​របស់​ក្រសួង​មិន​សម​ហេតុផល​ទេ សម្រាប់​ស្ថានភាព​ប្រទេស​កម្ពុជា នៅក្នុង​ដំណាក់កាល​នេះ។ តាម​គម្រោង បាតុករ​អាចមាន​គ្នា​ប្រហែល១ម៉ឺន​នាក់ ប៉ុន្តែ​លោក ស ម៉ូ​រ៉ា ដែល​បាន​ប្រជុំ​ជាមួយ​តំណាងសម្ព័ន្ធ​សហជីព និង​សមាគម​ទាំង៩នៅ​ព្រឹក​មិញ​នេះ បាន​ឱ្យ​ដឹង​ថា ចំនួន​អ្នកចូលរួម​អាច​ចុះថយ ដោយសារ​បម្រាម​របស់​អាជ្ញាធរ។ មេដឹកនាំ​សហជីព​រូបនេះ​រំពឹងថា យ៉ាងតិច​ក៏មាន​អ្នកចូលរួម​ធ្វើបាតុកម្ម​ពី៥ពាន់​នាក់​ទៅ៦ពាន់​នាក់​ដែរ នៅ​ថ្ងៃស្អែក។ លោក ស ម៉ូ​រ៉ា បាន​បន្ថែមថា បាតុករ​ជា​កម្មករ​កាត់ដេរ បុគ្គលិក​ផ្នែក​សេវាកម្ម​ស្បៀងអាហារ គ្រូបង្រៀន មន្ត្រីរាជការ និង​កសិករ។

អ្នកនាំពាក្យ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង ទី​តូ បានឱ្យដឹងថា ស្ថាប័ន​របស់លោក​នឹង​ពង្រាយ​កម្លាំង៣០០នាក់ ប្រដាប់​ដោយ​ខែល ដំបង ឧ​គ្ឃោ​សន​សព្ទ និង​សម្ភារៈ​សម្រាប់​ទប់ស្កាត់​មួយចំនួនទៀត ដែល​អាចជួយ​សម្រួល រក្សា​សណ្តាប់ធ្នាប់ និង​ចាប់ខ្លួន​បាតុករ ប្រសិនបើ​មាន​បទបញ្ជា​ពី​ថ្នាក់លើ៕




No comments:

Post a Comment