Paris Peace Accords 23 Oct. 1991

Saturday, January 25, 2014

​មន្ត្រី​ គណបក្ស​ ជាប់​ឆ្នោត​ ទាំង​ពីរ ចាត់ទុក​ របាយការណ៍ IRI ជា​មូលដ្ឋាន​ សម្រាប់​ កំណែទម្រង់​​

​មន្ត្រី​ គណបក្ស​ ជាប់​ឆ្នោត​ ទាំង​ពីរ ចាត់ទុក​ របាយការណ៍ IRI ជា​មូលដ្ឋាន​ សម្រាប់​ កំណែទម្រង់​​


ដោយ៖​ តាំង វីដា​ | ថ្ងៃសុក្រ ទី24 ខែមករា ឆ្នាំ2014

មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុក​របាយការណ៍​IRI ដែល​រកឃើញ​ថា កម្ពុជា ដើរ​ផ្លូវខុស​កើន​ដល់ ៤៣% នៅ​អាណត្តិ​ទី​៥​នេះ គឺជា​មូលដ្ឋាន​មួយ​សម្រាប់​កំណែទម្រង់​នៅ​កម្ពុជា​។​
​របាយការណ៍​ស្ទង់​មតិ​សាធារណជន​ខ្មែរ​ របស់​វិទ្យាសា្ថន​សាធារណរដ្ឋ​អន្តរជា​តិ IRI លើក​ទី​១០ ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​២៨​ ខែតុលា ដល់​ថ្ងៃ​ទី​១០​ខែវិច្ឆិកា ឆ្នាំ​២០១៣ បន្ទាប់ពី​ការបោះឆ្នោត ក្រោម​សំណាក​មនុស្ស​២០០០​នាក់ ជ្រើសរើស​ក្នុង ២៤​ខេត្ត​រាជធានី​ទូទាំង​ប្រទេស​កម្ពុជា និង​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ ដែល​មាន​សិទ្ធិ​ក្នុង​ការបោះឆ្នោត​។
​របាយការណ៍​សំយោគ​លទ្ធផល​ដោយ ប្រធានស្តីទី (IRI) លោកស្រី Jessica Keegan បង្ហាញថា កម្ពុជា ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន ដើរ​លើ​ផ្លូវត្រូវ បាន​ធ្លាក់ចុះ​មក​ត្រឹម​៥៥% តែ​ផ្លូវខុស​ឡើង​ដល់​ទៅ ៤៣% ហើយ​ការដើរ​លើ​ផ្លូវខុស ក្រោម​ហេតុផល​នៃ​អំពើ​ពុករលួយ បក្សពួកនិយម និង​ការបំផ្លាញ​ធនធានធម្មជាតិ ដំណាំ​របស់​កសិករ​មិន​មាន​ទីផ្សារ អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់ និង​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ប្រែប្រួល ជាដើម​។​
ទាក់ទង​នឹង​ការស្ទង់មតិ​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ខៀវ កាញា​រី​ទ្ធ បដិសេធ​ឆ្លើយតប​ដោយ​ថា មិនទាន់បាន​មើល​របាយការណ៍​នោះ​រួចរាល់​។ សម្រាប់​មន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប យល់ថា របាយការណ៍​ក្រោម​សំណាក​មនុស្ស ២០០០​នាក់ គឺ​មិន​បង្ហាញ​ពី​ឆន្ទៈ​រួម​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​នោះ​ទេ​។ លោក​ទទួលស្គាល់ថា ភាគរយ​នៃ​ការដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជាធ្លាក់ចុះ​ខ្លះ តែ​មិន​ច្រើន​ដល់​ជិត ៣០% បើ​ធៀប​នឹង​អាណត្តិ​មុន​នោះ​ទេ​ «​ខ្ញុំ​ដូចជា​ថា វា​មិន​ទាន់​ត្រឹមត្រូវ និង​ខ្លាំងពេក​ទេ ដោយសារ​តែ​ការស្ទុងមតិ​គ្នា​តិចពេក យើង​ដាក់​២៣​ខេត្ដ​រាជធានី​ភ្នំពេញ​មួយ ហើយ​វា​ជួនកាល​ការវិភាគ​នៃ​អ្នក​មក​២០០០​នាក់​មក​បាន​ធ្វើ ជួនកាល​គាត់​និយាយ​មិន​បាន Check and  Balance ឲ្យបាន​ច្បាស់លាស់​មាន​ការខ្វះខា​ត នៅ​ខ្លះ​ជា​មិន​ខាន​ទេ  »​។
​យ៉ាងណាក៏ដោយ លោក ជាម យៀប ចាត់ទុក​លទ្ធផល​របា​យ​ការណ៍​នេះ ជា​មូលដ្ឋាន សម្រាប់​រដ្ឋាភិបាល បន្ត​កិច្ច​ប្រឹងប្រែង កែទម្រង់​ដឹកនាំ​ប្រទេស​ទៅ​ថ្ងៃ​ខាង​មុខ​។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ យល់ថា របាយការណ៍​នេះ ហាក់​មាន​ភាពខ្វះ​ចន្លោះ ចំពោះ​ការបែងចែក​តួនាទី​របស់​គណបក្ស និង​រដ្ឋាភិបាល តែ​នេះ​ជា​មូលដ្ឋាន​មួយ ដែល​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បាត់បង់​ប្រជាប្រិយភាព​យ៉ាងគំហុក​។ លោក​យល់ថា បើ​ការផ្តល់​ព័ត៌មាន​បាន​គ្រប់​ជ្រុងជ្រោយ និង​ស្មើភាព​គ្នា​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​នោះ លទ្ធផល​ពិត គឺ​កម្ពុជា ដើរ​លើ​ផ្លូវខុស​ស្ទើរ​ទាំងស្រុង «​ប្រសិនបើ​បាន​ពីរ​ចំណុច​ហ្នឹង​បន្ថែមទៀត ការដែល​ធ្លាក់ចុះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ធ្លាក់ចុះ​ជា​ង​នេះ​តទៅ​ថែម​ទៀត ចំណុច​ខ្លះ​មាន​ការវិភាគ​ខ្លះ​នៃ​ការរកឃើញ ឧ​ទារហណ៍​កាលដែល​ប្រជាពលរដ្ឋ​បាត់​ឈ្មោះ ចេញពី​បញ្ជ​ឈ្មោះ​បោះឆ្នោត ហើយ​ការ​ដែល​ចេញ​នៅ​លិខិតបញ្ជាក់​អត្ដ​សញ្ញាណ មាន​ចំនួន​ច្រើន​លើសពី​សេចក្ដីត្រូវការ​ពិតប្រាកដ​ជាង​ពាក់កណ្ដាល នឹង​ស​បញ្ជាក់ថា ការបោះឆ្នោត ខែកក្កដា ឆ្នាំ​២០១៣ គឺ​ពិតជា​មាន​ភាពមិនប្រក្រតី »​។

