ACTS of the Apostles
កិច្ចការ រៀបរៀងដោយ លោកលូកា
អាណាណាស
និងសាភីរ៉ា
មានបុរសម្នាក់ ឈ្មោះ
អាណាណាស,
ភរិយា ឈ្មោះ សាភីរ៉ា។ គាត់ ក៏បានលក់ដី
របស់គាត់ដែរ, ហើយ សមគំនិតជាមួយភរិយា, ទុកប្រាក់មួយចំណែក សំរាប់ខ្លួនឯង,
រួចយកប្រាក់ ដែលនៅសល់ ទៅជូនក្រុមសាវ័ក។
លោកពេត្រុស មានប្រសាសន៍
ទៅគាត់ ថា៖ «អាណាណាសអើយ, ហេតុដូចម្ដេច បានជាមារសាតាំង
នៅពេញក្នុងចិត្តអ្នក រហូតដល់ទៅកុហក ព្រះវិញ្ញាណដ៏វិសុទ្ធ, ហើយ ទុកប្រាក់ ដែលលក់ដីបាននោះ មួយចំណែក ដូច្នេះ? កាលដើមឡើយ ដីនោះ ជាកម្មសិទ្ធិ
របស់អ្នក, លុះដល់អ្នក លក់ផុតទៅ, ប្រាក់ដែលបានមកនោះ អ្នកអាចប្រើប្រាស់ តាមចិត្ត។ ចុះហេតុដូចម្ដេច បានជាអ្នក មានគំនិតប្រព្រឹត្ត
យ៉ាងហ្នឹង? អ្នក បានកុហកព្រះជាម្ចាស់, គឺ មិនមែន កុហកមនុស្សទេ។»
ប្រមាណជា បីម៉ោងក្រោយមក,
ភរិយា របស់អាណាណាសចូលមកដល់ ដោយមិនបានដឹង ហេតុការណ៍ ដែលកើតមាននោះឡើយ។ លោកពេត្រុស សួរនាង ថា៖
«សូមប្រាប់ខ្ញុំមកមើល៍, តើប្ដីនាង និងនាង
លក់ដី បានប្រាក់ប៉ុណ្ណេះ មែនឬ?»
នាង ឆ្លើយថា៖ «ចា៎ស,
បានប្រាក់ ប៉ុណ្ណឹងមែន។»
លោកពេត្រុស ក៏មានប្រសាសន៍
ទៅនាងទៀត ថា៖ «ហេតុដូចម្ដេច បានជាអ្នក សមគំនិតគ្នា ល្បងលព្រះវិញ្ញាណ
របស់ ព្រះអម្ចាស់ ដូច្នេះ? មើល៍ហ្ន៎! ពួកអ្នក ដែលបានបញ្ចុះសពប្ដីនាង
មកដល់ នៅមាត់ទ្វារហើយ; គេ នឹងសែងនាង យកទៅដែរ។»
រំពេចនោះ នាង ក៏ដួល
នៅទៀបជើង របស់លោក, ហើយ ដាច់ខ្យល់ ស្លាប់ទៅ។ ពេលពួកយុវជន ចូលមក,
ឃើញនាងស្លាប់ ក៏នាំគ្នា យកសពនាង ទៅបញ្ចុះ នៅក្បែរសពប្ដី របស់នាង។ ក្រុមជំនុំទាំងមូល
និងអស់អ្នក ដែលបានឮដំណឹងនេះ ស្ញែងខ្លាចជាខ្លាំង។
ក្រុមសាវ័ក
សំដែងការអស្ចារ្យ ផ្សេងៗ
សាវ័ក បាននាំគ្នា
សំដែងទីសំគាល់ ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ ជាច្រើន នៅក្នុងចំណោម ប្រជាជន។
អ្នកជឿទាំងអស់ រួមចិត្តគំនិតគ្នា; គេ
