សកម្មជន សិទ្ធិមនុស្ស និងពលរដ្ឋ សហគមន៍ នៅមណ្ឌលគិរី រងការ គំរាម សម្លាប់
សកម្មជនសិទ្ធិមនុស្ស និងប្រជាពលរដ្ឋសហគមន៍ភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ចោទប្រកាន់បុគ្គលិកក្រុមហ៊ុនចម្ការកៅស៊ូឯកជនមួយរបស់អភិបាលរងខេត្ត លោក យឹម លុច ថាមានចេតនាបើករថយន្តដេញបំបុកគំរាមសម្លាប់ និងជេរប្រមាថពួកគេ។
ការចោទប្រកាន់នេះ ធ្វើឡើងនៅថ្ងៃពុធ ទី៨ ខែមករា បន្ទាប់ពីរថយន្តពីរគ្រឿងរបស់បុគ្គលិកក្រុមហ៊ុនមានគ្នាសរុប ៥នាក់ បានបើករថយន្តដេញបំបុកសហគមន៍ និងមន្ត្រីសិទ្ធិមនុស្សសមាគមអាដហុក មានគ្នាសរុប ១១នាក់ កំពុងធ្វើដំណើរដោយម៉ូតូនៅចម្ងាយប្រមាណ ២០០ម៉ែត្រពីរបាំងផ្លូវធ្វើដំណើររបស់ក្រុមហ៊ុនឈ្មោះ វីឡិច ស៊ុបភឺមែន (Village Supper Men) ឋិតនៅសង្កាត់សុខដុម។
សេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋសហគមន៍ភូមិឡៅកា ឲ្យដឹងថា កាលពីចុងខែធ្នូ មុននេះ អ្នកភូមិបានដាក់ពាក្យប្ដឹង និងអញ្ជើញមន្ត្រីសិទ្ធិមនុស្សចុះស៊ើបអង្កេតករណីក្រុមហ៊ុនកាប់យកឈើផលិតជ័រទឹកអ្នកភូមិអស់រាប់រយដើម។ ការកាប់បំផ្លាញដើមឈើផលិតជ័រទឹកនេះ អ្នកភូមិចោទប្រកាន់ទៅលើអភិបាលរងខេត្តមណ្ឌលគិរី លោក យឹម លុច ជាម្ចាស់ចម្ការកៅស៊ូនៅក្បែរព្រៃសហគមន៍ ក្នុងនោះឈើត្រូវបានគេឃុបឃិតគ្នាលក់ទៅឲ្យឧកញ៉ា លឹម ប៊ុណ្ណា ជាអ្នកប្រមូលទិញនាំចេញទៅទីផ្សារ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលរងខេត្តមណ្ឌលគិរី លោក យឹម លុច បានទេ ពីព្រោះអ្នកទទួលទូរស័ព្ទលោកបញ្ជាក់ថា លោកទៅក្រៅប្រទេស។ ចំណែក ឧកញ៉ា លឹម ប៊ុណ្ណា ក៏មិនអាចទាក់ទងបានដូចគ្នានៅថ្ងៃទី៨ ខែមករា។
ទោះជាយ៉ាងនេះក៏ដោយ ប្រជាពលរដ្ឋសហគមន៍ លោក ផ្លឹក ម៉ាល់ ដែលឋិតក្នុងហេតុការណ៍នេះរៀបរាប់ថា បុរសអ្នកបើករថយន្តម៉ាក តាកូម៉ា ពាក់ស្លាកលេខកំពង់ចាម ២អា ៥៨៧៣ (២A-៥៨៧៣) មានឈ្មោះ ខុម ជាមេការទទួលខុសត្រូវរបស់ក្រុមហ៊ុន ពិតជាបានធ្វើសកម្មភាពគំរាមសម្លាប់ប្រជាពលរដ្ឋ និងសកម្មជនសិទ្ធិមនុស្សមែន៖ «ចង់ដឹងដើមជ័ររបស់ពួកខ្ញុំដែលគេកាប់បំផ្លាញអស់ហ្នឹងប៉ុន្មានដើមៗ ចង់រាប់អ៊ីចឹង ប៉ុន្តែពួកក្រុមហ៊ុនហ្នឹងស្ទាក់ដេញបុកពួកខ្ញុំហ្នឹង ហើយសម្លុតគំរាមពួកខ្ញុំទៀតហ្នឹង។ ពួកខ្ញុំជិះចូលតាមខ្លោងទ្វារគេហ្នឹង ស្រាប់តែគេជិះចេញពីក្រោយតែម្តង»។
នៅរសៀលថ្ងៃដដែលនេះ មន្ត្រីសិទ្ធិមនុស្ស លោក សុក រដ្ឋា មានប្រសាសន៍បញ្ជាក់ថា លោក និងសហគមន៍បានដាក់ពាក្យប្ដឹងទៅស្នងការដ្ឋានប៉ូលិស និងស្ថាប័នអយ្យការពីករណីនេះហើយ។ ចំណែកមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ អះអាងថា សមាគមនឹងចេញសេចក្តីថ្លែងការណ៍ថ្កោលទោសជនពាក់ព័ន្ធគំរាមកំហែងសកម្មជន និងទាមទារឲ្យក្រុមសមត្ថកិច្ចស៊ើបអង្កេតករណីនេះ និងបទល្មើសព្រៃឈើនៅតំបន់នោះ៕
No comments:
Post a Comment