ទន្ទឹមគ្នានេះ ក៏មានពាក្យស្លោក អត្ថបទ និងឯកសារផ្សេងៗ ដែលក្រុមអ្នកសិក្សាស្រាវជ្រាវ បានសរសេរលើកអំពីគុណប្រយោជន៍នៃវប្បធម៌ខ្មែរ ដូចជា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន» និង «វប្បធម៌ គឺជាព្រលឹងជាតិ» ជាដើម។
តើជាតិខ្មែរនឹងបាត់បង់មែនឬ ប្រសិនបើវប្បធម៌ជាតិរលត់?
កត្តាដ៏សំខាន់ គឺវប្បធម៌ជាតឹកតាងបញ្ជាក់អំពីឫសគល់នៃជាតិសាសន៍មួយ។ យើងនឹងពិនិត្យមើលជ្រុងនេះ។
ជាទូទៅ នៅពេលគេនិយាយពីវប្បធម៌ គឺគេតែងសំដៅទៅលើភាសា អក្សរសាស្ត្រ ជំនឿ សាសនា សិល្បៈ ប្រពៃណី ទំនៀមទម្លាប់ សម្លៀកបំពាក់ និងម្ហូបអាហារ ជាដើម ដែលជាកេរ្តិ៍ដំណែលបន្សល់ទុកដោយបុព្វបុរសដូនតាតៗគ្នាពីមួយជំនាន់ទៅមួយជំនាន់។
ជួនកាល ការវិវឌ្ឍនានាក្នុងសង្គមបានញ៉ាំងឱ្យមានការទទួលឥទ្ធិពលពីគ្នាទៅវិញទៅមក ប៉ុន្តែវប្បធម៌របស់ជាតិសាសន៍នីមួយៗតែងមានសារធាតុដើមផ្ទាល់ ដែលស្ដែងចេញពីចរិតលក្ខណៈ និងឈាមជ័រពូជពង្សវង្សត្រកូលរបស់ខ្លួន។ ឧទាហរណ៍ដូចជា ជនជាតិខ្មែរមានសម្លកកូរ ដែលជាមុខម្ហូបពិសេសប្រចាំត្រកូល ប្រកបដោយគ្រឿងផ្សំ គ្រឿងទេស បន្លែបង្ការ និងមានឱជារសជាតិឯកនៅលើលោក។
រីឯស្នាដៃសិល្បៈចម្លាក់វិចិត្ររបស់ខ្មែរវិញ មានជាអាទិ៍ដូចជា ប្រាសាទព្រះវិហារ ប្រាសាទអង្គរវត្ត របាំអប្សរា និងល្ខោនស្រមោល ឬល្ខោនខោល «ស្បែកធំ» ដែលអង្គការយូណេស្កូ (UNESCO) បានទទួលស្គាល់ថា មានលក្ខណៈពិសេសល្អប្រណិតគ្មានពីរ រហូតសម្រេចដាក់បញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។
មិនមែនមានតែប្រទេសកម្ពុជា ទេ ប្រទេសនានាជាច្រើននៅលើពិភពលោក ក៏បានខិតខំប្រឹងប្រែងដាក់សម្បត្តិវប្បធម៌ដ៏ចំណាស់ពីបុព្វបុរសរបស់ខ្លួន ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកដែរ។ នៅចុងឆ្នាំ២០១៣ ប្រទេសជប៉ុន ទទួលបានជោគជ័យក្នុងការស្នើសុំអង្គការយូណេស្កូ ដើម្បីដាក់បញ្ចូលមុខម្ហូបពិសេស «វ៉ាស៊ូគុ» (Washoku) របស់ជនជាតិខ្លួនទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកផ្នែកវប្បធម៌អរូបិយ។
