ក្រុមប្រឹក្សា សហជីព ជាតិកម្ពុជា អំពាវនាវ ឲ្យកម្មករ រក្សាភាពស្ងៀមស្ងាត់ បន្ទាប់ ពីមានការប៉ះទង្គិច ដោយហិង្សា កើតឡើង
ដោយ៖ ពេជ្រ សុធារី / វិទ្យុ វីអូឌី | ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014
ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា អំពាវនាវឲ្យកម្មកររក្សាភាពស្ងៀមស្ងាត់ និងធ្វើការជាធម្មតា ដើម្បីការពារស្ថិរភាពសេដ្ឋកិច្ចជាតិ និងឱកាសការងាររបស់ខ្លួន ខណៈកម្មករធ្វើការនៅរោងចក្រជាច្រើន ផ្ទុះបាតុកម្មមិនចូលធ្វើការ រយៈពេលពីរថ្ងៃមកហើយ ដោយតវ៉ាបិទផ្លូវមួយចំនួន និងឈានដល់ការប៉ះទង្គិចដោយហិង្សាជាមួយសមត្ថកិច្ច។
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា នៅថ្ងៃទី០៣ខែមករា ចុះហត្ថលេខាដោយលោកសោម អូន ជាប្រធានក្រុមប្រឹក្សានេះ បានសរសេរថា ស្ថានការណ៍វិស័យឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ និងស្បែកជើងនៅកម្ពុជា នាពេលបច្ចុប្បន្ន បាននឹងកំពុងធ្លាក់ក្នុងស្ថានភាពអាក្រក់គួរឲ្យព្រួយបារម្ភ ដោយសារតែការដំឡើងប្រាក់ឈ្នួលកម្មករនិយោជិតនៅពេលនេះ វាស្របនឹងកម្តៅនយោបាយ ដែលករណីនេះជាឱកាសមួយធ្វើឲ្យអ្នកនយោបាយឆក់យកបញ្ហាប្រាក់ឈ្នួលនេះ ដាក់ជារបៀបវារៈនយោបាយ ហើយបំផុតសឲ្យមានចលនាតវ៉ាប្រឆាំងទៅនឹងការដំឡើងប្រាក់ឈ្នួលថ្មីរបស់កម្មករ។
សេចក្តីថ្លែងការណ៍បន្តថា ការតវ៉ានេះ បានធ្វើឲ្យរំខានដល់ការបំពេញការងាររបស់កម្មករមួយចំនួន ដែលពួកគេកំពុងបម្រើការងារដើម្បីទទួលបានប្រាក់កម្រៃសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ហើយការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងររវាងសមត្ថកិច្ច និងក្រុមបាតុករនៅតំបន់មួយចំនួន បានបង្កឲ្យមានការភ័យខ្លាចដល់កម្មករ និងប្រជាពលរដ្ឋទូទៅ។
ក្នុងន័យនេះ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បានអំពាវនាវដល់កម្មករនិយោជិតទាំងអស់ រក្សាភាពស្ងៀមស្ងាត់ និងធ្វើការជាធម្មតា ដើម្បីការពារឱកាសការងាររបស់ខ្លួន ខណៈដែលបញ្ហាប្រាក់ខែនេះ ភាគីពាក់ព័ន្ធនឹងយកទៅពិនិត្យពិភាក្សាជាបន្តបន្ទាប់ទៀត។ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំសហជីព និងអ្នកនយោបាយ បញ្ឈប់នូវសកម្មភាពនានា ដែលជាហេតុបង្កឲ្យមានហិង្សា ដែលគំរាមកំហែងដល់សន្តិសុខជាតិ និងស្ថិរភាពសេដ្ឋកិច្ច ដោយងាកមកគិតគូរពីផលប្រយោជន៍កម្មករ និងផលប្រយោជន៍ជាតិ។ ជាមួយគ្នានោះ ក៏បានអំពាវនាវដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជួយការពារសិទ្ធិស្របច្បាប់របស់កម្មករដែលចង់ចូលធ្វើការវិញ ប៉ុន្តែត្រូវបានទទួលរងការគំរាមកំហែង ពីសំណាក់មនុស្សមួយចំនួន៕
MR Som oun his not helping wokers ,don't listen to this man his Hun Sen helpers his pupet of the thieves gorvernment stand up to Government the raise can be change after we vote a new team to lead Cambodia don't wait to long now.KRANHUN EASAN
ReplyDelete