សាលាដំបូងរាជធានីភ្នំពេញ (រូបថត៖ តាត ឧត្តម)
សាលាដំបូង នឹងសម្រេច លើបណ្តឹង យុវជនម្នាក់ ដែលប្តឹង លោក ហ៊ុន សែន កាត់ទឹកដី ឲ្យ វៀតណាម
ដោយ៖ តាំង វីដា / វីអូឌី | ថ្ងៃអង្គារ ទី25 ខែកុម្ភៈ ឆ្នាំ2014
យុវជនម្នាក់ មកពី សម្ព័ន្ធកូនខ្មែរ អ្នកស្នេហាជាតិ ឲ្យដឹងថា នៅម៉ោង៩ព្រឹក ថ្ងៃអង្គារនេះ សាលាដំបូង រាជធានីភ្នំពេញ នឹងឆ្លើយតប បណ្តឹង របស់ លោក ជុំវិញការប្តឹង លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹង បទល្មើសកាត់ទឹកដី កោះត្រល់ និងកោះក្រចកសេះ ឲ្យទៅវៀតណាម។
លោក នាង សុឃុន យុវជនម្នាក់មកពីសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ ប្រាប់VODថា លោក ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ណាត់ជួបនៅព្រឹកថ្ងៃអង្គារនេះពីលទ្ធផលនៃបណ្តឹងរបស់លោក ដែលបានដាក់ កាលពីថ្ងៃទី២ ខែកុម្ភៈ។ លោក មានជំនឿចិត្តវិជ្ជមានថា តុលាការនេះ នឹងពិចារណាឆ្លើយតប កោះហៅលោកចូលបំភ្លឺជុំវិញបណ្តឹងស្របតាមមូលដ្ឋានច្បាប់នេះ។ លោក ឲ្យដឹងទៀតថា បណ្តឹងប្តឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺផ្អែកលើឯកសារមួយចំនួនដូចជា មាត្រា២ មាត្រា៥៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា មាត្រា១ និង មាត្រា៤ នៃកិច្ចព្រមព្រៀងក្រុងប៉ារីស និងមាត្រា៤៤០ ក្រមព្រហ្មទណ្ឌកម្ពុជា។
លោក នាង សុឃុន អះអាងថា បើតុលាការច្រានចោលបណ្តឹងរបស់លោក ឥតចាត់ទុក ដោយគ្មានមូលដ្ឋានច្បាស់លាស់នោះ លោក នឹងថ្កោលទោសពីភាពមិនឯករាជ្យនៃស្ថាប័ននេះ តាមរយៈសារព័ត៌មាន ហើយលោក នឹងដឹកនាំក្រុមយុវជន ធ្វើសកម្មភាពទាមទារស្របផ្លូវច្បាប់ ដើម្បីដាក់សម្ពាធស្ថាប័នមួយនេះ។
មូលហេតុនៃបណ្តឹងនេះ លោក នាង សុឃុន ចោទថានាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាកាត់កោះត្រល់ឲ្យទៅវៀតណាមនៅឆ្នាំ១៩៨២ និងតាមរយៈសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។
ពាក់ព័ន្ធនឹងកោះត្រល់នេះ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលបំភ្លឺក្នុងរដ្ឋសភាថា ការបាត់បង់កោះត្រល់ គឺបាត់តាំងពីឆ្នាំ១៩៣៩មកម្ល៉េះ នៅពេលដែលកម្ពុជានៅក្រោមអាណានិគមបារាំង ហើយត្រូវបានលោក Previe(ប្រេវីយេ) ជនជាតិបារាំងជាអ្នកគ្រប់គ្រងនៅតំបន់ឥណ្ឌូចិន បានកាត់កោះនោះឲ្យវៀតណាម។ លោកនាយករដ្ឋមន្ត្រី ក៏បានបន្ថែមថា អតីតព្រះមហាក្សត្រ ដែលជាអ្នកដឹកនាំប្រទេសនៅពេលនោះក៏ទទួលស្គាល់ថា កោះត្រល់ត្រូវបានប្រគល់ឲ្យវៀតណាមដែរ ហើយលោកនាយករដ្ឋមន្ត្រីថា ប្រសិនបើនរណាចង់ដណ្តើមយកកោះត្រល់វិញទៅដណ្តើមខ្លួនឯងចុះ លោកមិនទៅចូលរួមទេ «បន្ទាប់មកនៅឆ្នាំ១៩៦៤ សម្តេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋនាពេលនោះ បានយកខ្សែប្រេវីយេឆ្នាំ១៩៣៩ ទៅតម្កល់នៅអង្គការសហប្រជាជាតិ ដោយស្នើសុំឲ្យអន្តរជាតិ និងប្រទេសសាម៉ី ទទួលស្គាល់ថាជាព្រំដែនសមុទ្ររវាងព្រំដែនកម្ពុជានិងវៀតណាម ចំណុចចុងក្រោយនេះ មានន័យថា កម្ពុជាឈប់ទាមទារយកកោះត្រល់មកវិញហើយ»។
កន្លងមក លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏ធ្លាប់រងនូវបណ្ដឹងរបស់លោកស្រី មួរ សុខហួរ និងលោក សួង សោភ័ណ្ឌ ផងដែរ ប៉ុន្តែតុលាការ មិនធ្លាប់មានចំណាត់លើរឿងនេះឡើយ៕
No comments:
Post a Comment