ទិដ្ឋភាពនៃការបញ្ចាំងខ្សែភាពយន្តឯកសារ «នរណាសម្លាប់ ជា វិជ្ជា ឬឃាតកសិប្បនិម្មិត» នាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣។ (រូបថត RFA / Yeang Socheametta)
CCHR៖ រដ្ឋាភិបាល គំរាម មិនឲ្យ បញ្ចាំងកុនឯកសារ តើនរណា សម្លាប់ ជា វិជ្ជា
តើនរណា សម្លាប់ ជា វិជ្ជា? គឺជាចំណងជើង ខ្សែភាពយន្តឯកសារ មួយ ដែលបង្ហាញថា រដ្ឋាភិបាល ពាក់ព័ន្ធ នៅក្នុង ការធ្វើឃាត លោក ជា វិជ្ជា មេដឹកនាំ សហជីព ដ៏ល្បីល្បាញ កាលពីឆ្នាំ២០០៤។ ខ្សែភាពយន្ត ឯកសារ នេះ ត្រូវបាន គេផ្សព្វផ្សាយតាម យូធូប(Youtube) ក្នុងបណ្ដាញអ៊ីនធឺណិត (Internet)។
ដោយ ខែ សុណង / អាស៊ីសេរី | ២៤ មករា ២០១៤
នៅថ្ងៃទី២៤ មករា នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គ្រោងនឹងចាក់បញ្ចាំងខ្សែភាពយន្តនេះជាថ្មីម្ដងទៀត នៅឯមជ្ឈមណ្ឌលរបស់ខ្លួន ដើម្បីបង្ហាញដល់បណ្ដាញក្រុមការងារសង្គមស៊ីវិលរបស់ខ្លួន ប៉ុន្តែគម្រោងបញ្ចាំងនេះត្រូវបានខកខានវិញ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ស៊ី.ស៊ី.អេច្ឆ.អ (CCHR) បានប្រកាសលុបចោលគម្រោងនៃការចាក់បញ្ចាំងខ្សែភាពយន្តឯកសារ តើនរណាសម្លាប់ ជា វិជ្ជា ក្រោមហេតុផលគំនាបរបស់រដ្ឋាភិបាល។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងនៅថ្ងៃទី២៤ មករា ពីសហរដ្ឋអាមេរិក មកថា ហេតុផលនៃការលុបចោលការចាក់បញ្ចាំងខ្សែភាពយន្តឯកសារនេះ គឺមកពីរដ្ឋាភិបាលបានប្រើសារគំរាមចាប់អ្នកដែលហ៊ានបញ្ចាំងកុននេះ។ លោកយល់ថា នេះគឺជាការព្យាយាមបិទបាំងទោសកំហុស ដែលការហាមប្រាមមិនឲ្យចាក់បញ្ចាំងកុននេះ គឺជាទង្វើខុសច្បាប់។
«សំឡេង»
មជ្ឈមណ្ឌលនេះ គ្រោងចាក់បញ្ចាំងខ្សែភាពយន្តឯកសារ តើនរណាសម្លាប់ ជា វិជ្ជា ឬចំណងជើងជាភាសាអង់គ្លេសថា Who killed Chea Vichea នៅល្ងាចថ្ងៃទី២៤ មករា ក្នុងគោលបំណងរំលឹកខួប ១០ឆ្នាំនៃការស្លាប់ លោក ជា វិជ្ជា គិតតាំងពីថ្ងៃទី២២ មករា ឆ្នាំ២០០៤ មក។ ហើយរហូតមកដល់ពេលនេះ រដ្ឋាភិបាលនៅមិនទាន់បានចាប់ខ្លួនជនប្រព្រឹត្តិយកមកផ្ដន្ទាទោសនៅឡើយ។
ការសម្រេចចិត្តលុបចោលការចាក់បញ្ចាំងភាពយន្តឯកសាររបស់ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សនេះ គឺដោយហេតុផលលោកនៅក្រៅប្រទេស ហើយតាមអត្ថបទដែលចេញផ្សាយដោយកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) នៅថ្ងៃទី២៤ មករា ដែលបានសម្ភាស លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលថា ប្រសិនបើអ្នកឯងបំពានបម្រាមនេះ យើងនឹងបណ្ដេញអ្នកឯងចេញ។ ប្រសិនអ្នកឯងជាខ្មែរ យើងនឹងបញ្ជូនអ្នកឯងចូលពន្ធនាគារ។
ទោះជាយ៉ាងណា ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោក សុក សំអឿន មានមតិថា រាល់ការចាក់បញ្ចាំងកុនខ្នាតធំបែបនេះ ត្រូវតែមានការសុំច្បាប់អនុញ្ញាតពីក្រសួងវប្បធម៌ ដែរ។
«សំឡេង»
លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានឃាតកមិនស្គាល់មុខ បាញ់សម្លាប់នៅកណ្ដាលថ្ងៃ នៅមុខតូបកាសែតក្បែរវត្តលង្កា ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។ លោក ជា វិជ្ជា ជាវីរជនកម្មករនៅកម្ពុជា ដែលធ្វើការតស៊ូទាមទារសិទ្ធិ និងការដំឡើងប្រាក់ខែដល់កម្មករ។ រយៈពេលប្រមាណពីរសប្ដាហ៍ក្រោយមក អាជ្ញាធរទីក្រុងភ្នំពេញ បានចាប់ខ្លួន លោក ប៊ន សំណាង និងលោក សុខ សំអឿន ដោយចោទថា ជាអ្នកបាញ់សម្លាប់។ អ្នកទាំងពីរត្រូវសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ២០ឆ្នាំ ពីបទឃាតកម្មលើរូប លោក ជា វិជ្ជា។ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស បានទាមទារឲ្យតុលាការដោះលែងពួកគេវិញ ព្រោះគេអ្នកទាំងពីរជាឃាតកសិប្បនិមិត្ត។ បន្ទាប់ពីជាប់ឃុំឃាំងរយៈពេលជិត ៤ឆ្នាំ អ្នកទាំងពីរត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ដោយសារតុលាការកំពូលរកមិនឃើញភស្តុតាងចោទប្រកាន់អ្នកទាំងពីរ ហើយរហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងថា អ្នកណាជាអ្នកបាញ់សម្លាប់ លោក ជា វិជ្ជា នៅឡើយទេ។
លោក ប្រេដលី ខកស៍ (Bradly Cox) ជាផលិតករខ្សែភាពយន្ត "នរណាសម្លាប់ ជា វិជ្ជា" ហើយកែសម្រួលដោយ លោក រិច្ឆ ហ្ការិលឡា (Rich Garella)។ ខ្សែភាពយន្តនេះ ត្រូវបានគេផ្សព្វផ្សាយតាម យូធូប (Youtube) ឬប្រព័ន្ធអ៊ីនធឺណិត។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចាក់បញ្ចាំងខ្សែភាពយន្តនេះដោយជោគជ័យម្ដងរួចមកហើយ កាលពីថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០១៣ ចំទិវាអន្តរជាតិបញ្ឈប់និទ្ទណ្ឌភាព៕
No comments:
Post a Comment