៩-កុម្ភៈ-២០១៤៖ ការដ្ឋានបូមខ្សាច់របស់ក្រុមហ៊ុនកាណាឌីយ៉ា នាសង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ពលរដ្ឋបង្ហាញផ្ទះបាក់ចូលទន្លេ ដោយសារការបូមខ្សាច់របស់ក្រុមហ៊ុនកាណាឌីយ៉ា នាសង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃ៩ កុម្ភៈ ឆ្នាំ២០១៤។ RFA/Van Vichar
ពលរដ្ឋ នៅសង្កាត់ជ្រោយចង្វារ បារម្ភ បាត់បង់ផ្ទះ ដោយសារ ការបូមខ្សាច់
ដោយ វណ្ណ វិចារ
ពលរដ្ឋឲ្យដឹងថា រយៈពេល ១អាទិត្យចុងក្រោយនេះ មានផ្ទះបាយរបស់អ្នកភូមិចំនួន ៣ខ្នងបានរងការខូចខាតធ្លាក់ចូលក្នុងទឹកទន្លេ ហើយដីមាត់ទន្លេដែលទ្រផ្ទះជាង ២០ខ្នងផ្សេងទៀត កំពុងមានស្នាមប្រេះ និងរង្គើជាបណ្តើរៗ។
ប្រជាពលរដ្ឋមួយចំនួនរស់នៅភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌឬស្សីកែវ ស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច បញ្ឈប់សកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុន កាណាឌីយ៉ា ជាបន្ទាន់ ដើម្បីសុវត្ថិភាពផ្ទះសំបែងរបស់អ្នកភូមិ។ ពលរដ្ឋបានដាក់សំណើនេះតាមរយៈមេភូមិ ហើយបញ្ជូនទៅកាន់សាលាសង្កាត់ បន្តទៅខណ្ឌ រហូតដល់សាលារាជធានីភ្នំពេញ។ ប៉ុន្តែសកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុននៅតែបន្តនៅឡើយ។
ឈរនៅខាងក្រោយផ្ទះ ដៃចង្អុលទៅកាន់ទីតាំងច្រាំងទន្លេដែលបាក់បណ្ដើរ ដកដង្ហើមធំបណ្ដើរ ស្ត្រីវ័យជាង ៥០ឆ្នាំ ឈ្មោះ សុផា បានឲ្យដឹងថា សព្វថ្ងៃសមាជិកគ្រួសារគាត់សម្រាន្តមិនលក់បក់មិនល្ហើយទេ ដោយសារតែបារម្ភខ្លាចផ្ទះសំបែងរបស់គាត់បាក់ចូលក្នុងទន្លេ។
នៅចម្ងាយប្រមាណជាង ២០ម៉ែត្រពីផ្ទះអ្នកស្រី សុផា ជាផ្ទះរបស់មេភូមិដើមគ ឈ្មោះ លោក អ៊ិន លួន។ ផ្ទះបាយរបស់លោក អ៊ិន លួន បានធ្លាក់ចូលទៅក្នុងទន្លេបាត់ហើយកាលពីថ្ងៃទី៦ ខែកុម្ភៈ។ មេភូមិរូបនេះបានឲ្យដឹងថា រូបគាត់បានបញ្ជូនក្តីកង្វល់របស់អ្នកភូមិទៅកាន់សង្កាត់ជ្រោយចង្វារ តាំងពីថ្ងៃទី៦ ខែកុម្ភៈ ប៉ុន្តែសង្កាត់ប្រាប់ថា ហួសសមត្ថភាពដោះស្រាយ ហើយក៏បញ្ជូនសំណើទាំងនេះទៅដល់សាលារាជធានីភ្នំពេញ រួចហើយដែរ ប៉ុន្តែមិនទាន់ឃើញចម្លើយតបទេ។
នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ យ៉ាងហោចណាស់ក៏មានសាឡង់បូមខ្សាច់ប្រមាណជាង ៣០គ្រឿងដែរ ដែលឈ្មួញបញ្ឈរបូមខ្សាច់ពីតាមទន្លេសាបត្រើយខាងកើត ក្នុងភូមិដើមគ។ អ្នកភូមិប្រាប់ថា សាឡង់បូមខ្សាច់ទាំងនោះ ខ្លះបូមដឹកយកចាក់បំពេញនៅកោះពេជ្រ និងខ្លះទៀតសម្រុកបូមចាក់បំពេញដីបឹងក្នុងភូមិដើមគ ដែលជារបស់គម្រោងក្រុងរណប អូ.ស៊ី.អាយ.ស៊ី (OCIC) របស់ក្រុមហ៊ុនកាណាឌីយ៉ា។
គម្រោងរបស់ក្រុមហ៊ុនកាណាឌីយ៉ា នេះ កំពុងមានទំនាស់ជាមួយនឹងប្រជាពលរដ្ឋរាប់រយគ្រួសារនៅសង្កាត់ជ្រោយចង្វារ ហើយមិនទាន់បានដោះស្រាយចប់សព្វគ្រប់នៅឡើយ។ ក្រុមហ៊ុននេះបានទទួលដីសម្បទានចំនួនជាង ៣០០ហិកតារ សម្រាប់ធ្វើក្រុងរណប។ ប្រភពខ្លះប្រាប់ថា ក្រុមហ៊ុននេះព្រមផ្ដល់សំណងជូនពលរដ្ឋក្នុងតម្លៃ ១ម៉ែត្រការ៉េខ្ពស់បំផុតចំនួន ៥ដុល្លារ ខណៈដីជាក់ស្ដែងក្នុង ១ម៉ែត្រការ៉េ មានតម្លៃតិចបំផុត ៣០០ដុល្លារ។
ក្រុមហ៊ុនកាណាឌីយ៉ាចាប់ ផ្ដើមបូមខ្សាច់នៅត្រើយខាងកើតទន្លេសាប រយៈពេលជាងកន្លះឆ្នាំមកហើយ។ នៅក្នុងដីដែលក្រុមហ៊ុនកំពុងវិនិយោគមានគំនរខ្សាច់គរខ្ពស់ក្នុងបឹងកន្លែងខ្លះកម្ពស់ក្បាលមនុស្សធំ កន្លែងខ្លះកម្ពស់ជាង ១ម៉ែត្រ ហើយកន្លែងខ្លះទៀតកម្ពស់ពាក់កណ្ដាលដើមត្នោតក៏មាន។ កម្មករបូមខ្សាច់ប្រាប់ថា ពួកគាត់បូមខ្សាច់ចាប់ពីម៉ោង ៥ព្រឹក រហូតដល់ម៉ោង ៨យប់។ នៅពេលដែលសួរថា ហេតុអ្វីបានជាពួកគាត់មិនបូមខ្សាច់នៅក្បែរខាងម្ល៉េះ មិនខ្លាចបាក់ច្រាំងទេអី? កម្មករបានតបថា នៅកណ្ដាលទន្លេតាមច្បាប់កំណត់នោះមិនមានខ្សាច់ឡើយ។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ប្រាប់ថា លោកមិនទាន់បានទទួលព័ត៌មានការបាក់ច្រាំងទន្លេនៅឡើយ។ ប៉ុន្តែអាជ្ញាធររាជធានីភ្នំពេញ នឹងចាត់វិធានការស្រាវជ្រាវជុំវិញបញ្ហានេះ។ លោកបញ្ជាក់ថា ក្រសួងពាក់ព័ន្ធធ្លាប់បានចេញសេចក្ដីសម្រេចឲ្យផ្អាកអាជីវកម្មបូមខ្សាច់ម្តងរួចហើយ ប៉ុន្តែបើមានការបូមខ្សាច់មែន គឺត្រូវតែមានច្បាប់អនុញ្ញាត។
សាលារាជធានីភ្នំពេញ កាលពីខែសីហា ឆ្នាំ២០១៣ បានចុះប្រមូលសាឡង់បូមខ្សាច់ជាង ៧០គ្រឿង ដើម្បីត្រួតពិនិត្យលិខិតធ្វើអាជីវកម្មបូមខ្សាច់ ហើយបានសម្រេចផ្អាកសកម្មភាពបូមខ្សាច់តាមដងទន្លេទាំងអស់។ ការប្រមូលសាឡង់បូមខ្សាច់នេះ ក៏អនុវត្តតាមបញ្ជារបស់លោក ហ៊ុន សែន ដែលបានប្រកាសបញ្ជាឲ្យផ្អាកបូមខ្សាច់នៅទូទាំងប្រទេស។ សកម្មភាពបូមខ្សាច់បានផ្អាកមួយរយៈ ហើយក៏បន្តបូមឡើងវិញជាធម្មតាដោយមិនគោរពបញ្ជានាយករដ្ឋមន្ត្រីឡើយ៕
No comments:
Post a Comment