ឈរនៅតាម ថែវសាឡូម៉ូន។ រីឯ អ្នកឯទៀតៗ, គ្មាននរណា ហ៊ានមកចូលរួម ជាមួយគេឡើយ, តែប្រជាជន កោតសរសើរគេ គ្រប់ៗគ្នា។ បណ្ដាជន ទាំងប្រុស ទាំងស្រី
ដែលជឿលើព្រះអម្ចាស់ បានមកចូលរួម កាន់តែ ច្រើនឡើងៗ។ មនុស្សម្នា បានសែងអ្នកជំងឺ
មកដាក់នៅតាមផ្លូវ ឲ្យដេកលើគ្រែស្នែង, លើកន្ទេល,
ប្រាថ្នាយ៉ាងហោចណាស់ គ្រាន់តែឲ្យស្រមោល លោកពេត្រុស បាំងលើអ្នកជំងឺណាម្នាក់
នៅពេល ដែលលោក ដើរកាត់តាមនោះ ក៏បានដែរ។ មានមនុស្សជាច្រើន នាំគ្នា ធ្វើដំណើរ
មកពីភូមិនានា នៅជិតក្រុងយេរូសាឡឹម, ទាំងសែងអ្នកជំងឺ
និងអ្នក ដែលមានវិញ្ញាណអាក្រក់ ចូលមកជាមួយផង; អ្នកទាំងនោះ
បានជា គ្រប់ៗគ្នា។
ក្រុមសាវ័ក
ត្រូវគេ បៀតបៀន
ពេលនោះ
លោកមហាបូជាចារ្យ និងអស់អ្នក ដែលនៅជាមួយលោក ទាំងប៉ុន្មាន,
គឺ ពួកខាង គណៈសាឌូស៊ី, មានចិត្តក្ដៅក្រហាយ ជាខ្លាំង។ គេ លើកគ្នា មកចាប់ក្រុមសាវ័ក
យកទៅឃុំឃាំង នៅពន្ធនាគារ សាធារណៈ។
លុះដល់យប់ មានទេវតា
របស់ព្រះអម្ចាស់ មកបើកទ្វារ ពន្ធនាគារ ឲ្យក្រុមសាវ័កចេញ, ទាំងពោល ថា៖ «សូមអញ្ជើញ ទៅឈរក្នុងព្រះវិហារ, ហើយ ប្រកាស ព្រះបន្ទូល ទាំងអស់ ដែលផ្ដល់ជីវិតនេះ ឲ្យប្រជាជន ស្ដាប់ទៅ។»
កាលបានឮពាក្យទេវតា,
ក្រុមសាវ័ក នាំគ្នា ចូលទៅក្នុងព្រះវិហារ តាំងពីព្រលឹម, ហើយ បង្រៀនប្រជាជន។
លោកមហាបូជាចារ្យ
និងអស់អ្នក ដែលនៅ ជាមួយលោក កោះហៅក្រុមប្រឹក្សា
ជាន់ខ្ពស់ និងព្រឹទ្ធសភា នៃប្រជាជនអ៊ីស្រាអែល មកជួបជុំគ្នា, រួចចាត់អ្នកយាម
ឲ្យទៅ នាំក្រុមសាវ័ក ពីពន្ធនាគារមក។ ពេលទៅដល់ ទីឃុំឃាំង, គេ ពុំឃើញក្រុមសាវ័កទេ; គេ នាំគ្នា វិលមកវិញ, រាយការណ៍ ជំរាបអង្គប្រជុំ ថា៖ «យើងខ្ញុំ ឃើញទីឃុំឃាំង
នៅបិទជិតល្អណាស់, ហើយ ពួកអ្នកយាម ក៏ឈរយាម នៅខាងមុខទ្វារដែរ,
តែពេលយើងខ្ញុំ បើកទ្វារ ពុំឃើញមាន នរណាម្នាក់ នៅក្នុងទីនោះសោះ។» កាលមេកងរក្សា ព្រះវិហារ
និងពួកនាយកបូជាចារ្យ ឮដូច្នោះ, គេ មិនដឹងជាត្រូវគិត
