Paris Peace Accords 23 Oct. 1991

Thursday, January 9, 2014

មូលនិធិ​ សកល Global Fund ដក​ការ​គំរាម​ ផ្តាច់ជំនួយ ទឹកប្រាក់​ជាង ១០០​លាន​ដុល្លារ ពី​កម្ពុជា​​

​មូលនិធិ​ សកល Global Fund ដក​ការ​គំរាម​ ផ្តាច់ជំនួយ ទឹកប្រាក់​ជាង ១០០​លាន​ដុល្លារ ពី​កម្ពុជា​​

ដោយ៖​ តាំង វីដា​ វិទ្យុ វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី9 ខែមករា ឆ្នាំ2014

មូលនិធិ​សកល ប្រកាស​ដក​ការ​គំរាម​ផ្តាច់ជំនួយ​ទឹកប្រាក់​ជាង​១០០​លាន​ដុល្លារ​អាមេរិក​ ពី​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​វិញ ក្រោយពី​ទទួលបាន​ការសង​ប្រាក់​ពីរ​ចំណែក​តូច ដែល​មូលនិធិ​នេះ រកឃើញ​ក្នុង​របាយការណ៍​ស៊ើបអង្កេត​ប្រាក់​មូលនិធិ​សរុប​ជាង ៨០​លាន​ដុល្លារ​អាមេរិក​ថា ដំណើរការ​មាន​ភាពមិនប្រក្រតី ការ​កិបកេង​ប្រាក់​ជំនួយ​មួយចំនួន និង​ការប្រើប្រាស់​ប្រាក់​ជំនួយ​ខុស​គោលដៅ​។​

