លោកព្រុំ សុខា (ខាងឆ្វេង) និងលោក សុន ឆ័យ ប្រធានក្រុមការងារគណបក្សទាំងពីរ (រូបថត តាំង វីដា)
គណបក្សទាំងពីរ យល់ព្រម បង្កើតគណៈកម្មការចម្រុះ រៀបចំ ក្របខណ្ឌ កំណែទម្រង់ បោះឆ្នោត
ដោយ៖ តាំង វីដា / វីអូឌី | ថ្ងៃអង្គារ ទី18 ខែកុម្ភៈ ឆ្នាំ2014
ក្រុមការងារគណបក្សទាំងពីរ បានព្រមព្រៀងគ្នាបង្កើត គណៈកម្មការចម្រុះ ដោយមានសមាសភាពស្មើគ្នា ដើម្បីរៀបចំក្របខណ្ឌកំណែទម្រង់ការបោះឆ្នោត នាពេលខាងមុខ ស្របតាមខ្លឹមសារកិច្ចព្រមព្រាងនៃជំនួបកំពូលរវាងថ្នាក់ដឹកនាំគណបក្សទាំងពីរ កាលពីថ្ងៃទី១៦ខែកញ្ញា។
បន្ទាប់ពីជំនួបចរចារវាងគណបក្សទាំងពីរ អស់រយៈពីរម៉ោងកន្លះមក លោក សុន ឆ័យ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា គណបក្សទាំងពីរ បានមូលមាត់គ្នាជាឯកច្ឆន្ទ រៀបចំយន្តការកែទម្រង់ការបោះឆ្នោតទៅថ្ងៃខាងមុខ ដោយបង្កើតគណៈកម្មការចម្រុះ ដែលមានសមាសភាពស្មើគ្នា មកពីគណបក្សមានអសនៈក្នុងសភា។ លោកបន្តថា គណៈកម្មការចម្រុះនេះនឹងបំពេញការងាររបស់ខ្លួន តាមរយៈការប្រមូលមតិយោបល់ និងបទពិសោធន៍ពីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ព្រមទាំងប្រទេសដៃគូអភិវឌ្ឍន៍នានា ដើម្បីកែលម្អច្បាប់ និងកំណែទម្រង់ការបោះឆ្នោត នាពេលខាងមុខ។
ក្រុមការងារគណបក្សទាំងពីរ បានអះអាងដូចគ្នាថា ការជួបគ្នាលើកនេះ គឺជាជោគជ័យមួយ ដែលអាចនឹងឈានទៅដល់ការដោះស្រាយបញ្ហាជាប់គាំងនយោបាយដែលកើតមាន បន្ទាប់ពីការបោះឆ្នោត។ ក្រុមការងារគណបក្សទាំងពីរ នឹងរាយការណ៍ពីលទ្ធផលជំនួបនេះ ជូនដល់ថ្នាក់ដឹកនាំកំពូលនៃគណបក្សរៀងៗខ្លួន ហើយរំពឹងថា ថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរនេះ នឹងជួបចរចាគ្នាជាថ្មីទៀតក្នុងពេលឆាប់ៗនេះ។
ជាមួយគ្នានោះដែរ លោក សុន ឆ័យ បានជំរុញឲ្យមានការដោះលែងអ្នកទាំង ២១នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម ផងដែរ ដើម្បីបង្កបរិយាកាសល្អសម្រាប់ការដោះស្រាយបញ្ហានយោបាយដែលនៅសេសសល់ផងដែរ។ តែទោះយ៉ាងណា លោក ព្រុំ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ឆ្លើយតបថា នេះគឺជាសមត្ថកិច្ចរបស់តុលាការ ដូច្នេះទុកឲ្យតុលាការជាអ្នកសម្រេច៕
No comments:
Post a Comment