សភាអឺរ៉ុប អំពាវនាវឲ្យកម្ពុជា ដោះលែងមនុស្ស២៣នាក់ និងបញ្ឈប់ការកោះហៅមេដឹកនាំគណបក្សប្រឆាំង
ដោយ៖ ស៊ុន ណារិន | VOD| ថ្ងៃសុក្រ ទី17 ខែមករា ឆ្នាំ2014 |
សភាអឺរ៉ុប អំពាវនាវឲ្យកម្ពុជា ដោះលែងមនុស្ស២៣នាក់ ដែលត្រូវបានចាប់ខ្លួនក្នុងហេតុការណ៍ផ្ទុះហិង្សាកាលពីថ្ងៃទី០២និងទី០៣ខែមករា និងបញ្ឈប់ការកោះហៅមេដឹកនាំគណបក្សប្រឆាំងទៅតុលាការ។
សភាអឺរ៉ុប បានអនុម័តនូវការសម្រេចមួយទៅលើបញ្ហានៅកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ដោយបង្ហាញពីការបារម្ភស្ថានភាពសកម្មជនសិទ្ធិមនុស្ស និងមេដឹកនាំគណបក្សប្រឆាំង។
សេចក្តីប្រកាសព័ត៌មានរបស់សភាអឺរ៉ុប ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ឲ្យដឹងថា សភាអឺរ៉ុប អំពាវនាវឲ្យប្រទេសកម្ពុជា គួរតែដោះលែងជាបន្ទាន់មនុស្សទាំង២៣នាក់ ដែលកំពុងត្រូវបានឃុំខ្លួននៅខេត្តកំពង់ចាម។ សភាអឺរ៉ុប ចាត់ទុកការចាប់ខ្លួននេះគឺ «អយុត្តិធម៌» ។ សភាអឺរ៉ុប ក៏បានអំពាវនាវឲ្យបញ្ឈប់ការកោះហៅលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងអនុប្រធាន លោក កឹម សុខា និងលោក រ៉ុង ឈុន មេដឹកនាំសហជីព។
សេចក្តីប្រកាសព័ត៌មានបន្តថា រដ្ឋាភិបាលកម្ពុជា ត្រូវបានអំពាវនាវ ឲ្យទទួលនូវការស៊ើបអង្កេតដោយឯករាជ្យ និងមានជំនួយពីភាគីអន្តរជាតិ ទៅលើការបន្លំសន្លឹកឆ្នោត និងភាពមិនប្រក្រតីផ្សេងៗ លើបញ្ហាការបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០១៣។
អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំ កម្ពុជា លោក សុរិយា ស៊ូប៊ែឌី កាលពីថ្ងៃព្រហស្បតិ៍ បានស្នើឲ្យតុលាការកម្ពុជា ប្តូរកន្លែងឃុំខ្លួនជនជាប់ចោទ ទាំង២៣នាក់នោះ មកកាន់រាជធានីភ្នំពេញវិញ ដើម្បីឲ្យមេធាវី សាច់ញាតិ និងក្រុមគ្រួសារ ងាយស្រួលចូលជួបសួរសុខទុក្ខ។
អ្នកទាំង២៣នាក់នោះ មានប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ សកម្មជនដីធ្លីតំបន់បឹងកក់ លោក ពុទ្ធិស័ក្ត សកម្មជនសិទ្ធិមនុស្ស លោក ថែង សាវឿន និងកម្មករ២០នាក់ ដែលពួកគេត្រូវបានកងទ័ពឆត្រយោងលេខ៩១១បង្ក្រាប និងចាប់ខ្លួននៅពេលតវ៉ាទាមទារប្រាក់ឈ្នួល១៦០ដុល្លារនៅតំបន់សេដ្ឋកិច្ចពិសេស។
ចំណែក លោក សុរិយា ស៊ូប៊ែឌី បានចាត់ទុកករណីការកោះហៅ លោក សម រង្ស៊ី លោក កឹម សុខា កាលពីថ្ងៃទី១៤ខែមករា គឺជារឿងនយោបាយ ពេលកម្ពុជាជាប់គាំងនយោបាយ៕
No comments:
Post a Comment