ប្រការដែលប្រទេសកម្ពុជា ជប៉ុន និងប្រទេសដទៃទៀតនៅលើពិភពលោក បានព្យាយាមជ្រើសរើសដោយសំរឹទ្ធិសម្រាំងស្នាដៃសិល្បៈវប្បធម៌របស់ជាតិខ្លួន ទៅចូលរួមប្រកួតប្រជែងគ្នាឱ្យបានក្លាយទៅជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ គឺក្នុងគោលបំណងដ៏ចម្បង ដើម្បីរក្សាអត្តសញ្ញាណជាតិកុំឲ្យបាត់បង់ និងដើម្បីឲ្យពិភពលោកបានស្គាល់វប្បធម៌ជាតិរបស់ខ្លួន ដើម្បីទាក់ទាញទេសចរបរទេស ដែលនឹងនាំមកនូវចំណូលទាំងថវិកាជាតិ និងប្រាក់ចំណូលរបស់ពលរដ្ឋរបស់ខ្លួនផង។
ត្រង់ប្រការនេះ ឧទាហរណ៍ដូចជា ក្នុងឆ្នាំ២០១៣ ភ្ញៀវទេសចរអន្តរជាតិចំនួនជិត ២លាននាក់ បានចំណាយប្រាក់កាស និងពេលវេលាមកកាន់ប្រទេសកម្ពុជា ដើម្បីទស្សនាប្រាសាទអង្គរវត្ត។ កាសែត ឌឹ ញីវយ៉ក ថែមស៏ (The New York Times) ក្នុងឆ្នាំ២០០៦ បានចេញផ្សាយអត្ថបទមួយបង្ហាញថា នាសម័យនោះ ភ្ញៀវបរទេសខ្លះហ៊ានចំណាយដល់ទៅជាង ១ពាន់ដុល្លារក្នុងមួយម៉ោង ដើម្បីជួលឧទ្ធម្ភាគចក្រជិះឆ្វែលទស្សនាប្រាសាទអង្គរវត្តពីលើអាកាស។
រីឯតម្លៃបន្ទប់ស្នាក់នៅក្នុងមួយយប់ គឺចាប់ពី ២០០ដុល្លារ ដល់ទៅជិត ២ពាន់ដុល្លារ ចំពោះសណ្ឋាគារទំនើបៗលំដាប់ផ្កាយ៥។ រហូតមកដល់សព្វថ្ងៃនេះ នៅខេត្តសៀមរាប មានសណ្ឋាគារតូចធំមិនតិចជាង ៥០០កន្លែងទេ ដែលកំពុងប្រណាំងប្រជែងគ្នាបញ្ចុះតម្លៃស្នាក់នៅ ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងបរទេស។
ក្រៅពីនេះ ប្រជាជាតិនានានៅលើសកលលោក តែងព្យាយាមរក្សាការពារសម្បត្តិវប្បធម៌ជាតិរបស់ខ្លួនតាមមធ្យោបាយផ្សេងៗទៀត ដូចជាការរៀបចំឲ្យមានជាទិវាមហោស្រពជាតិ និងអន្តរជាតិ ដើម្បីបង្ហាញអំពីវប្បធម៌ សិល្បៈ សម្លៀកបំពាក់ប្រពៃណី ស្នាដៃចម្លាក់ និងពិព័រណ៍ម្ហូបអាហារជាដើម។
ដូច្នេះ យើងឃើញថា រាប់តាំងពីប្រាសាទបុរាណដ៏មានក្បូរក្បាច់រចនាដ៏ល្អវិចិត្រ រហូតដល់គំនិតច្នៃប្រឌិតក្នុងការដាំស្លជាមុខម្ហូបផ្សេងៗ គឺសុទ្ធតែជាស្នាដៃវប្បធម៌ដែលមានតម្លៃមិនអាចកាត់ថ្លៃបានលើលោកនេះ ព្រោះថានៅលើឆាកអន្តរជាតិ អ្វីដែលគេទទួលស្គាល់ថាជាអត្តសញ្ញាណនៃជាតិសាសន៍មួយ គឺវប្បធម៌ដែលកេរដំណែលពីដូនតានេះឯង។
រីឯភាសាអក្សរសាស្ត្រជាតិវិញ គឺជាផ្នែកដ៏សំខាន់មួយទៀតក្នុងការសម្គាល់ជាតិសាសន៍នីមួយៗ មនុស្សនៃក្រុមមួយ សង្គមមួយ ឬសហគមន៍មួយ។
ដូចជាជនជាតិវៀតណាម ដែលដើមឡើយ គឺជាក្រុមកុលសម្ព័ន្ធនៅភាគខាងត្បូងនៃប្រទេសចិន ហើយបាននាំគ្នាធ្វើដំណើរចុះមករស់នៅតាមដងទន្លេក្រហម នៃដែនដីសណ្ដតុងកឹង បន្ទាប់មកក៏បានវាយលុកវាតទីយកទឹកដីប្រទេសចម្ប៉ា ទាំងមូល ព្រមទាំងដែនដីកម្ពុជាក្រោម របស់អាណាចក្រខ្មែរ កាន់កាប់ដល់សព្វថ្ងៃនេះ។