​របាយការណ៍​IRI ក៏​បាន​រកឃើញថា គេហទំព័រ​ដែល​ត្រូវបាន​អ្នកប្រើប្រាស់ ចូល​ញឹកញាប់ ដើម្បី​សិក្សា​ពី​ព័ត៌មានមុន និង​ក្រោយ​ការបោះឆ្នោត រួមមាន បណ្តាញ​ទំនាក់ទំនង​សង្គម Facebook Twitter គេហទំព័រ​សារព័ត៌មាន VOD និង KI Media ជាដើម​។​
នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ហៅ​កាត់ ខុម​ហ្វ្រែល លោក គល់ បញ្ញា យល់ថា ការធ្លាក់ចុះ​នៃ​ភាគរយ​ការដឹកនាំ​ផ្លូវ​ត្រូវ គឺ​បង្ហាញ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ សម្រាប់​បច្ចុប្បន្នភាព គឺ​ត្រូវការ​ការផ្លាស់ប្តូរ ច្រើន​ជាង​បន្ត​ទទួលយក​សមិទ្ធិផល​តិចតួច ដែល​រដ្ឋាភិបាល បាន​ផ្តល់​ឲ្យ​កន្លងមកនេះ​។ ប៉ុន្តែ លោក​គិតថា របាយការណ៍​ថ្មី​របស់​IRI គប្បី​ផ្តល់​ជា​មូលហេតុ​លម្អិត​នៃ​ការប្រែប្រួល​ទាំងនេះ ដើម្បី​បង្កើន​ការទុកចិត្ត​ «​ប៉ិន Survey ចឹង​តែ​ទៅ​ជា​របៀប​ស្រាវជ្រាវ​សិក្សា​ផ្ដល់​ជា​ព័ត៌មាន គេ​ហៅថា ព័ត៌មាន​ពន្យល់​ពី​មូលហេតុ​ដើម​នៃ​ការ​ដែល​ប្រជាជន​មិន​មើលឃើញ​ផ្លូវត្រូវ​ហ្នឹង​វា​ធ្លាក់ចុះ​វិញ ធ្លាក់ចុះ​វា​ច្រើន មិនមែន​ធ្លាក់ចុះ​តិចតួច ពី​៧៩%​មក​៥៥% វា​ធ្លាក់ចុះ​ច្រើនណាស់ »​។
​របាយការណ៍​ដដែល​នោះ ក៏​បាន​សួរ​ទៅកាន់​សំណាក​មនុស្ស​២០០០​នាក់​ដែរ​ថា តើ​កត្តា​អ្វីដែល​ធ្វើ​អ្នកសម្រេចចិត្ត​ជ្រើសរើស​គណបក្ស​ណាមួយ តាមរយៈ​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៨​ខែកក្កដា ឆ្នាំ​២០១៣​នោះ​? អ្នក​ដែល​ត្រូវ​បាន​សម្ភាសន៍​ភាគច្រើន បាន​ផ្តល់​ចម្លើយ​ថា ប្រទេស​ត្រូវការ​ការ​ផ្លាស់​ប្តូរ ដែល​មាន​ទៅ​ដល់ ៤៦​ភាគរយ កត្តា​ការអភិវឌ្ឍ​សេដ្ឋកិច្ច​រីក​ចម្រើន​រហូត​មកដល់ពេលនេះ មាន ៤១​ភាគរយ កត្តា​ទី​៣ ស្នាដៃ​របស់​គណបក្ស ដែលមាន​៣៩​ភាគរយ កត្តា​ទី​៤ គឺ​មេដឹកនាំ​គណបក្ស មាន​៣៥​ភាគរយ កត្តា​ទី​៥ គឺ​ការសន្យា​ពេល​យុទ្ធនាការ​បោះឆ្នោត ដែលមាន​៣០​ភាគ​យ និង​កត្តា​ផ្សេងៗ​ទៀត​។​
​កាលពី​អាណត្តិ​ទី​៤ ក្រោយ​ការបោះឆ្នោត IRI បាន​រកឃើញថា ៨២% យល់ថា កម្ពុជា​ដើរ​លើ​ផ្លូវត្រូវ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា បាន​៩០​អាសនៈ​។ រីឯ​ការដើរ​លើ​ផ្លូវខុស​មានតែ​១៧% ដែល​គ្រានោះ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ក៏​បាន​ទទួលស្គាល់​ការស្ទង់មតិ​របស់ IRI នេះ​៕



No comments:

Post a Comment