លោក សម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិបានប្រកាសថា មានមនុស្ស៩៨% នៃអ្នកចូលរួមប្រជាមតិរបស់ខ្លួន ចង់ឱ្យមានការបោះឆ្នោតឡើងវិញ។
នៅថ្ងៃទី១៦កុម្ភៈនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោកសម រង្ស៊ី មេដឹកនាំបក្សប្រឆាំង ដែលមានសំនួរទាំងភាសាខ្មែរ និងអង់គ្លេស ចោទសួរថា តើអ្នកចង់ឲ្យមានការបោះឆ្នោតឡើងវិញឬទេ? ឬក៏ជា Do you want a new election ?។ ការស្ទង់មតិបានបង្ហាញថា ក្នុងចំណោមមនុស្ស ៥ពាន់នាក់ គឺមាន៩៨% ចង់ឱ្យមានការបោះឆ្នោតឡើងវិញ ព្រោះមិនយុត្តិធម៌ មិនត្រឹមត្រូវទេ ហើយមានតែ ២%ភាគរយប៉ុណ្ណោះ ដែលមិនចង់បោះឆ្នោតឡើងវិញព្រោះយល់ថា មានភាពយុត្តិធម៌ហើយ។
ប៉ុន្តែ លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានអះអាងថា ការធ្វើប្រជាមតិរបស់ប្រធានគណបក្សប្រឆាំងតាមបណ្តាញសង្គមហ្វេសប៊ុកនេះ គឺមិនមានលក្ខណៈវិទ្យាសាស្ត្រ និងមានភាពជឿជាក់ដែលអាចតំណាងឱ្យបំណងពិតប្រាកដរបស់ពលរដ្ឋកម្ពុជាដែលជាម្ចាស់ឆ្នោត ទូទាំងបាននោះទេ។ មិនជឿជាក់ព្រោះថា អ្នកដែលចូលរួមធ្វើប្រជាមតិទាំងនោះគឺ សុទ្ធតែជាអ្នកមាននិន្នាការគាំទ្រលោក សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិ ហើយមិនមានសំណាកគំរូ រួមទាំងអ្នកចូលរួមដោយឥតព្រៀងទុក ពោលគឺអ្នកមាននិន្នាការអព្យាក្រឹត និងអ្នកដែលមានសមាណចិត្តគាំទ្របក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
ចំណែកឯមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប វិញ បានអះអាងថា ការធ្វើប្រជាមតិនេះ គឺជាសិទ្ធិ បុគ្គលផ្ទាល់ខ្លួនរបស់លោក សម រង្ស៊ីតែប៉ុណ្ណោះ ហើយថា កម្ពុជាមិនមានច្បាប់តម្រូវឱ្យធ្វើប្រជាមតិនោះទេ។
សូមរំលឹកថា ការប្រកាសលទ្ធផលប្រជាមតិស្តីពីការបោះឆ្នោតឡើងវិញនេះ គឺស្របទៅតាមរបៀបវារៈរបស់បក្សប្រឆាំងដែលដាក់សម្រាប់ជំនួប រវាងបក្សដែលកំពុងមានជម្លោះទាំងពីរនៅថ្ងៃទី១៨កុម្ភៈខាងមុខ។ សម្រាប់នាយកអង្គការតម្លាភាពកម្ពុជា ការបោះឆ្នោតនៅមុនអាណត្តិ គឺជាការស្តារភាពស្អាតស្អំរបស់បក្សកាន់អំណាច៕
No comments:
Post a Comment