ក្រុមកុលសម្ព័ន្ធជនជាតិដើមវៀតណាម នេះពុំមានអក្សរសាស្ត្រជាតិទេ គឺគេនិយាយភាសាចិន។ លុះដល់សតវត្សទី១៩ ក្រោមអាណានិគមនិយមបារាំង ទើបជនជាតិវៀតណាម ចាប់ផ្ដើមបង្កើតអក្សរសាស្ត្ររបស់ខ្លួន ដោយយកតួអក្សរឡាតាំងមានព្យញ្ជនៈ និងស្រៈជាគោល និងបង្កើតវណ្ណយុត្តិដាក់សង្កត់សំនៀងពីលើតួអក្ខរា ហើយបានប្រកាសប្រើជាអក្សរសាស្ត្រផ្លូវការរបស់ជនជាតិវៀតណាម នៅសតវត្សទី២០ រហូតមកដល់បច្ចុប្បន្ននេះ។
គោលគំនិតក្នុងការបង្កើតភាសា និងអក្សរសាស្ត្រជាតិនេះ គឺដើម្បីសម្គាល់ថា វៀតណាម គឺជាជាតិសាសន៍មួយ ជាប្រជាជាតិមួយ ជាប្រទេសមួយ ដែលមានវប្បធម៌ផ្ទាល់របស់ខ្លួន។
ប៉ុន្តែខុសគ្នាស្រឡះដូចមេឃនឹងដីពីជនជាតិវៀតណាម ដែលគេបានខិតខំបង្កើតអក្សរសាស្ត្ររបស់គេ របបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម បែរជាលុបបំបាត់ការសិក្សាអក្សរសាស្ត្រជាតិខ្មែរ ដែលមានស្រាប់តាំងពីយូរអង្វែងណាស់មកហើយនោះទៅវិញ។
ក្រៅពីបិទទ្វារសាលារៀនគ្រប់កម្រិតហើយនោះ របបខ្មែរក្រហមក៏បានវាយកម្ទេចវត្តអារាម និងបង្ខំឲ្យព្រះសង្ឃសឹកចាកសិក្ខាបទ ហើយលុបបំបាត់ទាំងស្រុងនូវរាល់ពិធីបុណ្យទានសាសនា ពិធីមង្គលការ និងប្រពៃណីទំនៀមទម្លាប់ពីបរមបូរាណមករាប់តាំងពីសិល្បៈ សម្លៀកបំពាក់ ម្ហូបអាហារ និងជីវភាពរស់នៅរបស់សង្គមគ្រួសារខ្មែរ។
ការអនុវត្តរបស់របបខ្មែរក្រហមក្នុងរយៈពេល ៣ឆ្នាំ ៨ខែនោះ គឺចម្លងចេញពីការធ្វើបដិវត្ត «វប្បធម៌» របស់ចិន។ ខ្សែភាពយន្តខ្មែរមួយបានរៀបរាប់អំពីប្រវត្តិនៃការរស់នៅក្នុងសម័យខ្មែរក្រហម ប៉ុល ពត នោះថាជា «នរក ៩ជាន់» ដែលក្នុងន័យនេះ គឺមនុស្សខ្មែរបានស្លាប់បាត់ទៅហើយ ព្រោះថាទោះបីជាមានជីវិតរស់នៅក្នុងស្ថានភាពជាមនុស្សក្តី ប៉ុន្តែរស់ក្នុងសភាពជាសត្វនរក ដែលមានតែការកាប់សម្លាប់ ទារុណកម្ម ភាពអត់ឃ្លាន និងភាពភ័យខ្លាចគ្រប់ពេលវេលា។
ជាលទ្ធផល ជាតិខ្មែរដែលពិភពលោកធ្លាប់ទទួលស្គាល់ និងលើកតម្កើងថា ជាជាតិសាសន៍មួយមានវប្បធម៌ អរិយធម៌ថ្កុំថ្កើងរុងរឿង បានធ្លាក់ចុះឱនថយទៅជាសង្គមមួយនាយុគសម័យសូន្យ៕
No comments:
Post a Comment