យ៉ាងណា អំពីក្រុមសាវ័ក និងអំពី ហេតុការណ៍ ដែលកើតឡើង នោះឡើយ។
ពេលនោះ មានម្នាក់
ចូលមក ជំរាបអង្គប្រជុំ ថា៖ «ពួកអ្នក ដែលអស់លោក បានចាប់ឃុំឃាំង
កំពុងតែឈរ បង្រៀនប្រជាជន ក្នុងព្រះវិហារ ឯណោះ!» មេកងរក្សា ព្រះវិហារ ក៏នាំទាហាន
ចេញទៅ ចាប់ក្រុមសាវ័ក, បណ្ដើរមក, តែឥតមានធ្វើបាបអ្វីទេ, ព្រោះគេ ខ្លាចប្រជាជន
យកដុំថ្មគប់។
លុះនាំក្រុមសាវ័ក
មកដល់ហើយ, គេ ក៏ឲ្យឈរ នៅមុខក្រុម
ប្រឹក្សា ជាន់ខ្ពស់។
លោកមហាបូជាចារ្យ សួរក្រុមសាវ័ក ថា៖ «យើង
បានហាមប្រាម អ្នករាល់គ្នា មិនឲ្យបង្រៀនប្រជាជន ក្នុងនាមអ្នកនោះ ជាដាច់ខាត,
តែឥឡូវនេះ អ្នករាល់គ្នា បែរជាបង្រៀនគេ ពាសពេញ ក្រុងយេរូសាឡឹម
ទាំងមូល ទៅវិញ។ អ្នករាល់គ្នា ក៏ចង់ទម្លាក់កំហុស
នៃការប្រហារជីវិត បុរសនោះ មកលើយើង ថែមទៀតផង។»
លោកពេត្រុស
និងសាវ័ក ឯទៀតៗ ឆ្លើយឡើង ថា៖ «យើងខ្ញុំ ត្រូវស្ដាប់បង្គាប់
ព្រះជាម្ចាស់ ជាជាងស្ដាប់បង្គាប់ មនុស្ស។ ព្រះនៃបុព្វបុរស របស់យើង,
ទ្រង់ បានប្រោសលោកយេស៊ូ, ដែលអស់លោក បានសម្លាប់
ដោយព្យួរនៅលើឈើនោះ, ឲ្យមានជីវិត រស់ឡើងវិញ។ ព្រះជាម្ចាស់ បានលើក លោកយេស៊ូឡើង
ដោយឫទ្ធិបារមី របស់ព្រះអង្គ, ហើយ តែងតាំងលោក ជាព្រះអង្គម្ចាស់ និងជាព្រះសង្គ្រោះ ដើម្បីឲ្យប្រជារាស្ត្រ អ៊ីស្រាអែល កែប្រែ ចិត្តគំនិត,
ហើយ ព្រះជាម្ចាស់ លើកលែងទោស ឲ្យរួចពីបាប។ យើងខ្ញុំ ជាសាក្សី អំពីហេតុការណ៍
ទាំងនេះ, ហើយ ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលព្រះជាម្ចាស់ ប្រទានដល់អស់អ្នក
ស្ដាប់បង្គាប់ព្រះអង្គ; ទ្រង់ ក៏ជាសាក្សីដែរ។»
កាលក្រុមប្រឹក្សា
ជាន់ខ្ពស់ ឮដូច្នេះ, គេ ក្រេវក្រោធ ជាខ្លាំង, ហើយ ចង់សម្លាប់ ក្រុមសាវ័ក ថែមទៀតផង។ ប៉ុន្តែ មានបុរសម្នាក់ ខាងគណៈផារីស៊ី
ឈ្មោះកាម៉ាលាល, ជាអ្នកប្រាជ្ញខាងវិន័យ ដែលប្រជាជន គោរពគ្រប់ៗគ្នា,
