សង្គមស៊ីវិល លើកបដា សិទ្ធិមនុស្ស នៅមុខសភា ក្នុងថ្ងៃប្រារព្វ ទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបទី៦៥
ថ្ងៃទី១០ ខែធ្នូ ២០១៣ (រូបថត អាស៊ីសេរី)
គោលការណ៍ ណែនាំ ស្ដីពី ធុរកិច្ច និងសិទ្ធិមនុស្ស
ធុរកិច្ច ឬពាណិជ្ជកម្ម គឺជាមធ្យោបាយមួយដ៏ប្រសើរសម្រាប់ជួយជំរុញអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ តាមរយៈការបង្កើតមុខរបរ និងការបង្កើនប្រាក់ចំណូលជាដើម។
ដោយ ទីន ហ្សាការីយ៉ា / អាស៊ីសេរី | ២៣ មករា ២០១៤
ថ្វីត្បិតតែធុរកិច្ចជាវិស័យមួយដ៏សំខាន់ក្ដី ក៏ប៉ុន្តែសកម្មភាពធ្វើធុរកិច្ចនៅកម្ពុជា នៅតែមានផលប៉ះពាល់ជាអវិជ្ជមាន ដូចជា វិស័យវាយនភ័ណ្ឌកាត់ដេរជាដើម ទោះបីជាកម្ពុជា បានចុះសច្ចាប័នលើគោលការណ៍ណែនាំស្ដីពីធុរកិច្ច និងសិទ្ធិមនុស្សក៏ដោយ។
គោលការណ៍ណែនាំស្ដីពីធុរកិច្ច និងសិទ្ធិមនុស្ស គឺជាប្រធានបទដ៏សំខាន់មួយដែលត្រូវបានគេលើកមកជជែកនៅក្នុងវគ្គបណ្ដុះបណ្ដាលមួយ ដែលរៀបចំដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២៣ មករា នេះ។
មន្ត្រីសិទ្ធិមនុស្សនៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស អ្នកស្រី គាត បូផល ដែលជាអ្នកបណ្ដុះបណ្ដាល មានប្រសាសន៍ថា ទោះបីជាធុរកិច្ចជាវិស័យមួយជួយជំរុញអភិវឌ្ឍសេដ្ឋកិច្ចជាតិក្ដី ក៏ប៉ុន្តែការធ្វើធុរកិច្ចនេះ ត្រូវគិតពីគោលការណ៍ធុរកិច្ច និងសិទ្ធិមនុស្ស។ ទន្ទឹមនឹងនេះដែរ អ្នកស្រីបញ្ជាក់ថា រដ្ឋមានភារកិច្ច និងការទទួលខុសត្រូវទៅលើការគោរពសិទ្ធិមនុស្ស ការការពារសិទ្ធិមនុស្ស និងធ្វើឲ្យទទួលបានសិទ្ធិមនុស្សពេញលេញ។
សិក្ខាកាមដែលចូលរួមនេះ ភាគច្រើនជាតំណាងសហជីពមកពីតាមបណ្ដាខេត្តមួយចំនួន និងរាជធានីភ្នំពេញ។ ក្រៅពីនេះ មានអ្នកសារព័ត៌មាន និងតំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
អ្នកសម្របសម្រួលគម្រោងសង្កេតការណ៍សវនាការ ធុរកិច្ច និងសិទ្ធិមនុស្ស លោក ឌុច ពិសិដ្ឋ មានប្រសាសន៍ថា ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង ដើម្បីបង្កើនចំណេះដឹងដល់តំណាងសហជីពនានា អំពីគោលការណ៍ណែនាំធុរកិច្ច និងសិទ្ធិមនុស្ស ពីព្រោះថា វិស័យកាត់ដេរនៅកម្ពុជា បច្ចុប្បន្ន កំពុងមានបញ្ហាជាច្រើនកើតឡើង។ លោកអះអាងថា ការរៀបចំវគ្គបណ្ដុះបណ្ដាល ខាងលោកក៏បានអញ្ជើញតំណាងនិយោជកចូលរួមដែរ ប៉ុន្តែគ្មានអ្នកចូលរួមទៅវិញ។
«សំឡេង»
នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ គេបានចែកប្រធានបទបី ដើម្បីឲ្យអ្នកចូលរួមពិភាក្សាគ្នាជាក្រុមផ្សេងៗគ្នា។ ប្រធានបទដែលឲ្យក្រុមនីមួយៗពិភាក្សានោះ គឺទី១ កាតព្វកិច្ចរបស់ធុរកិច្ច និងការគោរពសិទ្ធិមនុស្ស។ ទី២ ការទទួលខុសត្រូវរបស់សាជីវកម្មក្នុងការគោរពសិទ្ធិមនុស្ស និងទី៣ ការទទួលបានដំណោះស្រាយ។
តំណាងសហជីព ស៊ីខាវឌូ (CCAWDU) មកពីខេត្តកំពង់ស្ពឺ បានលើកឡើងថា បញ្ហាដែលកម្មករកំពុងប្រឈមនៅវិស័យកាត់ដេរនោះ ដូចជា និយោជកមិនគោរពលក្ខខណ្ឌការងាររបស់កម្មករ បរិយាកាសក្នុងរោងចក្រមិនល្អ ធ្វើឲ្យកម្មករសន្លប់ជាញឹកញាប់ និងការផ្ដល់ប្រាក់ឈ្នួលទាបជាដើម។ លោកបញ្ជាក់ថា បញ្ហាទាំងនេះហើយដែលធ្វើឲ្យកម្មករធ្វើបាតុកម្មជាញឹកញាប់កន្លងមក។
«សំឡេង»
អនុប្រធាននាយកដ្ឋានអធិការកិច្ចការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ុក ចាន់ធួ មានប្រសាសន៍នៅក្នុងការធ្វើបទបង្ហាញរបស់លោកថា នៅក្នុងសង្គមប្រជាធិបតេយ្យ ការធ្វើបាតុកម្ម ឬកូដកម្មណាមួយនោះ គឺត្រូវធ្វើការបោះឆ្នោតសម្រេចរបស់កម្មករទាំងអស់ជាមុនសិន នៅពេលកម្មករអត់ពេញចិត្តលក្ខខណ្ឌណាមួយរបស់រោងចក្រ ដូចជា ទី១ ត្រូវធ្វើកូដកម្មអត់ធ្វើការនៅក្នុងរោងចក្រក្នុងរយៈពេលណាមួយ។ ទី២ បើគ្មានដំណោះស្រាយទេ ចេញក្រៅរោងចក្រធ្វើបាតុកម្មជាដើម មិនមែនការធ្វើបាតុកម្មនោះគ្មានការបោះឆ្នោតពីសំណាក់កម្មករដូចកន្លងមកនេះទេ។
នៅកម្ពុជា គោលការណ៍ណែនាំស្ដីពីធុរកិច្ច និងសិទ្ធិមនុស្ស ផ្ដល់ផែនទីបង្ហាញផ្លូវមួយសម្រាប់រដ្ឋ និងក្រុមហ៊ុនសាជីវកម្មផ្សេងៗ សង្គមស៊ីវិល បុគ្គល និងសហគមន៍ដែលរងផលប៉ះពាល់ ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីគ្រប់គ្រងរលកថ្មីនៃការអភិវឌ្ឍឲ្យបានល្អប្រសើរថែមទៀត។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣១ តម្កល់កាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ ដោយទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញក្នុងអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងកុមារ។ ទោះយ៉ាងនេះក្ដី ខាងតំណាងសហជីពបានលើកឡើងថា កម្ពុជា មិនបានអនុវត្តឲ្យពេញលេញនូវគោលការណ៍ណែនាំស្ដីពីធុរកិច្ច និងសិទ្ធិមនុស្សទេ ដូចជាអាជ្ញាធររដ្ឋាភិបាលបានបង្ក្រាបកម្មករបាញ់ស្លាប់ ៤នាក់ ចាប់ខ្លួន ២៣នាក់ និងរបួសជិត ៤០នាក់ទៀត កាលពីដើមខែមករា ជាដើម៕
No comments:
Post a Comment