លិខិត​មូលនិធិ​សកល ចុះ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បានដាក់​កំហិត​ឲ្យ​ក្រសួង​សុខាភិបា​ល ក្នុង​រយៈពេល​៣០​ថ្ងៃ គិត​មក​ទល់​ថ្ងៃ​ទី​៩ ខែ​មករា​នេះ ត្រូវ​ផ្តល់​ប្រាក់​មក​កាន់​មូលនិធិ​វិញ​ចំនួន ៤១០,៧១២​ដុល្លារ ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ បាណក​សាស្ត្រ ប្រាក់ ៤១,៤០៤​ដុល្លារ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​សើ​ស្បែក និង​កាមរោគ​(NCHARDS) និង​ប្រាក់​២០,៧២៥​ដុល្លារ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​អង្គការ​មេ​ឌី​ខាំ (MEDiCAM)​ បន្ទាប់​ពី​មូលនិធិ​នេះ រកឃើញថា គម្រោង​លើ​ផ្នែក​សុខភាព​មួយចំនួន មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​។​
កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ចុះផ្សាយ​នៅ​ថ្ងៃទី​៨ ខែ​មករា បាន​ដកស្រង់​សម្តី​របស់​ប្រធាន​ទំនាក់ទំនង​នៃ​មូលនិធិ​សកល ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្ស៊ឺ​ណែ​វ លោក Seth Faison ថា​ «​យើង​ទទួលបាន​ការបង់ប្រាក់​ពី​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​មេរោគ​អេដស៍​/ ជំងឺអេដស៍ ជំងឺ​សើ​ស្បែក និង​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ​ហើយ យើង​នឹង​ផ្តល់​អនុសាសន៍​ឲ្យ​ចាត់វិធានការ​ភ្លាម​តាម​សំណើ​របស់​អង្គការ មូលនិធិ​សកល​។ យើង​ក៏​ទទួលបាន​ការបង់ប្រាក់​មួយ​ចំណែក​ពី​អង្គការ MEDiCAM ដែរ​។ យើង​រង់ចាំ​កិច្ចសហប្រតិបត្តិការ​ដូចគ្នា​ដែរ​ពី​មជ្ឈមណ្ឌ​ល​ជំងឺគ្រុនចាញ់​ជាតិ​»​។​
​ទោះបីជា គម្រោង​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ បាណក​សាស្ត្រ ដែល​មាន​ចំនួន​ទឹកប្រាក់ ៤១០,៧១២​ដុល្លារ ជា​ចំណែក​ច្រើនជាងគេ មិនទាន់​បាន​បង្វិល​ត្រលប់​ក្តី ប៉ុន្តែ លោក Seth Faison ថា រហូតមកទល់​ពេលនេះ មូលនិធិ​សកល មិន​មាន​ផែនការ​កាត់ផ្តាច់​ឬ កាត់បន្ថយ​ការផ្តល់​មូលនិធិ​នៅពេល​ខាងមុខ​ទេ តែ​ទោះជា​យ៉ាងនេះក្តី មូលនិធិ​នេះ នឹង​វាយតម្លៃ​ជំនួយ​នៅពេលនេះ ហើយ​នៅ​ថ្ងៃ​ខាង​មុខ នឹង​កែសម្រួល​ផែនការ​ឲ្យបាន​សមស្រ​ប​។​
VOD បាន​ព្យាយាម​ទាក់ទង​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ជាច្រើន​ដង តែ​លោក​បដិសេធ​ឆ្លើយ ដោយ​ថា​ជាប់រវល់​។​
សមាជិក​អនុគណៈកម្មការ​ត្រួតពិនិត្យ​មូលនិធិ​សកល​នៅ​កម្ពុជា លោក កែម ទ្បី យល់ថា នេះ​ជា​ជំហាន​វិជ្ជមាន​មួយ ដែល​អាច​ជួយ​សម្រាល​ការ​មិន​ទុកចិត្ត​ពី​ម្ចាស់ជំនួយ តែ​លោក​បញ្ជាក់ថា បើ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ នៅតែ​មិន​សង​ប្រាក់​ជាង ៤១​ម៉ឺន​ដុល្លារ មូលនិធិ​នេះ នឹង​កាត់​ផ្តាច់​ជំនួយ​លើ​គម្រោង​ផ្នែក​នេះ​នៅ​ថ្ងៃ​ខាង​មុខ​ <<​ច្បាប់​ណាស់​បើ​មិន​បាន​សង យើង​ដឹង​ព័ត៌មាន​មួយទៀត គឺ​គេ​កាត់លុយ​តែម្ដង កាត់លុយ​ខាង​ផ្នែក​គ្រុនចាញ់ បើសិន​ជា​បាន​សង គឺ​មានន័យថា គេ​អត់​កាត់ គឺ​យើង​ដឹង​តែ​ម្ដង សំបុត្រ​មកពី​Global Fund គឺ​គេ​បានបញ្ជាក់​ច្បាប់​ចឹង >>​។​
​សម្រាប់​ជំនួយ​លើ​ជំងឺគ្រុនចាញ់ មូលនិធិ​សកល ធ្លាប់បាន​ព្រមាន​ថា នឹងមិន​ដំណើរការ​ចុះ​ហត្ថលេខា​ជាមួយ​កម្ពុជា ដំណាក់កាល​ទី​១ តម្លៃ​១៥​លាន​ដុល្លារ ដំណាក់កាល​ទី​២ តម្លៃ​ជាង​១២​លាន​ដុល្លារ បើ​មិន​ប្រគល់​ប្រាក់​តាម​ការទាមទារ​។​
​ប្រធាន​គណៈកម្មាធិការ​កម្ពុជា​ឯករាជ្យ​ប្រឆាំង​អំពើពុករលួយ លោកស្រី ម៉ម ស៊ីថា ចាត់ទុកថា ការ​ព្រម​សង​ប្រាក់​ខ្លះ​ទៅ​វិញ គឺ​ឆ្លុះបញ្ចាំង​ការទទួលស្គាល់ និង​ការទទួលខុសត្រូវ​មួយ​ផ្នែក​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​កើតមាន​ក្នុង​វិស័យ​សុខាភិបាល​។ លោកស្រី សង្កត់ធ្ងន់​ថា តើ​អង្គភាព​ប្រឆាំង​អំពើ មាន​យន្តការ​បែប​ណា​សម្រាប់​រឿងនេះ​ <<​ការទទួលស្គាល់​សង គឺ​បានន័យថា ខ្លួនឯង​បាន​ប្រព្រឹត្ដ​អំពើ​ពុករលួយ អ្នកប្រព្រឹត្ដ​អំពើ​ពុករលួ​យ​នេះ តើ​ស្ថាប័ន អេស៊ី​យូ ធ្វើ​ដូចម្ដេច​ទៀត​បាន ហើយ​អ្នកប្រព្រឹត្ដ​អំពើ​ពុករលួ​យ ឫ​មួយ​គ្រាន់តែ​ធ្វើ​របាយការណ៍​ឫ​មួយ​គ្រាន់តែ​ស៊ុមក្រលំ​គ្នា បិទបាំង​គ្នា​មិន​ចាត់ការ បើ អេស៊ី​យូ មិន​ចាត់ការ​ក្នុងករណីនេះ មានន័យ​ថា អេស៊ី​យូ មានការ​អនុវត្ដ​ច្បាប់​ក្នុង​រូបភាព​រើសអើង វា​ពាក់ព័ន្ធ​ទៅ​ហ្នឹង​រឿង​នយោបាយ​ច្រើន​>>​។​
​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យិនទៀង បដិសេធ​ឆ្លើយ​ជាមួយ ដោយ​ថា ជាប់រវល់​។ កន្លងមក អង្គភាព​ប្រឆាំង​អំពើពុករលួយ អះអាងថា ខ្លួន​កំពុង​ស៊ើបអង្កេត​ការ ចោទប្រកាន់​ទាំង​នោះ របស់​អង្គការ​មូលនិធិ​សកល ប៉ុន្តែ​រហូត​មក​ទល់​នេះ អង្គភាព​នេះ មិនទាន់​ចេញផ្សាយ​របាយការណ​៦​ឬ លទ្ធផល​ណា​មួយ​នោះទេ​៕


No comments:

Post a Comment