ដោយ៖ ឡាយ សាមាន / វិទ្យុ វីអូឌី | ថ្ងៃអង្គារ ទី21 ខែមករា ឆ្នាំ2014
ស្តាប់សំឡេង៖ | ចម្លងទុក |
អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃអង្គារនេះឲ្យដឹងថា អាជ្ញាធរដែនដីមានសមត្ថកិច្ច និងមានវិធានការទប់ស្កាត់ចំពោះជនណាដែលជួបប្រជុំលើសពី១០នាក់ឡើងទៅ ដែលបណ្តាលឲ្យមានអសន្តិសុខសង្គម និងខូចសណ្តាប់ធ្នាប់សាធារណៈ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា តាមច្បាប់ស្តីពីបាតុកម្ម អាជ្ញាធរមានសមត្ថកិច្ចអាចរារាំងមិនឲ្យធ្វើបាតុកម្ម ឬការជួបជុំណាដែលបណ្តាលឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ។ លោកថា នៅពេលស្ថានភាពប្រទេសកម្ពុជាមានសភាពស្ងប់ស្ងាត់ អាជ្ញាធរនឹងដកបម្រាមនេះវិញ។ លោកបន្តថា ការលើកឡើងរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី ឲ្យដកបម្រាមនេះចេញមិនត្រឹមត្រូវទេ ព្រោះគាត់មិនទាន់ដឹងពីស្ថានភាពប្រទេសកម្ពុជា «កន្លងមកថ្ងៃសៅរ៍ យើងបានរៀបចំទីលានប្រជាធិបតេយ្យ ប្រសិនជាយើងទុកសភាពការណ៍នោះដូចថ្ងៃអាទិត្យ អាចប៉ះពាល់ធ្ងន់ធ្ងរណាស់។ យើងឃើញថាអាចប៉ះពាល់ ដូច្នេះបានយើងរៀបចំ តាំងពីថ្ងៃសុក្រ សៅរ៍នេះឲ្យហើយ ចាំបើកវិញនៅពេលសភាពការណ៍វិលមករកភាពធម្មតា។ ទោះជា សិទ្ធិបញ្ចេញមតិត្រូវបានរិតត្បិតមែន ប៉ុន្តែសន្តិសុខជាតិត្រូវបានធានា។ ឥឡូវយើងគិតមើល យកប្រជាធិបតេយ្យ ដោយអនាធិបតេយ្យប៉ះពាល់ដល់សន្តិសុខជាតិ ស្រុកទេសវឹកវរ ឈ្លោះកាប់ចាក់គ្នា ឬក៏យើងទទួលយកសភាពការណ៍ដូចបច្ចុប្បន្ន»។
មន្ត្រីផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា មានប្រសាសន៍ថា ការចេញបម្រាមរបស់ក្រសួងមហាផ្ទៃ គឺខុសច្បាប់ ហើយផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ និងរំលោភច្បាប់ស្តីពីបាតុកម្មដោយសន្តិវិធី។ លោកថា ក្នុងប្រទេសមួយអាចចេញបម្រាមទាក់ទងការជួបប្រជុំបាន លើកលែងតែប្រទេសនោះបានព្យួររដ្ឋធម្មនុញ្ញជាមុនសិន។ លោកឲ្យដឹងទៀតថា ការព្យួររដ្ឋធម្មនុញ្ញបាន លើកលែងតែប្រទេសកម្ពុជាធ្លាក់ទៅក្នុងវិបត្តិបញ្ហាសន្តិសុខធ្ងន់ធ្ងរ «រដ្ឋាភិបាលអត់មានត្រូវដកចេញបំរាមនេះទេ បានន័យថាបំរាមនេះ គ្មានន័យ មិនត្រូវអនុវត្ត ប្រជាពលរដ្ឋខ្មែរមិនត្រូវអនុវត្ត នូវបំរាមទាំងឡាយណាឬបទបញ្ជាទាំងឡាយណា ដែលផ្លូវច្បាប់ គឺគេមានសិទ្ធិក្នុងការមិនអនុវត្ត។ នេះវារំលោភទៅនឹងសិទ្ធិក្នុងការបញ្ចេញមតិ រំលោភទៅនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ធ្វើស្តីអំពីការធ្វើបាតុកម្ម ដោយសន្តិវិធី វារំលោភទៅលើសិទ្ធិមូលដ្ឋានរបស់ប្រជាជន ក្នុងការសម្តែងមតិ»។
កាលពីថ្ងៃ ទី១៦ ខែមករានេះ លោក សុរិយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ទទូចឲ្យអាជ្ញាធរកម្ពុជាដកចេញ ចំពោះបម្រាមការធ្វើបាតុកម្ម ឬជួបប្រជុំ ដែលក្រសួងមហាផ្ទៃបានដាក់ចេញក្រោយពីមានហិង្សា រវាងអ្នកតវ៉ាជាមួយសមត្ថកិច្ចនៅតាមផ្លូវវ៉េងស្រេង។ លោក ស៊ូប៊ែឌី បានទាមទារឲ្យអាជ្ញាធរកម្ពុជា លើកយកច្បាប់របស់កម្ពុជាមួយណា ដែលអនុញ្ញាតឲ្យមានការដាក់បម្រាមការធ្វើបាតុកម្ម ឬជួបប្រជុំបណ្តោះអាសន្ននោះ។ លោកបញ្ជាក់ថា ការដាក់បម្រាមនេះ គឺផ្ទុយនឹងមាត្រា៤ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ “ដូចច្នេះបើមិនមានច្បាប់ណាការពារចំពោះការដាក់បម្រាមនេះទេ គួរតែដកចេញ”៕
No comments:
Post a Comment