Paris Peace Accords 23 Oct. 1991

Sunday, January 26, 2014

លោក កឹម សុខា គ្រោង​ប្តឹង​ ករណី​អាជ្ញាធរ​ ប៉ង​សម្លាប់​ លោក ទៅ ​ICC​


លោក កឹម សុខា (រូបថត តាំង វីដា)

លោក កឹម សុខា គ្រោង​ប្តឹង​ ករណី​អាជ្ញាធរ​ ប៉ង​សម្លាប់​ លោក ទៅ ​ICC​


ដោយ៖​ ឡាយ សាមាន និងតាំង វីដា​​ / វីអូឌី | ថ្ងៃអាទិត្យ ទី26 ខែមករា ឆ្នាំ2014

ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ប្រកាស​យក​ករណី​កម្លាំង​សមត្ថកិច្ច ប៉ុនប៉ង​សម្លាប់​រូបលោក ក្រោយ​រំសាយ​វេទិកា​ជួប​អ្នកគាំទ្រ​នៅ​ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃអាទិត្យ ដាក់​ក្នុង​ឯកសារ​រួម ប្តឹង​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តតិ (ICC​)។​
​លោក កឹម សុខា អះអាង​បែបនេះ ក្រោម​មូលហេតុ​ថា រថយន្ត​របស់​កងទ័ព​នៅ​ខេត្ត​កំពង់ចាម បាន​បរ​យ៉ាង​លឿន ដេញ​ពីក្រោយ និង​មក​ពី​ខាងមុខ ប្រុង​នឹង​បុក​រថយន្ត​របស់​លោក  ខណៈ​ធ្វើដំណើរ​ពី​ខេត្ត​កំពង់ចាម ត្រលប់​មក​កាន់​រាជធានី​ភ្នំពេញ​វិញ ដែល​ករណី​នេះ លោក​សង្ស័យថា ជា​ការប៉ុនប៉ង​គំរាម​រូបលោក​ផ្ទាល់​។
ប្រធានស្តីទី​គណបក្ស​នេះ  បន្តថា លោក នឹង​ចាត់​មេធាវី​របស់​ខ្លួន​រៀបចំ​ឯកសារ និង​ប្រមូល​ភ័ស្តុតាង​ករណីនេះ គួបផ្សំ​នឹង​ករណី​ហេតុការណ៍​ប៉ះទង្គិច​រវាង​កម្មករ និង​សមត្ថកិច្ច កាលពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា បញ្ជូន​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្នុង​ពេល​ឆាប់ៗ​នេះ ដើម្បី​ផ្តន្ទាទោស​ជនល្មើស និង​បញ្ចប់​និទណ្ឌភាព​នៅ​កម្ពុជា​។
​លោក កឹម សុខា ក៏​ប្រកាស​ថ្កោលទោស ទង្វើ​នៃ​ការ​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច ជា​ការរំលោភ​រដ្ឋធម្មនុញ សិទ្ធិ​នន​យោ​បាន និង​សិទ្ធិ​ពលរដ្ឋ​។ លោក គូសបញ្ជាក់ថា លោក មិន​ខ្លាច​ការគំរាមកំហែង​នេះ​ទេ ហើយ​លោក នឹង​បន្ត​ទៅ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​អ្នកគាំទ្រ​របស់ខ្លួន នៅ​ខេត្ត​កំពង់ធំ នៅ​ថ្ងៃស្អែក​នេះ​។​
​កាលពី​ព្រឹក​មិញ​នេះ វេទិកា​សំណេះសំណាល​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​អ្នកគាំទ្រ នៅ​ទីក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម ត្រូវបាន​ប្រកាស​រំសាយ ខណៈ​ដែល​សមត្ថកិច្ច​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ចល័ត​កងកម្លាំងប្រដាប់អាវុធ និង​កៀងគរ​ប្រជាពលរដ្ឋ​ប្រមាណ​១​ពាន់​នាក់ បញ្ជូន​មក​ដាក់​នៅ​ខាង​មុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ក្រុង​កំពង់ចាម ដើម្បី​បង្កចលាចល និង​បំភិតបំភ័យ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​៕


No comments:

Post a Comment