ក្រោកឈរឡើង នៅមុខក្រុមប្រឹក្សា ជាន់ខ្ពស់, សុំឲ្យគេ នាំក្រុមសាវ័ក ចេញពីទីនោះ មួយស្របក់, រួច មានប្រសាសន៍ ទៅ កាន់អង្គប្រជុំ ថា៖ «អស់លោក
ជាជនជាតិ អ៊ីស្រាអែលអើយ, សូមប្រយ័ត្ន ចំពោះ អំពើ ដែលអស់លោក ប៉ុនប៉ង នឹងធ្វើ ដល់អ្នកទាំងនេះ។ ក្នុងពេលថ្មីៗ កន្លងទៅ, មានម្នាក់ ឈ្មោះថឺដាស បានតាំងខ្លួនឡើង ជាវីរជន, ហើយ ប្រមូលបានមនុស្ស ប្រមាណជា បួនរយនាក់។ ថឺដាស ត្រូវគេ ប្រហារជីវិត; រីឯ ពួកអ្នក ដែលចូលដៃ ជាមួយគាត់ ក៏ត្រូវបែកខ្ញែកគ្នាអស់ គ្មានសល់។ បន្ទាប់មក នៅជំនាន់ ដែលគេជំរឿនប្រជាជន, មានយូដាស ជាអ្នកស្រុកកាលីឡេ បានលើកខ្លួនឡើង, បញ្ចុះបញ្ចូលមនុស្ស ជាច្រើន ឲ្យទៅតាមគាត់។ យូដាស ក៏ត្រូវគេ ប្រហារជីវិតដែរ,
ហើយ អស់អ្នក ដែលចូលដៃជាមួយគាត់ ក៏បែកខ្ញែកគ្នា អស់ទៅ។ ឥឡូវនេះ ខ្ញុំ សូមជំរាប អស់លោក
ថា, សូមកុំ រវីរ វល់ នឹងអ្នកទាំងនេះ ទៀតធ្វើអ្វី; លែងគេ ឲ្យទៅវិញទៅ។ ប្រសិនបើ
គំរោងការ និងកិច្ចការ ដែលគេ ចាប់ផ្ដើមធ្វើ មានប្រភពចេញមកពីមនុស្ស,
នោះ មុខជារលាយសាបសូន្យ មិនខាន។ ផ្ទុយទៅវិញ បើកិច្ចការទាំងនោះ
មានប្រភព ចេញមកពីព្រះជាម្ចាស់, អស់លោក ពុំអាចរំលាយបានឡើយ។
ហេតុនេះ សូមប្រុងប្រយ័ត្ន, ក្រែងលោអស់លោក បែរជាប្រឆាំងទាស់ នឹងព្រះជាម្ចាស់ទៅវិញ។»
គេ យល់ស្របតាម យោបល់
របស់ លោកកាម៉ាលាល ទាំងអស់គ្នា។ គេ ក៏ហៅក្រុមសាវ័ក មកវិញ, ហើយ បញ្ជាឲ្យវាយ
នឹងរំពាត់, ទាំងហាមប្រាម មិនឲ្យប្រកាស អំពីព្រះនាម ព្រះយេស៊ូទៀត,
រួចលែង ឲ្យត្រឡប់ទៅវិញ។
ក្រុមសាវ័ក ចាកចេញពី
ក្រុមប្រឹក្សា ជាន់ខ្ពស់ ទាំងអរសប្បាយ, ដ្បិតព្រះជាម្ចាស់ បានប្រទានឲ្យគេ
មានកិត្តិយស រងទុក្ខទោស ព្រោះ តែព្រះនាម ព្រះយេស៊ូ។ ជារៀងរាល់ថ្ងៃ, គេ តែងតែបង្រៀន ប្រជាជន និងផ្សព្វផ្សាយដំណឹងល្អ អំពី ព្រះយេស៊ូគ្រិស្ដ
នៅក្នុងព្រះវិហារ និងនៅតាមផ្ទះ ឥតឈប់ឈរឡើយ។
No comments:
Post a Comment